Home > Laws > តើ​ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​ត្រូវ​ជ្រើសរើស​ ដោយ​របៀបណា?

តើ​ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​ត្រូវ​ជ្រើសរើស​ ដោយ​របៀបណា?


ដោយសារ​តែ​​តុលាការ​យុត្តិធម៌​អន្តរជាតិ​កំពុង​តែ​ជំនុំជម្រះ​សំណុំរឿង​កម្ពុជា-ថៃ នៅ​ក្នុង​នាទីយល់ដឹង​អំពី​ច្បាប់​នៅថ្ងៃ​នេះ សេង ឌីណា នឹង​ពន្យល់​អំពី​​​សមាសភាព​ចៅក្រម និង​នីតិវិធី​នៃ​ការ​សម្រេច​សេចក្តី នៅ​ក្នុង​តុលាការ​អន្តរជាតិ។

តើ​ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ មាន​ប៉ុន្មាន​រូប ហើយ​ជ្រើសរើស​ដោយ​របៀបណា?

ចៅក្រម​មាន​ទាំងអស់ ១៥​រូប ជ្រើសរើស​តាមរយៈការ​បោះឆ្នោត នៅ​អ.ស.ប.។ ការបោះឆ្នោត​ជ្រើសរើស​​ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​ត្រូវ​ធ្វើ​ឡើង ដោយ​​ក្រុមប្រឹក្សា​សន្តិសុខ​ផង និងដោយ​មហាសន្និបាត​អ.ស.ប.​ផង (បោះឆ្នោត​ដាច់ដោយឡែក​ពីគ្នា ប៉ុន្តែ ធ្វើ​នៅ​ក្នុង​ពេល​ជាមួយ​គ្នា)។ ដើម្បី​បាន​ជាប់ឆ្នោត​ បេក្ខជន​ត្រូវ​ការ​សំឡេង​​ភាគច្រើន​ដាច់ខាត (៥០% បូក ១)​ ទាំង​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ និង​នៅ​ក្នុង​មហាសន្និបាត។ មានន័យថា បេក្ខជន​ត្រូវ​ទទួលបាន​សំឡេង​គាំទ្រ យ៉ាងតិច ៨សំឡេង នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​ និង​ ៩៧​ សំឡេង នៅ​ក្នុង​មហាសន្និបាត។

ចៅក្រម​នីមួយៗ​មាន​អាណត្តិ ៩​ឆ្នាំ ហើយ​អាច​ឈរឈ្មោះ​ជាថ្មី​ទៀត​បាន ក្រោយ​ពី​ចប់​អាណត្តិ។

ដើម្បី​រក្សា​និរន្តរភាព​នៃ​តុលាការ ចៅក្រម​ទាំង ១៥​រូប​មិន​ចប់​អាណត្តិ ក្នុង​ពេល​តែមួយទេ។ រៀងរាល់ ៣ឆ្នាំ​ម្តង ចៅក្រម ១ភាគ ៣ (មានន័យថា ៥រូប) ត្រូវ​ផុត​អាណត្តិ​ ហើយ​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ចៅក្រម​ថ្មី​មក​ជំនួស។

ក្រោយ​ពី​ជាប់ឆ្នោត ចៅក្រម​ទាំង ១៥​រូប ត្រូវ​បោះឆ្នោត​ជ្រើសរើស ប្រធាន​មួយរូប និង​អនុប្រធាន​មួយរូប ពីក្នុង​ចំណោម​សមាជិក​ទាំង ១៥។ ប្រធាន និង​អនុប្រធាន​តុលាការ​យុត្តិធម៌​អន្តរជាតិ​មាន​អាណត្តិ ៣ឆ្នាំ។
 
តើចៅក្រម​​តុលាការ​យុត្តិធម៌​អន្តរជាតិ​​​បំពេញ​មុខងារ​ ក្នុង​ឋានៈ​​ជា​តំណាង​ឲ្យ​ប្រទេសមួយ​ ឬ​​ជា​ចៅក្រម​ឯករាជ?
 
ជាគោលការណ៍ ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ គឺ​ជា​ចៅក្រម​ឯករាជ។ ចៅក្រម​​មិន​តំណាង​រដ្ឋាភិបាល និង​មិន​ទទួល​បញ្ជា​ពី​រដ្ឋាភិបាល ដូចជា ឯកអគ្គរដ្ឋទូត​ប្រចាំ​អ.ស.ប.​ទេ ហើយ​រដ្ឋាភិបាល​ក៏​មិនមានសិទ្ធិ​ដកតំណែង​ចៅក្រម​បានដែរ។ ការដកតំណែង​ចៅក្រម​​អាច​ធ្វើ​ទៅបាន គឺ​ទាល់តែ​មាន​ការ​បោះឆ្នោត​ជា​ឯកច្ឆន្ទ នៅ​ក្នុង​តុលាការ​យុត្តិធម៌​អន្តរជាតិ​ខ្លួនឯង​ផ្ទាល់។ នេះ​គឺដើម្បី​ធានា​ឯករាជ្យ​ពី​រដ្ឋាភិបាល។

ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ចៅក្រម​ត្រូវ​តែ​ជា​ជនជាតិ ឬ​មាន​សញ្ជាតិ​របស់​​ប្រទេស​ណាមួយ។​ ជាទូទៅ ជនជាតិ​មួយ តិច​ឬ​ច្រើន តែងតែ​មាន​ទំនោរ​ទៅ​រក​ប្រទេស​ខ្លួន​ឯង។ ហេតុដូច្នេះ​ហើយ​ទើប​​​លក្ខន្តិកៈ​របស់​តុលាការ​​​កំណត់​​​មិន​ឲ្យ​មាន​ចៅក្រម​​ពីរ​រូប ដែល​មាន​សញ្ជាតិ​ដូចគ្នា​ ក្នុង​ពេល​តែមួយ​ទេ។

នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង​ ដើម្បី​ធានា​ឲ្យ​មាន​សមធម៌ គេ​ធ្វើការ​បែងចែក​ចៅក្រម​ទាំង ១៥​រូប ទៅតាម​តំបន់៖ អាស៊ី ៣រូប, អាហ្វ្រិក​ ៣រូប, អាមេរិក​ឡាទីន ២រូប, អឺរ៉ុប​ខាងកើត ២រូប, ​អឺរ៉ុប​ខាង​លិច និង​តំបន់​ផ្សេងៗ​ទៀត មាន ៥រូប។ ជាទូទៅ គេ​សង្កេត​ឃើញ​ថា គ្រប់ពេល​ទាំងអស់ គឺ​តែងតែ​មាន​ចៅក្រម​ ដែល​មក​ពី​​ប្រទេស​ជា​សមាជិក​អចិន្រ្តៃយ៍​ ក្រុមប្រឹក្សា​សន្តិសុខ (អាមេរិក អង់គ្លេស បារាំង រុស្ស៊ី និង​ចិន)។
 
តើ​ការ​សម្រេច​សេចក្តី​ត្រូវ​ធ្វើឡើង​ដោយ​របៀបណា?
 
ការសម្រេច​សេចក្តី ត្រូវ​ធ្វើ​ឡើង​ តាមរយៈ​ការ​បោះឆ្នោត ដោយ​យក​តាម​សំឡេង​ភាគច្រើន​ធម្មតា មានន័យថា ឲ្យ​តែ​ខាងណា​មាន​សំឡេង​ច្រើន​ជាង (ច្រើន​ជាងតែ​មួយ​សំឡេង​ក៏ដោយ) គឺ​ខាង​នោះ​ជា​អ្នក​ឈ្នះ។

ក្នុង​ករណី​មាន​សំឡេង​ស្មើ​គ្នា សំឡេង​របស់​ប្រធាន​អង្គជំនុំជម្រះ​​មាន​ឧត្តមានុភាព មានន័យថា ប្រធាន​​ឈរខាងណា ខាងនោះ​ឈ្នះ។

សំណួរ​សួរ​ថា ធ្វើម៉េច​អាច​មាន​ករណី​សំឡេង​ស្មើ​គ្នា​កើត បើ​ចៅក្រម​មាន ១៥​រូប គឺ​ជា​ចំនួនសេស?

នៅ​ក្នុង​ការ​ជំនុំជម្រះ​លើ​សំណុំរឿង​ណាមួយ មិនចាំបាច់​ទាល់តែមាន​​ចៅក្រម​គ្រប់​ទាំង ១៥​រូប ទើប​តុលាការ​អាច​ដំណើរការ​ទៅបានទេ។ ឲ្យ​តែ​មាន​ចៅក្រម​ ៩រូប​ឡើងទៅ  អង្គជំនុំជម្រះ​អាច​ដំណើរ​ការ​ទៅបាន​ហើយ​។ សំឡេង​ភាគច្រើន គឺ​ត្រូវ​គិត​ទៅតាម​ចំនួន​ចៅក្រម ដែល​មាន​វត្តមាន​​ក្នុង​ពេល​សម្រេច​សេចក្តី (មិនមែន​គិត​ទៅតាម​​ចំនួន​ចៅក្រម​សរុប​ទាំង ១៥​រូបទេ)។
 
នៅ​ក្នុងសវនាការ​​សំណុំរឿង​ព្រះវិហារ​កាល​ពីថ្ងៃ​ទី៣០ និង​៣១ ឧសភា ២០១១​កន្លងទៅនេះ​ តើ​មាន​​ចៅក្រម​​ប៉ុន្មាន​រូប ហើយ​មក​ពីប្រទេសណាខ្លះ?
 
សមាសភាព​ចៅក្រម​ទាំង ១៥​រូប នៃ​​​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មាន៖

  • ប្រធាន ១រូប ជា​ជនជាតិ​ជប៉ុន
  • អនុប្រធាន ១រូប​ ជាជនជាតិ​ស្លូវ៉ាគី
  • សមាជិក ១៣រូប៖ អាមេរិក, បារាំង, អង់គ្លេស, រុស្ស៊ី, ចិន, អាល្លឺម៉ង់, នូវែលសេឡង់, ហ្សកដានី, ប្រេស៊ីល, ម៉ិកស៊ិក, ម៉ារ៉ុក, សូម៉ាលី និង​សៀរ៉ាឡេអូន។

ប៉ុន្តែ នៅ​ក្នុង​ការជំនុំជម្រះ​សំណុំរឿង​កម្ពុជា-ថៃកន្លងទៅ​​នេះ ចៅក្រម​ម្នាក់​ ​ជនជាតិ​ម៉ិកស៊ិក​​​មាន​បាន​ចូលរួម​ក្នុង​អង្គជំនុំជម្រះ​ទេ។ បន្ថែម​ពីលើ​ចៅក្រម​​ដែល​ជា​សមាជិក​តុលាការ មាន​ចៅក្រម​​ ២រូប​ទៀត ដែល​កម្ពុជា និង​ថៃ​ជា​ជ្រើសរើស​ដោយ​ខ្លួន​ឯង។

គួរ​បញ្ជាក់​ថា លក្ខន្តិកៈ​តុលាការ​​អន្តរជាតិ​ចែងថា ប្រសិន​បើ​​​ក្នុង​សំណុំរឿងមួយ ប្រទេស​ជា​គូភាគី​ជម្លោះ​មិនមាន​ជនជាតិ​ខ្លួន​ធ្វើ​ជា​ចៅក្រម​ទេ ប្រទេស​នោះ​អាច​ជ្រើសរើស​ចៅក្រម​ណាមួយ​​ចេញ​ពី​បញ្ជី​បេក្ខជន​ចៅក្រម​​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឲ្យ​ចូល​រួម​​​ជា​ចៅក្រម​ក្នុង​អង្គជំនុំជម្រះ​ក្នុង​សំណុំរឿង​នោះ​បាន។

ក្នុង​សំណុំរឿង​ព្រះវិហារ​នេះ ដោយសារតែ​ក្នុង​ចំណោម​ចៅក្រម​ទាំង ១៥​រូប មិនមាន​ជនជាតិ​ខ្មែរ ហើយ​ក៏​គ្មាន​ជនជាតិ​ថៃ កម្ពុជា​បាន​ជ្រើសរើស​ចៅក្រម​ជនជាតិ​បារាំង​ម្នាក់ ហើយ​ថៃ​បាន​ជ្រើសរើស​ចៅក្រម​ម្នាក់​ទៀត ដែល​ជា​ជនជាតិ​បារាំង​ដែរ។ ដូច្នេះ សរុបទៅ ក្នុង​សវនាការ​សំណុំរឿង​ព្រះវិហារ​កាលពីថ្ងៃ​៣០ និង​៣១ ឧសភា ២០១១ កន្លងទៅនេះ​ មាន​ចៅក្រម​ទាំងអស់ ១៦រូប ក្នុងនោះ ចៅក្រម​ជនជាតិ​បារាំង​បាន​ដល់​ទៅ ៣រូប។

ដូច្នេះ មានន័យថា ដើម្បី​ចេញសេចក្តី​សម្រេច​ ស្តីពី​វិធានការ​បន្ទាន់ នៅពេល​ឆាប់ៗ​ខាងមុខ​នេះ ត្រូវមាន​ចៅក្រម​យ៉ាងតិច ៩រូប គាំទ្រ។​ ឬ​ក៏​មាន​ត្រឹមតែ​ ៨រូប ក៏ប៉ុន្តែ ក្នុង​ចំណោម​ ៨រូប​នោះ មាន​ប្រធាន​អង្គជំនុំជម្រះ​មួយរូប ព្រោះ ៨សំឡេង​ស្មើគ្នា សំឡេង​ប្រធាន​មាន​ឧត្តមានុភាព។
 
តើ​សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​​មាន​អំណាច​ប៉ុណ្ណា?
 
យោងតាម​ធម្មនុញ្ញ​អ.ស.ប. សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​មាន​អំណាច​តាមផ្លូវច្បាប់ ដែល​​ភាគី​ជម្លោះ​ត្រូវ​តែ​អនុវត្ត​តាម ទោះជា​សេចក្តីសម្រេច​លើ​សំណុំរឿង​ដើម ឬជា​សេចក្តីសម្រេច​ស្តីពី​ការបកស្រាយ​សាលក្រម ឬ​ក៏​ជា​ដីកា​ការពារ ក្នុង​ករណី​បណ្តឹង​សុំចាត់វិធានការ​បន្ទាន់។

ចុះ​បើ​ភាគី​មួយ​មិនគោរពតាម​សេចក្តីសម្រេច​តុលាការ​អន្តរជាតិ តើ​​មាន​អ្វី​កើតឡើង?

តុលាការ​យុត្តិធម៌​អន្តរជាតិ​មិនមាន​​ស្ថាប័ន​ប៉ូលិស ដែល​អាច​​ទៅ​ចាប់បង្ខំ​ឲ្យ​ភាគី​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ទេ។ ស្ថាប័ន​ដែល​មាន​សមត្ថកិច្ច​ក្នុង​រឿង​អនុវត្ត​សាលក្រម​តុលាការ​ក្រុងឡាអេ គឺ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.។ យោងតាម​ធម្មនុញ្ញ​អ.ស.ប.​ នៅ​ពេល​ដែល​មាន​​ភាគី​មួយ​មិនអនុវត្ត​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ ភាគី​ម្ខាង​ទៀត អាច​​ប្តឹង​ទៅ​​ក្រុមប្រឹក្សា​សន្តិសុខ​បាន។

ក្រុមប្រឹក្សា​សន្តិសុខ គឺ​ជា​ស្ថាប័ន​ដែល​មាន​អំណាច​​អាច​ប្រើ​កម្លាំងទ័ព​ បង្ខំ​ឲ្យ​ប្រទេស​ជាសមាជិក​​គោរព​សាលក្រម​តុលាការ​អន្តរជាតិ​បាន។ ក៏ប៉ុន្តែ បញ្ហា​នៅត្រង់ថា កាលណា​ចូល​ដល់​ក្រុមប្រឹក្សា​សន្តិសុខ វាលែង​ជា​បញ្ហា​ច្បាប់​ទៀត​ហើយ ​​គឺ​ត្រូវ​​​ក្លាយ​ជា​បញ្ហា​នយោបាយ​វិញ។ ដូដែល​យើងដឹង​ស្រាប់ហើយ​ថា សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ គឺ​ជា​រដ្ឋ មិនមែន​ជា​បុគ្គល​ឯករាជ​ទេ។ ជាធម្មតា រដ្ឋ​​នីមួយៗ​តែងតែ​ធ្វើ​អ្វី ដោយ​សម្លឹង​មើល​ទៅលើ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន។

បញ្ហា​កាន់តែ​ចោទ​ គឺ​សិទ្ធិវ៉េតូ។ ប្រសិន​បើ​បណ្តឹង​​រឿង​អនុវត្ត​​សាលក្រម​តុលាការ​អន្តរជាតិ ទៅ​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​ ហើយ​មាន​សមាជិក​អចិន្រ្តៃយ៍​​ណាមួយ​ ជំទាស់​មិន​ឲ្យ​​យក​បណ្តឹង​នេះ​មក​ចាត់ការ បញ្ហា​នឹង​ត្រូវ​ជាប់គាំង។

នៅក្នុង​​ការអនុវត្ត​ជាក់ស្តែង​កន្លងមក មាន​ប្រទេស​ខ្លះ ជាពិសេស ប្រទេស​មាន​អំណាច​ធ្លាប់​បានរំលោភ​លើ​សេចក្តី​សម្រេច​តុលាការ​យុត្តិធម៌​អន្តរជាតិ​​ដោយ​​គ្មាន​អ្នកណា​អាច​ធ្វើ​អ្វី​បាននោះទេ។

ឧទាហរណ៍​ជាក់ស្តែង គឺ​ក្នុង​សំណុំរឿង​ម៉ិកស៊ិក និង​សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​២០០៨។ តុលាការ​បាន​ចេញ​ដីកា​ការពារ ទៅតាម​សំណើ​របស់​ម៉ិចស៊ិក ដោយ​បញ្ជា​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ផ្អាក​ការ​ប្រហារ​ជីវិត​ជនជាតិ​ម៉ិកស៊ិក​ជា​បណ្តោះអាសន្ន រហូតដល់​តុលាការ​ចេញ​សាលក្រម​​​លើ​អង្គសេចក្តី។ ក៏ប៉ុន្តែ អាមេរិក​បាន​​ប្រហារ​ជនជាតិ​ម៉ិកស៊ិក​នោះ ដោយ​រំលោភ​ទៅលើ​ដីកា​បង្គាប់​របស់​តុលាការ​អន្តរជាតិ ដោយ​មិនមាន​អ្នក​ណា​អាច​ធ្វើ​អ្វី​បាន ពីព្រោះ​ ​អាមេរិក​មាន​សិទ្ធិវ៉េតូ ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ។

នៅ​ក្នុង​សំណុំរឿង​កម្ពុជា-ថៃ ឧបមាថា តុលាការ​សម្រេច​ចាត់វិធានការ​បន្ទាន់ ហើយ​ថៃ​បដិសេធ​មិន​អនុវត្ត​តាម។ កម្ពុជា​អាច​ប្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​បាន។ ក៏ប៉ុន្តែ សំណួរ​សួរ​ថា​ តើ​ក្រុមប្រឹក្សា​សន្តិសុខ​នឹង​​អាច​អនុម័ត​​សេចក្តី​សម្រេច​​ចាប់បង្ខំ​ថៃ​ឲ្យ​អនុវត្ត​ដីកា​តុលាការ​បាន​ដែរ​ឬ​ទេ? តើ​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធិ​នឹង​​ថៃ​ អាច​ប្រើ​សិទ្ធិវ៉េតូ​ជំទាស់​ដែរ​ឬទេ? តើ​ប្រទេស​ផ្សេងទៀត ដែល​មាន​ផលប្រយោជន៍​ជាមួយ​ប្រទេស​ថៃ​អាច​បោះឆ្នោត​គាំទ្រ​ដែរ​ឬទេ?

Source: RFI Khmer, http://www.khmer.rfi.fr/are-ICJ-judges-independent-from-states-parties

Categories: Laws Tags: ,
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: