Home > International Relations > អាមេរិក និង អាស៊ាន ខិត​ជិត​គ្នា ធ្វើ​ឲ្យ​ចិន​បារម្ភ

អាមេរិក និង អាស៊ាន ខិត​ជិត​គ្នា ធ្វើ​ឲ្យ​ចិន​បារម្ភ


នៅ​ថ្ងៃ​សុក្រ​ទី​២៤​កញ្ញា​នេះ ជំនួប​កំពូល​អាស៊ាន​-អាមេរិក​ប្រព្រឹត្ត​ទៅ​នៅ​ញូយ៉ក សហរដ្ឋ​អាមេរិក។ នេះ​គឺ​ជា​ជំនួប​កំពូល​លើក​ទី​២​ហើយ ជំនួប​កំពូល​លើក​ទី​១ បាន​ប្រព្រឹត្ត​ទៅ នៅ​សិង្ហបូរី កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០០៩។
សន្តិសុខ​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន គឺ​ជា​ប្រធាន​រឿង​សំខាន់​នៃ​ការ​ជជែក​ពិភាក្សា​រវាង​ប្រធានាធិបតី​អាមេរិក​ និង​ប្រមុខ​ដឹកនាំ​អាស៊ាន​ទាំង​ដប់។

ជំនួប​កំពូល​អាស៊ាន​-អាមេរិក​លើក​ទី​២​នេះ នឹង​ប្រព្រឹត្ត​ទៅ​តែ​ពីរ​ម៉ោង​ប៉ុណ្ណោះ ពីព្រោះ ព្រឹត្តិការណ៍​សំខាន់​ជាង​គេ តាំង​ពី​ម្សិលមិញ​មក​នៅ​New York គឺ​មហាសន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ។ រីឯ​ជំនួប​កំពូល​អាស៊ាន​-អាមេរិក​នេះ ត្រូវ​បាន​គេ​ឆ្លៀត​រៀប​ចំ​ធ្វើ​ឡើង ក្នុង​ពេល​មួយ​ដែល​បណ្តា​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន និង​លោក​ប្រធានាធិបតី​អាមេរិក មាន​វត្តមាន ដំណាល​គ្នា នៅ​ទី​ស្នាក់ការ​អង្គការ​សហប្រជាជាតិ។

ក្នុង​ចំណោម​សំណុំ​រឿង​សំខាន់ៗ​ដែល​នឹង​ត្រូវ​លើក​ឡើង នៅ​ក្នុង​ជំនួប​កំពូល​នេះ រួម​មាន​ជា​អាទិ៍ ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​អាមេរិក និង​អាស៊ាន សន្តិសុខ​នៅ​ក្នុង​តំបន់ និយាយ​ឲ្យ​ចំ គឺ​សន្តិសុខ​នៅ​ប៉ែក​អាគ្នេយ៍ និង​នៅ​ប៉ែក​ខាង​ត្បូង​នៃ​សមុទ្រ​ចិន ព្រម​ទាំង​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​ភូមា​ដែល​ត្រូវ​រៀបចំ​បោះឆ្នោត​សភា នៅ​ថ្ងៃ​ទី​៧​វិច្ឆិកា​ខាង​មុខ​នេះ។

យ៉ាងណាក៏ដោយ សន្តិសុខ​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន គឺ​ជា​សំណុំ​រឿង​ធំ​ជាង​គេ ដែល​នឹង​ត្រូវ​លើក​ឡើង។ ម្យ៉ាង គឺ​មក​ពី​ក្នុង​អំឡុង​ពេល​ជាង​ពីរ​សប្តាហ៍​កន្លង​មក​នេះ ចិន​និង​ជប៉ុន ដែល​សុទ្ធ​ជា​ដៃ​គូ​សេដ្ឋកិច្ច​សំខាន់​របស់​អាស៊ាន មើល​មុខ​គ្នា​មិន​ចំ តាំងពី​មាន​ការ​បុក​គ្នា នៅ​ថ្ងៃ​ទី​៧​កញ្ញា រវាង​ទូក​នេសាទ​ចិន​ និង​នាវា​យាម​ល្បាត​របស់​ជប៉ុន នៅ​ប៉ែក​អាគ្នេយ៍​នៃ​សមុទ្រ​ចិន នៅ​ត្រង់​ទី​ប្រជុំ​កោះ​Senkaku ដែល​សព្វថ្ងៃ​ជា​របស់​ជប៉ុន តែ​ដែល​ចិន​ទាមទារ​ចង់​បាន។ ម្យ៉ាងទៀត គឺ​មក​អំពី​នៅ​ប៉ែក​ខាង​ត្បូង​នៃ​សមុទ្រ​ចិន​ឯណេះ​វិញ ទី​ប្រជុំ​កោះ Paracel និង Sprately នៅ​តែ​ជា​ប្រភព​នៃ​ជម្លោះ​រវាង​ចិន និង​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន ដូច​យ៉ាង​វៀតណាម ហ្វីល្លីព្វីន ម៉ាឡេស៊ី និង​ប្រ៊ុយណេ។ ហើយ​ចុង​ក្រោយ​នេះ ភាព​តាន​តឹង​បាន​និង​កំពុង​បន្ត​កើន​ឡើង​ជា​លំដាប់​រវាង​ចិន និង​វៀតណាម ដែល​ដណ្តើម​គ្នា​ចង់​បាន​ទី​ប្រជុំ​កោះ​Paracel។

នៅក្នុង​បរិបទ​បែប​នេះ សហរដ្ឋ​អាមេរិក​ច្បាស់​ជា​នឹង​ឆ្លៀត​ពន្យល់​ដល់​បណ្តា​ប្រមុខ​ដឹកនាំ​អាស៊ាន នូវ​តួនាទី​ដ៏​ចាំ​បាច់​របស់​ខ្លួន ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ឧទាហរណ៍ នៅក្នុង​ដំណោះស្រាយ​នៃ​ជម្លោះ​ទី​ប្រជុំ​កោះ​Paracel និង​Sprately ជាដើម។ ត្រង់នេះ កាលពី​ម្សិលមិញ ក្រសួង​ការបរទេស​ចិន​បាន​ព្រមាន​ទុក​ជា​មុន​ថា​នឹង​ជំទាស់​មិន​ឲ្យ​ ប្រែក្លាយ​បញ្ហា​ទីប្រជុំ​កោះ​Paracel និង​Sprately ទៅ​ជា​បញ្ហា​អន្តរជាតិ​ទេ បាន​ន័យថា ទីក្រុង​ប៉េកាំង​ចង់​ដោះ​ស្រាយ​ជម្លោះ​ទី​ប្រជុំ​កោះ​ទាំងពីរ​នេះ ជា​ឧភតោភាគី គឺ​ថា​ជាមួយ​ភាគី​ជម្លោះ​នីមួយៗ​ដាច់​ពី​គ្នា។

ទន្ទឹម​ជាមួយ​គ្នា​នេះ គេ​រំពឹង​ថា អាមេរិក និង​អាស៊ាន ត្រូវ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា មួយ គាំទ្រ​សេរីភាព​នៃ​ការ​ធ្វើ​ចរាចរណ៍​នៅ​លើ​ដែន​ទឹក​ប៉ែក​ខាង​ត្បូង​នៃ​ សមុទ្រ​ចិន ដោយ​យក​ច្បាប់​អន្តរជាតិ​ជា​ធំ។ សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​បែប​នេះ អាច​នឹង​ធ្វើ​ឲ្យ​ចិន​អន់​ចិត្ត ឬ ព្រួយ​បារម្ភ ពីព្រោះ​ចិន​មិន​ចង់​ឃើញ​នាវា​ចម្បាំង​របស់​អាមេរិក​ចូល​មក​ក្នុង​ដែន​ទឹក​ ដែល ជា​ទី​ជម្លោះ​រវាង​ចិន​ និង​បណ្តា​ប្រទេស​អាស៊ាន​ទេ។ គួរនិយាយ​ថា កាលពី​ខែ​សីហា​កន្លង​ទៅ​នេះ ចិន​បាន​ខឹង​សម្បា​រួច​ម្តង​ទៅ​ហើយ ក្រោយ​ពី​នាវា​ផ្ទុក​យន្តហោះ​មួយ​គ្រឿង​របស់​អាមេរិក បាន​ទៅ​ប្រទេស​វៀតណាម​ដោយ​បាន​ចូល​ទៅ​ចត​នៅ​ម្តុំ​ទី​ប្រជុំ​កោះ​Paracel។

ការ​ចូល​ជិត​គ្នា​រវាង​អាមេរិក និង​អាស៊ាន​មិនមែន​ជា​ដំណឹង​ល្អ​ឡើយ​សម្រាប់​ប្រទេស​ចិន

ជំនួប​កំពូល​អាមេរិក​-អាស៊ាន ជា​ឱកាស​មួយ​ដែល​បើក​លទ្ធភាព​ឲ្យ​អាមេរិក​បង្កើន​វត្តមាន និង​ទម្ងន់​របស់​ខ្លួន នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ចិន​ចាត់​ទុក​ថា​ជា​ដែន​អំណាច​របស់​ខ្លួន។ ការ​ខិត​ចូល​ជិត​គ្នា​រវាង​អាមេរិក និង​អាស៊ាន ក៏​នឹង​កាត់​បន្ថយ​ជា​ស្វ័យប្រវត្តិ​ដែរ ឥទ្ធិពល​នយោបាយ និង​ការ​មាន​ប្រៀប​ជាង​របស់​ទីក្រុង​ប៉េកាំង ទៅ​លើ​ប្រទេស​សមាជិក​អាស៊ាន​ដែល​មាន​ជម្លោះ​ដែនដី​ជាមួយ​ចិន ឬ​ដែល​នៅ​មិនទាន់​ទុក​ចិត្ត​ចិន ក្នុង​នោះ​រួម​មាន​ជា​អាទិ៍ ប្រទេស​វៀតណាម​ជាដើម។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត សហរដ្ឋ​អាមេរិក ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋការ​Obama បាន​និង​កំពុង​បន្ត​អនុវត្ត​នយោបាយ​ទាញ​ប្រទេស​ភូមា​ចេញ បន្តិច​ម្តងៗ​ពី​ដៃ​ចិន។

ជាការពិត​ណាស់​ដែល​ថា ជំនួប​កំពូល​អាស៊ាន​-អាមេរិក មិន​ទាន់​ក្លាយ​ទៅ​ជា​ជំនួប​កំពូល​អាស៊ាន​បូក​នៅ​ឡើយ​ទេ ដូច​ជា​អាស៊ាន​បូក​ចិន អាស៊ាន​បូក​ជប៉ុន អាស៊ាន​បូក​ឥណ្ឌា អាស៊ាន​បូក​កូរ៉េ​ខាងត្បូង ដែល​ប្រព្រឹត្ត​ទៅ​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​វេទិកា​អាស៊ាន។ យ៉ាងណាមិញ មិន​យូរ​មិន​ឆាប់ វា​ច្បាស់​ជា​នឹង​ក្លាយ​ទៅ​ជា​ជំនួប​កំពូល​អាស៊ាន​បូក​អាមេរិក​ជា​មិន​ខាន​ ឡើយ។ ម្ល៉ោះ​ហើយ បាន​ជា​មាន​ការ​បារម្ភ​ថា វត្តមាន​របស់​អាមេរិក​នៅ​ក្នុង​វេទិកា​អាស៊ាន នឹង​ធ្វើ​ឲ្យ​មាន​ការ​បាក់បែក​គ្នា​កាន់​តែ​ខ្លាំង​រវាង​ប្រទេស​អាស៊ាន​ដែល​ មាន​ទំនោរ​ទៅ​រក​អាមេរិក និង​ប្រទេស​អាស៊ាន​ដែល​មាន​ទំនោរ​ទៅ​រក​ចិន។

ដោយហេតុ​តែ​ការវិវឌ្ឍន៍​ទៅ​នៃ​ប្រវត្តិសាស្រ្ត នៅ​ក្នុង​អាស៊ាន មាន​រួច​ស្រេច​ទៅ​ហើយ ប្រទេស​ដែល​ស្និទ្ធ​នឹង​អាមេរិក​និង​ប្រទេស​ដែល​ស្និទ្ធ​នឹង​ចិន។ ថៃ សិង្ហបូរី ប៊្រុយណេ ហ្វីល្លីព្វីន ផ្អៀង​ទៅ​ខាង​អាមេរិក ភូមា ឬ​កម្ពុជា​ផ្អៀង​ទៅ​ខាង​ចិន។ ម្ល៉ោះហើយ ជា​ការ​ពិត​ណាស់​ដែល​ថា វត្តមាន​របស់​អាមេរិក​នៅ​ក្នុង​វេទិកា​អាស៊ាន​នា​ពេល​ខាង​មុខ នឹង​អាច​បណ្តាល​ឲ្យ​មាន​ការ​ប្រេះឆា​គ្នា​រឹង​រឹត​តែ​ខ្លាំង​រវាង​បណ្តា​ ប្រទេស​សមាជិក​អាស៊ាន។

ក៏ប៉ុន្តែ អាស៊ាន តាមរយៈ​ការ​ពង្រីក​ភាព​ជា​ដៃ​គូ​ជាមួយ​ប្រទេស​ធំៗ​ក្នុង​លោក រួម​មាន​ជប៉ុន ឥណ្ឌា អាមេរិក និង​ទៅ​ថ្ងៃ​មុខ​ទៀត អូស្ត្រាលី និង រុស្ស៊ី ឬ​ក៏​ប្រទេស​ណា​ផ្សេង ក៏​មាន​គោល​នយោបាយ​មួយ​ច្បាស់​ដែរ នោះ​គឺ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​អង្គការ​តំបន់​មួយ​នេះ ឋិត​នៅ​ក្រោម ឥទ្ធិពល​ផ្តាច់​មុខ​របស់​មហាអំណាច​ណា​តែ​មួយ​បាន៕

Source: http://www.khmer.rfi.fr/US-Asean-2e-meeting-New-York

Categories: International Relations Tags: , ,
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: