Home > Laws > ការ​ការពារ​ផលប្រយោជន៍​និយោជិត​ក្នុង​ករណី​ក្រុមហ៊ុន​ក្ស័យធន

ការ​ការពារ​ផលប្រយោជន៍​និយោជិត​ក្នុង​ករណី​ក្រុមហ៊ុន​ក្ស័យធន


នៅក្នុងនាទីយល់ដឹងអំពីច្បាប់របស់យើងនៅថ្ងៃនេះ សេង ឌីណា នឹងពន្យល់អំពីអាទិភាពនៃផលប្រយោជន៍របស់បុគ្គលិក និងនិយោជិត ក្នុងករណីក្រុមហ៊ុនត្រូវក្ស័យធន។ នៅក្នុងករណីក្រុមហ៊ុនជួបនឹងបញ្ហាហិរញ្ញវត្ថុ ដែលអាចនាំទៅរកការក្ស័យធន បញ្ហាដែលចោទឡើងចំពោះនិយោជិតរបស់ក្រុមហ៊ុន គឺការបាត់បង់ការងារ និងប្រាក់បៀវត្សរ៍ ដែលក្រុមហ៊ុនជំពាក់។ តើក្នុងច្បាប់ខ្មែរ និយោជិតទទួលបាននូវការការពារដូចម្តេចខ្លះ?

តើក្នុងស្ថានភាពបែបណា ដែលក្រុមហ៊ុនត្រូវចូលក្នុងដំណាក់កាលក្ស័យធន?

យោងតាមមាត្រា ៤ នៃច្បាប់ ស្តីពីក្ស័យធន (ឆ្នាំ២០០៧) “ក្ស័យធន សំដៅដល់ស្ថានភាពរបស់ពាណិជ្ជករ ឬនីតិបុគ្គលមិនអាចទូទាត់សងបំណុលបាន ហើយត្រូវប្រកាសបញ្ជាក់ដោយតុលាការ”។

ដូច្នេះ នៅពេលដែលក្រុមហ៊ុនមួយ ជួបនឹងបញ្ហាហិរញ្ញវត្ថុ លែងមានលទ្ធភាពទូទាត់សងបំណុល ដែលជំពាក់គេ ក្រុមហ៊ុននេះស្ថិតក្នុងស្ថានភាពក្ស័យធន។ ក៏ប៉ុន្តែ ក្រុមហ៊ុនមិនអាចធ្វើការប្រកាសក្ស័យធន និងបិទទ្វារក្រុមហ៊ុនដោយខ្លួនឯងបានទេ។ មានតែតុលាការប៉ុណ្ណោះ ដែលមានសមត្ថកិច្ចក្នុងការប្រកាសក្ស័យធន ជម្រះបញ្ជី និងរំលាយក្រុមហ៊ុននេះចោលបាន។

ការកំណត់ក្នុងច្បាប់បែបនេះ គឺដើម្បីធានានូវការទូទាត់សងបំណុលឲ្យបានតាមលំដាប់លំដោយ និងត្រឹមត្រូវ ទៅតាមសិទ្ធិរបស់ម្ចាស់បំណុល និងដើម្បីចៀសវាងការប្រកាសក្ស័យធនក្នុងចេតនាទុច្ចរិត ដែលអាចបង្កឲ្យមានការខូតខាតផលប្រយោជន៍របស់បុគ្គលិក និងនិយោជិតក្រុមហ៊ុន។

តើអ្នកណាខ្លះ ដែលអាចដាក់ពាក្យបណ្តឹងសុំឲ្យតុលាការបើកសំណុំរឿងក្ស័យធនបាន?

តាមមាត្រា ៨ នៃច្បាប់ស្តីពីក្ស័យធន អ្នកដែលអាចប្តឹងសុំបើកសំណុំរឿងក្ស័យធនបាន គឺអាចជា៖ ម្ចាស់បំណុលរបស់ក្រុមហ៊ុន ក្រុមហ៊ុនជាកូនបំណុល (ក្រុមហ៊ុនដែលត្រូវក្ស័យធន) ឬតំណាងអយ្យការ។

គួរបញ្ជាក់ថា សំណុំរឿងក្ស័យធននេះអាចធ្វើឡើងទាំងចំពោះក្រុមហ៊ុន ចំពោះនីតិបុគ្គលផ្សេងទៀត និងចំពោះពាណិជ្ជករជារូបវន្តបុគ្គល។

តើការបើកសំណុំរឿងក្ស័យធន នៅតុលាការ មានដំណើរការយ៉ាងដូចម្តេចខ្លះ?

ជាជំហានដំបូងបំផុត ក្រោយពីទទួលបានបណ្តឹង តុលាការត្រូវបើកសវនាការ ដើម្បីពិនិត្យមើលថា តើបណ្តឹងនេះមានមូលដ្ឋានត្រឹមត្រូវដែរឬទេ?

បើពិនិត្យមើលទៅឃើញថា បណ្តឹងនេះមិនមានមូលហេតុសមស្រប ឬធ្វើឡើងក្នុងចេតនាទុច្ចរិត គឺត្រូវសម្រេចបដិសេធបណ្តឹងនេះចោល។ ក្នុងករណីនេះ ក្រុមហ៊ុនមិនអាចប្រកាសក្ស័យធនបានទេ។

បើសិនជាមើលទៅឃើញថា បណ្តឹងមានមូលដ្ឋានត្រឹមត្រូវ ទើបតុលាការអាចចេញសេចក្តីសម្រេចបើកសំណុំរឿងក្ស័យធន តាមការស្នើសុំ។ ក្នុងករណីនេះ តុលាការត្រូវតែងតាំងអភិបាលបណ្តោះអាសន្នម្នាក់ឲ្យគ្រប់គ្រងក្រុមហ៊ុនជាបណ្តោះអាសន្ន ដើម្បីបន្តអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងពេលតុលាការកំពុងចាត់ការសំណុំរឿង និងដើម្បីចាត់វិធានការចាំបាច់នានា ក្នុងការការពារផលប្រយោជន៍ម្ចាស់បំណុល។

គួរបញ្ជាក់ថា នៅពេលដែលតុលាការសម្រេចបើកសំណុំរឿងក្ស័យធន មិនមែនមានន័យថា តុលាការប្រាកដជាប្រកាសជម្រះបញ្ជី រំលាយក្រុមហ៊ុនចោលនោះទេ។ ជាទូទៅ អាទិភាពចម្បងរបស់តុលាការ គឺស្វែងរកដំណោះស្រាយចាំបាច់ ដើម្បីឲ្យក្រុមហ៊ុននេះអាចបន្តអាជីវកម្មតទៅមុខទៀតបាន ដើម្បីការពារផលប្រយោជន៍របស់និយោជិត។

ដូច្នេះ ក្រោយពីសម្រេចបើកសំណុំរឿងក្ស័យធន ជាជំហានបន្ទាប់ តុលាការត្រូវព្យាយាមរកការសម្របសម្រួលរវាងម្ចាស់បំណុល និងក្រុមហ៊ុន ដែលជាកូនបំណុល។ បើសិនជាពិនិត្យមើលទៅឃើញថា អាជីវកម្មរបស់ក្រុមហ៊ុននៅមានដំណើរការល្អ អាចរកផលចំណេញបាន ម្ចាស់បំណុល និងក្រុមហ៊ុនជាកូនបំណុលអាចចរចា រកវិធីសម្រុះសម្រួលគ្នា ដូចជា ៖

  • ពន្យារពេលសងបំណុល
  • ឬក៏កាត់បន្ថយបំណុលមួយផ្នែក
  • ឬយកបំណុលទាំងអស់ ឬមួយផ្នែកទៅប្តូរយកភាគហ៊ុនក្នុងក្រុមហ៊ុន
  • ឬក៏យកបំណុលទៅប្តូរនឹងទ្រព្យរបស់ក្រុមហ៊ុន ប៉ុន្តែ ទុកទ្រព្យនោះឲ្យក្រុមហ៊ុនប្រើប្រាស់ ដើម្បីបន្តអាជីវកម្ម ។ល។

លុះត្រាតែមិនមានជម្រើសអ្វីផ្សេង ទើបតុលាការសម្រេចជម្រះបញ្ជី លក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ដើម្បីយកលុយទៅសងម្ចាស់បំណុល។
 
ក្នុងការជម្រះបញ្ជីនេះ តើការទូទាត់ជម្រះបំណុលត្រូវធ្វើឡើងតាមលំដាប់លំដោយបែបណា? តើម្ចាស់បំណុលប្រភេទណា ដែលមានសិទ្ធិទទួលសំណងមុនគេ?

យោងតាមមាត្រា ៥៧ នៃច្បាប់ស្តីពីក្ស័យធន លុយដែលទទួលបានពីការជម្រះបញ្ជីទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ត្រូវយកទៅទូទាត់បំណុល តាមលំដាប់លំដោយ នៃឋានានុក្រមម្ចាស់បំណុល ដែលមាន ៤ថ្នាក់៖

អាទិភាពទី១ គឺត្រូវយកទៅទូទាត់ប្រាក់បៀវត្សបុគ្គលិក, ប្រាក់បំណាច់របស់អភិបាលបណ្ដោះអាសន្ន ប្រាក់ចំណាយទៅលើដំណើរការតុលាការ និងសេវារដ្ឋបាល ដែលទាក់ទងនឹងសំណុំរឿងក្ស័យធន។

អាទិភាពទី២ គឺត្រូវយកទៅទូទាត់បំណុលដែលមានកិច្ចធានា (បំណុលដែលមានដាក់ទ្រព្យធានា)។

អាទិភាពទី៣ គឺត្រូវទូទាត់ពន្ធដារដែលត្រូវបង់ឲ្យរដ្ឋ

អាទិភាពទី៤ គឺត្រូវទូទាត់បំណុលផ្សេងៗទៀត ដែលមិនមានកិច្ចធានា។

ដោយមើលទៅលើឋានានុក្រមនេះ បុគ្គលិក និងនិយោជិតរបស់ក្រុមហ៊ុនទទួលបាននូវការការពារខ្ពស់បំផុតពីច្បាប់ស្តីពីក្ស័យធន ដោយមានអាទិភាពទទួលបាននូវការការទូទាត់ប្រាក់បៀវត្សរ៍ មុនការទូទាត់បំណុលផ្សេងទៀត រួមទាំង ការទូទាត់បំណុលដែលមានទ្រព្យធានា។

ប្រសិនបើលុយដែលបានពីការលក់ទ្រព្យរបស់ក្រុមហ៊ុន មិនគ្រប់សងបំណុលអស់ទៀត តើម្ចាស់ភាគហ៊ុនមានកាតព្វកិច្ចត្រូវលក់ទ្រព្យផ្ទាល់ខ្លួន ដើម្បីសងបំណុលដែរឬទេ?

បើសិនជាក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ទ្រព្យក្រុមហ៊ុន និងទ្រព្យផ្ទាល់ខ្លួនរបស់ម្ចាស់ភាគហ៊ុន គឺត្រូវបែងចែកដាក់ពីគ្នាស្រឡះ។ ការទទួលខុសត្រូវលើបំណុល គឺត្រូវកម្រិតត្រឹមតែទ្រព្យរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ មិនអាចពាក់ព័ន្ធទៅដល់ទ្រព្យផ្ទាល់ខ្លួនរបស់ម្ចាស់ភាគហ៊ុនទេ លើកលែងតែក្នុងករណីដែលម្ចាស់ភាគហ៊ុនជាអ្នកគ្រប់គ្រងកិច្ចការក្រុមហ៊ុន ហើយចាត់ចែងលុយកាក់ក្រុមហ៊ុនមិនត្រឹមត្រូវ ឬបានផ្តល់ព័ត៌មានមិនពិត ឬប្រព្រឹត្តកំហុសណាមួយ ដែលជាដើមចមនាំទៅរកការក្ស័យធនរបស់ក្រុមហ៊ុន។

ដូច្នេះ ក្នុងករណីក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត មិនមានទ្រព្យគ្រប់គ្រាន់ក្នុងការសងបំណុល ម្ចាស់បំណុលមួយចំនួន ដែលមានអាទិភាពក្រោយគេអាចនឹងត្រូវខាតបង់បំណុលទាំងស្រុង ឬមួយផ្នែក៕

Source: http://www.khmer.rfi.fr/protection-of-employees-in-case-of-bankruptcy

Advertisements
Categories: Laws Tags: ,
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: