Home > Laws, Taxation > សំណួរ-ចម្លើយ​ជុំវិញ​ការ​បង់ពន្ធ​លើ​អចលនទ្រព្យ

សំណួរ-ចម្លើយ​ជុំវិញ​ការ​បង់ពន្ធ​លើ​អចលនទ្រព្យ


ពន្ធលើអចលនទ្រព្យ ត្រូវបានរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមអនុវត្ត កាលពីឆ្នាំ២០១១កន្លងទៅ។ ពន្ធលើអចលនទ្រព្យត្រូវបានបង្កើតឡើង ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១០ (ច្បាប់ចុះថ្ងៃទី៩ ធ្នូ ២០០៩) ដើម្បីជាប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ (រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់)។ ខាងក្រោមនេះ គឺជាសំណួរ-ចម្លើយជុំវិញការគណនាប្រាក់ពន្ធអចលនទ្រព្យ។

សំណួរទី១-តើអចលនទ្រព្យប្រភេទណាខ្លះ ដែលត្រូវជាប់ពន្ធ?

ជាគោលការណ៍ ពន្ធលើអចលនទ្រព្យមានវិសាលភាព នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក៏ប៉ុន្តែ ជាជំហានដំបូង ច្បាប់កំណត់យកពន្ធតែទៅលើអចលនទ្រព្យដែលស្ថិតនៅក្នុងភូមិសាស្រ្តរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងក្រុង នៃខេត្តនានាតែប៉ុណ្ណោះ។ នេះមានន័យថា អចលនទ្រព្យ ដែលនៅតាមភូមិ ឃុំ ស្រុក ដែលនៅក្រៅក្រុង (ក្រៅទីរួមខេត្ត) មិនទាន់ត្រូវជាប់ពន្ធនៅឡើយទេ នៅពេលនេះ។

ម្យ៉ាងទៀត អចលនទ្រព្យ ដែលត្រូវជាប់ពន្ធ លុះត្រាតែអចលនទ្រព្យនោះមានតម្លៃលើសពី ១០០លានរៀល (២ម៉ឺន ៥ពាន់ដុល្លារអាមេរិក)។ អចលនទ្រព្យ គឺសំដៅលើ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសង់ភ្ជាប់នឹងដីនោះ (មាត្រា ១៣ ច្បាប់ស្តីពីហិរញ្ញវត្ថុ ឆ្នាំ២០១០)។

ក៏ប៉ុន្តែ មានប្រភេទអចលនទ្រព្យខ្លះ ដែលច្បាប់លើកលែងមិនឲ្យជាប់ពន្ធ (មាត្រា ១៤ ច្បាប់ហិរញ្ញវត្ថុ ២០១០) ដូចជា៖

  1. អចលនទ្រព្យ ដែលជាដីកសិកម្ម (ដូចជា ដីស្រែ ដីចម្ការ ដីកសិដ្ឋានចិញ្ចឹមសត្វ ឬដីស្រែអំបិល ជាដើម)
  2. អចលនទ្រព្យ ដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាល ឬរបស់ស្ថាប័នរដ្ឋាភិបាល
  3. អចលនទ្រព្យ ដែលជាកម្មសិទ្ធិរបស់
    • ស្ថានទូត ឬស្ថានកុងស៊ុលបរទេស
    • អង្គការអន្តរជាតិ ដែលទទួលស្គាល់ដោយរដ្ឋាភិបាល
  4. អចលនទ្រព្យ ដែលជាកម្មសិទ្ធិរបស់អង្គការសាសនា ឬអង្គការសប្បុរសធម៌ ហើយដែលត្រូវប្រើប្រាស់ក្នុងគោលដៅសាសនា ឬសប្បុរសធម៌សុទ្ធសាធ។ មិនត្រូវរាប់បញ្ចូលក្នុងករណីលើកលែងពន្ធនេះទេ (មានន័យថា ត្រូវជាប់ពន្ធអចលនទ្រព្យ)៖
    • អចលនទ្រព្យ ដែលជួល ឬផ្តល់ឲ្យជាបណ្តោះអាសន្ន ដើម្បីប្រើប្រាស់ក្នុងគោលដៅសាសនា ឬសប្បុរសធម៌។
    • អចលនទ្រព្យ ដែលជាកម្មសិទ្ធិរបស់អង្គការសាសនា ឬអង្គការសប្បុរសធម៌ ក៏ប៉ុន្តែ ជួល ឬផ្តល់ទៅឲ្យអ្នកផ្សេង ដើម្បីប្រើប្រាស់ក្រៅពីគោលដៅសាសនា និងសប្បុរសធម៌។

សំណួរទី២-តើអ្នកណាជាអ្នកត្រូវជាប់បន្ទុកបង់ពន្ធអចលនទ្រព្យ? តើត្រូវបង់នៅពេលណា? នៅកន្លែងណា?

អ្នកដែលជាប់បន្ទុកបង់ពន្ធ គឺរូបវន្តបុគ្គល ឬនីតិបុគ្គល ដែលជាម្ចាស់កម្មសិទ្ធិ ឬជាអ្នកដែលកាន់កាប់អចលនទ្រព្យ ឬអ្នកដែលទទួលប្រយោជន៍ចុងក្រោយនៃអចលនទ្រព្យ (អ្នកទទួលសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល សិទ្ធិចាត់ចែង និងសិទ្ធិអាស្រ័យនៅចុងក្រោយ)។

ពន្ធអចលនទ្រព្យនេះ ត្រូវបង់នៅតាមសាខាពន្ធដារខេត្ត ឬសាខាពន្ធដារខណ្ឌ (នៅរាជធានីភ្នំពេញ) ដែលអចលនទ្រព្យ ស្ថិតនៅ ឬបង់តាមប្រព័ន្ធធនាគារ។ ពន្ធនេះត្រូវបង់យ៉ាងយឺតបំផុត ត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធ។

អ្នកជាប់បន្ទុកបង់ពន្ធ ត្រូវដាក់លិខិតប្រកាសពន្ធ និងធ្វើការគណនាប្រាក់ពន្ធដោយខ្លួនឯង។

សំណួរទី៣-តើពន្ធលើអចលនទ្រព្យត្រូវគណនាយ៉ាងដូចម្តេច?

ពន្ធលើអចលនទ្រព្យ គឺជាពន្ធប្រចាំឆ្នាំ (មួយឆ្នាំបង់ម្តង)។ អត្រាពន្ធប្រចាំឆ្នាំ គឺ ០,១%។ យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ចុះថ្ងៃទី៥ ឧសភា ២០១១ ការគណនាប្រាក់ពន្ធលើអចលនទ្រព្យ ត្រូវធ្វើតាមរូបមន្តដូចខាងក្រោម៖

ប្រាក់ពន្ធ = (តម្លៃអចលនទ្រព្យសរុប x ៨០% – ១០០លានរៀល) x ០,១%

សំណួរទី៤-តើតម្លៃអចលនទ្រព្យត្រូវកំណត់ដូចម្តេច?

អនុគណៈកម្មការវាយតម្លៃអចលនទ្រព្យ គឺជាអ្នកកំណត់តម្លៃអចលនទ្រព្យ ដោយប្រៀបធៀបនឹងតម្លៃទីផ្សារ។

សម្រាប់ឆ្នាំ២០១១ តារាងតម្លៃអចលនទ្រព្យ ដែលកំណត់ដោយអនុគណៈកម្មការវាយតម្លៃអចលនទ្រព្យ មានភ្ជាប់ជាឧបសម្ព័ន្ធ នៅក្នុងប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ចុះថ្ងៃទី៥ ឧសភា ២០១១។ តារាងតម្លៃអចលនទ្រព្យនេះត្រូវគេផ្សព្វផ្សាយជាសាធារណៈ នៅតាមសាលាឃុំ-សង្កាត់ពាក់ព័ន្ធ នៅតាមសាខាពន្ធដារខេត្ត ឬសាខាពន្ធដារខណ្ឌ (នៅរាជធានីភ្នំពេញ) និងផ្សព្វផ្សាយនៅលើទំព័រវិបសៃត៍របស់អគ្គនាយកដ្ឋានពន្ធដារ (www.tax.gov.kh)។

តម្លៃអចលនទ្រព្យ ត្រូវគិតជាតម្លៃក្នុងមួយម៉ែត្រការ៉េ ហើយអាចខុសគ្នា ទៅតាមប្រភេទ និងទីតាំងរបស់អចលនទ្រព្យ (នៅក្រុង នៅខេត្ត នៅជិតផ្សារ នៅឆ្ងាយពីទីប្រជុំជន ជាផ្ទះជាន់ផ្ទាល់ដី ជាន់ទី១ ទី៣ ទី៤ ។ល។

ឧទាហរណ៍អំពីការគណនាប្រាក់ពន្ធលើអចលនទ្រព្យ៖ ខ្ញុំមានផ្ទះល្វែង ២ជាន់ ទទឹង ៤ម៉ែត្រ បណ្តោយ ២៥ម៉ែត្រ (ទំហំ ១០០ម៉ែត្រការ៉េ) សង់នៅលើដី ដែលមានទំហំប៉ុនផ្ទះ (ដើម្បីឲ្យងាយយល់)។ ដី និងផ្ទះល្វែងនេះ ស្ថិតនៅមុខផ្សារក្រចេះ ហើយផ្ទះនេះ ជាផ្ទះចាស់ លើសពី ១០ឆ្នាំ។ តើខ្ញុំត្រូវបង់ពន្ធប៉ុន្មាន?

យោងតាមតារាងតម្លៃអចលនទ្រព្យ ឆ្នាំ២០១១ កំណត់ដោយអនុគណៈកម្មការវាយតម្លៃអចលនទ្រព្យ៖

  • ដី នៅជុំវិញផ្សារក្រចេះ = ២៥០ដុល្លារ ក្នុង ១ម៉ែត្រការ៉េ
  • ផ្ទះល្វែងជាន់ផ្ទាល់ដី = ១៧០ដុល្លារ ក្នុង ១ម៉ែត្រការ៉េ
  • ផ្ទះជាន់ទី១ = ១១០ដុល្លារ ក្នុង ១ម៉ែត្រការ៉េ

តម្លៃអចលនទ្រព្យរបស់ខ្ញុំ គឺមាន៖

  • ដី ១០០ម៉ែត្រការ៉េ x ២៥០ដុល្លារ                       =២៥ ០០០ដុល្លារ
  • ផ្ទះជាន់ផ្ទាល់ដី ១០០ម៉ែត្រការ៉េ x ១៧០ដុល្លារ  = ១៧ ០០០ដុល្លារ
  • ផ្ទះជាន់ទី១ ១០០ម៉ែត្រការ៉េ x ១១០ដុល្លារ         = ១១ ០០០ដុល្លារ

—————————————————
តម្លៃសរុប                                                                    = ៥៣ ០០០ដុល្លារ ឬ ២១២លានរៀល
(គិតតាមអត្រាប្តូរប្រាក់ ១ដុល្លារ ៤០០០រៀល ដែលកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ឆ្នាំ២០១១)

ពន្ធដែលត្រូវបង់៖

(២១២លានរៀល x ៨០% – ១០០លានរៀល) x ០,១% = ៦៩ ៦០០រៀល (១៧,៤ដុល្លារ)

សំណួរទី៥-អ្នកដែលមានអចលនទ្រព្យច្រើន តើត្រូវគណនាពន្ធសរុបរួមគ្នា ឬត្រូវធ្វើដាច់ដោយឡែកពីគ្នា?

អ្នកដែលមានអចលនទ្រព្យជាដី ហើយមានផ្ទះ អគារ ឬសំណង់ សង់នៅលើដីនេះ គឺគេរាប់ជាអចលនទ្រព្យតែមួយ ហើយត្រូវយកតម្លៃសរុប ទាំងដី ទាំងសំណង់ ដើម្បីយកទៅគណនាប្រាក់ពន្ធ។

អ្នកដែលមានអចលនទ្រព្យច្រើនដាច់ពីគ្នា គឺត្រូវធ្វើលិខិតប្រកាសពន្ធ គណនាប្រាក់ពន្ធ និងបង់ពន្ធ ទៅលើអចលនទ្រព្យ នីមួយៗដាច់ពីដោយឡែកពីគ្នា (ប្រការ ១០ នៃប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ចុះថ្ងៃទី១៩ កក្កដា ឆ្នាំ២០១០)។

សំណួរទី៦-នៅពេលទៅចុះបញ្ជីពន្ធអចលនទ្រព្យ ម្ចាស់ទ្រព្យត្រូវភ្ជាប់ជាមួយឯកសារអ្វីខ្លះ?

ឯកសារភ្ជាប់ នៅពេលចុះបញ្ជីពន្ធលើអចលនទ្រព្យ៖

  • អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬក៏លិខិតឆ្លងដែន (សម្រាប់ជនបរទេស)
  • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ
  • បណ្ណសម្គាល់សិទ្ធិ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចេញដោយរដ្ឋបាលសុរិយោដី ឬក៏ឯកសារផ្សេងទៀត ពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យ ដែលបញ្ជាក់ដោយអាជ្ញាធរឃុំ-សង្កាត់ឡើងទៅ។

source: http://www.khmer.rfi.fr/Q-and-A-on-property-tax-in-cambodia

Categories: Laws, Taxation Tags:
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: