Home > International Relations > កំណើន​សេដ្ឋកិច្ច​របស់​អាស៊ី​ឡើង​ខ្ពស់​ មិន​ដែល​មាន​តាំងពី​ឆ្នាំ​២០០៧​មក​

កំណើន​សេដ្ឋកិច្ច​របស់​អាស៊ី​ឡើង​ខ្ពស់​ មិន​ដែល​មាន​តាំងពី​ឆ្នាំ​២០០៧​មក​


បទវិភាគ​របស់ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

(04:33)

 

ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

នៅ​ថ្ងៃ​អង្គារ​ទី២៨​កញ្ញា​ម្សិលមិញ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដែល​មាន​ទីស្នាក់ការ នៅ​ទីក្រុង​Manilles ប្រទេស​ហ្វីលីព្វីន បាន​ចេញ​របាយការណ៍​មួយ​ស្តី​ពី​ស្ថានភាព​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​អាស៊ី​ កំពុង​អភិវឌ្ឍ។ ធនាគារ​នេះ ព្យាករ​ឃើញ​ថា កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​មាន​កម្រិត​ខ្ពស់​ហួស​ការស្មាន នៅ​ក្នុង​ឆ្នាំ​២០១០​នេះ តែ​នឹង​ថយ​ចុះ​វិញ នៅ​ឆ្នាំ​២០១១។

កំណើន​សេដ្ឋកិច្ច​នៃ​តំបន់​អាស៊ី​កំពុង​អភិវឌ្ឍ នឹង​មាន​កម្រិត​រហូត​ដល់​ទៅ​៨,២% សម្រាប់​ឆ្នាំ​២០១០។ នេះ បើ​យោង​ទៅ​តាម​ការព្យាករណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី កាល​ពី​ថ្ងៃ​អង្គារ​ទី២៨​កញ្ញា​ម្សិលមិញ។ បាន​ន័យ​ថា ស្ថាប័ន​ហិរញ្ញវត្ថុ​មួយ​នេះ បាន​ដំឡើង​ជិត​មួយ​ពិន្ទុ​បន្ថែម​ទៀត អត្រា​កំណើន​សេដ្ឋកិច្ច​នៃ​តំបន់​អាស៊ី​កំពុង​អភិវឌ្ឍ បើ​ប្រៀប​នឹង​ការ​ព្យាករណ៍ កាល​ពី​ខែ​មេសា​​កន្លង​ទៅ​នេះ។ កាល​ណោះ ធនាគារ​ដដែល​នេះ បាន​ឲ្យ​ដឹង​ថា កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០១០ នៃ​តំបន់​អាស៊ី​កំពុង​អភិវឌ្ឍ អាច​មាន​ត្រឹម​តែ​៧,៥% ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា តំបន់​អាស៊ី​កំពុង​អភិវឌ្ឍ គឺ​ជា​ក្រុម​បណ្តា​ប្រទេស​ចំនួន​៤៥​ក្នុង​តំបន់ ក្រៅ​ពី​ជប៉ុន នូវែលហ្សេឡង់ និង​អូស្រ្តាលី​ចេញ ក្នុង​នោះ​មាន​បណ្តា​ប្រទេស​អាស៊ី​កណ្តាល អាស៊ី​ខាង​ត្បូង អាស៊ី​អាគ្នេយ៍ អាស៊ី​បូព៌ា និង​អាស៊ី​ប៉ាស៊ីហ្វិក។

តួលេខ​៨,២% ប្រកប​ទៅ​ដោយ​សុទិដ្ឋិនិយម​ខ្ពស់​នេះ ត្រូវ​បាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ពន្យល់​ថា ជា​លទ្ធផល​បាន​មក​ពី​កត្តា​សំខាន់ៗ​មួយ​ចំនួន រួម​មាន​ជា​អាទិ៍ សន្ទុះ​ខ្លាំងក្លា​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ធំៗ​ក្នុង​តំបន់ និង​កំណើន​វិនិយោគទុន​ក្នុង​តំបន់ ដែល​កំពុង​ធ្វើ​ឲ្យ​មូលធន​ច្រើន​សន្ធឹក​សន្ធាប់ ចាប់​ផ្តើម​ហូរ​ចូល​មក​ក្នុង​តំបន់​អាស៊ី​កំពុង​អភិវឌ្ឍ​វិញ ពីរ​ឆ្នាំ​ក្រោយ​ការ​ផ្ទុះ​ឡើង​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល។ យ៉ាង​ណា​មិញ របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​កាល​ពី​ម្សិលមិញ លាត​ត្រដាង​ឲ្យ​ឃើញ​នូវ​កំណើន​សេដ្ឋកិច្ច​ខុស​គ្នា ទាប​ឬ​ខ្ពស់ ពី​ភូមិភាគ​អាស៊ី​មួយ ទៅ​ភូមិភាគ​អាស៊ី​មួយ​ទៀត។

អាស៊ី​បូព៌ា​ស្គាល់​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ជាង​គេ សម្រាប់​ឆ្នាំ​២០១០​នេះ គឺ​៨,៦% ដោយសារ​តែ​វត្តមាន​នៅ​ក្នុង​ភូមិភាគ​នេះ​នៃ​ប្រទេស​ចិន ដែល​មាន​កំណើន​សេដ្ឋកិច្ច​រហូត​ដល់​ទៅ​៩,៦% និង​ជា​ទូទៅ ដោយសារ​តែ​សន្ទុះ​នៃ​បណ្តា​សេដ្ឋកិច្ច​ក្នុង​ភូមិភាគ ដូចជា ហុងកុង កូរ៉េខាងត្បូង​និង​តៃវ៉ាន់។
ជាប់​ចំណាត់​ថ្នាក់​លេខ​ពីរ គឺ​ភូមិភាគ​អាស៊ី​ខាងត្បូង​ដែល​មាន​កំណើន​សេដ្ឋកិច្ច​៧,៨% សម្រាប់​ឆ្នាំ​២០១០​នេះ។ មូលហេតុ បើ​យោង​ទៅ​តាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី គឺ​ដោយសារ​តែ​វត្តមាន​នៅ​ក្នុង​ភូមិភាគ​នេះ​របស់​ប្រទេស​ឥណ្ឌា ដែល​មាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ​៨,៥%។ យ៉ាង​ណា​មិញ វិបត្តិ​នយោបាយ​រ៉ាំរ៉ៃ​នៅ​នេប៉ាល​និង​មហា​គ្រោះ​ទឹកជំនន់​ថ្មីៗ​កន្លង​ទៅ​ នេះ​នៅ​ប៉ាគីស្តង់ ដែល​ប៉ះពាល់​មិន​តិច​ទេ​ទៅ​លើ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​នេះ ក៏​បាន​បន្ទាប​ខ្លះ​ដែរ កំណើន​សេដ្ឋកិច្ច​ជា​មធ្យមភាគ​នៃ​ភូមិភាគ​អាស៊ី​ខាង​ត្បូង។

ជាប់​លេខ​បី​នៅ​ក្នុង​ថ្នាក់​កំណើន​សេដ្ឋកិច្ច​តំបន់​អាស៊ី​កំពុង​អភិវឌ្ឍ គឺ​ភូមិភាគ​អាស៊ី​អាគ្នេយ៍។ នៅ​ទី​នោះ កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០១០​ដែល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ព្យាករ​ឃើញ​គឺ​ ប្រមាណ​៧,៤%។ ចំពោះ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី សេដ្ឋកិច្ច​ធំៗ​នៅ​ក្នុង​ភូមិភាគ​នេះ ដូច​ជា​សិង្ហបុរី ម៉ាឡេស៊ី និង​ថៃ​ជា​ដើម បាន​និង​កំពុង​បន្ត​មាន​សន្ទុះ​បណ្តើរៗ​ឡើង​វិញ ដោយសារ​តែ​កំណើន​នៃ​ការ​នាំ​ទំនិញ​ចេញ​ទៅ​ក្រៅ​ប្រទេស និង​កំណើន​នៃ​ការ​ទិញដូរ​គ្រឿង​ឧបភោគ​បរិភោគ នៅ​លើ​ទីផ្សារ​ផ្ទៃក្នុង​នីមួយៗ។

ជាប់​លេខ​បួន គឺ​ភូមិភាគ​អាស៊ី​កណ្តាល​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ​៥,១% និង​នៅ​ចុង​ប៉ូច​គេ គឺ​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​តំណាង​ដោយ​កោះ​ក្រីក្រ​មួយ​ចំនួន រួម​មាន​ជា​អាទិ៍ ទីមរ័ខាងកើត និង​កោះ​សូឡូម៉ុង។ នៅ​ក្នុង​ភូមិភាគ​នេះ កំណើន​សេដ្ឋកិច្ច សម្រាប់​ឆ្នាំ​២០១០ មាន​កម្រិត​ប្រមាណ​តែ​៤,៣%​ប៉ុណ្ណោះ។

យ៉ាងណា​ក៏​ដោយ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ព្យាករ​ឃើញ​ថា កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី​កំពុង​អភិវឌ្ឍ​ដដែល​នេះ នឹង​បាត់បង់​ជិត​មួយ​ពិន្ទុ​វិញ​នៅ​ឆ្នាំ​២០១១ ថយចុះ​ពី​៨,២%​មក​នៅ​ត្រឹម​៧,៣%​វិញ។ បុព្វហេតុ​សំខាន់ បើ​យោង​ទៅ​តាម​ស្ថាប័ន​អាស៊ី​មួយ​នេះ គឺ​មក​អំពី​មូលធន​ដែល​កំពុង​ហូរ​ពី​បរទេស​ចូល​មក​ក្នុង​តំបន់​អាស៊ី​កំពុង​ អភិវឌ្ឍ អាច​នឹង​ហូរ​ចេញ​ទៅ​វិញ​នៅ​ឆ្នាំ​២០១១​ខាង​មុខ​នេះ ពីព្រោះ​សហរដ្ឋអាមេរិក​ឬ​អឺរ៉ុប​ដែល​កំពុង​ត្រូវ​ការ​មូលធន​អាច​នឹង​ដំឡើង​ អត្រា​ការ​ប្រាក់ ឬ​ចាត់​វិធានការ​ធ្វើ​យ៉ាង​ណា ដើម្បី​កាត់​បន្ថយ​គម្លាត​រវាង​អត្រា​ការ​ប្រាក់​នៃ​ប្រទេស​ពួក​គេ និង​អត្រា​ការ​ប្រាក់​នៃ​តំបន់​អាស៊ី​កំពុង​អភិវឌ្ឍ។

ម្ល៉ោះ​ហើយ​បាន​ជា​ធនាគារ​អាស៊ី ឆ្លៀត​ផ្តល់​អនុសាសន៍​មួយ​ចំនួន ដល់​បណ្តា​ថ្នាក់​ដឹក​នាំ​អាស៊ី​កំពុង​អភិវឌ្ឍ។ ចំពោះ​ធនាគារ​នេះ អាជ្ញាធរ​អាស៊ី គួរ​តែ​ចាត់​វិធានការ​សម្របសម្រួល​នយោបាយ​រូបិយវត្ថុ​របស់​ពួក​គេ កុំ​ឲ្យ​មាន​លក្ខណៈ​ខុស​គ្នា​ខ្លាំង​ពេក។ គោលដៅ គឺ​ទាក់​ទាញ​ពី​បរទេស មូលធន​ដែល​អាច​មក​ស្តុក​នៅ​យូរអង្វែង ក្នុង​តំបន់​អាស៊ី​កំពុង​អភិវឌ្ឍ។

ដោយឡែក ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ក៏​អំពាវនាវ​ដែរ ឲ្យ​អាជ្ញាធរ​អាស៊ី​ច្បិច​ឱកាស នាពេល​ដែល​សេដ្ឋកិច្ច​ក្នុង​តំបន់​កំពុង​មាន​សន្ទុះ​ខ្លាំង​ឡើង​វិញ ដើម្បី​ពង្រឹង​អភិបាលកិច្ច​ល្អ អភិវឌ្ឍ​ធនធាន​មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងស្ថាប័ន​ហិរញ្ញវត្ថុ​នានា ក្នុង​គោលដៅ​ពង្រឹង​គ្រឹះ​ម៉ាក្រូ​សេដ្ឋកិច្ច​ឲ្យ​បាន​មាំមួន៕

Source: RFI France International http://www.khmer.rfi.fr/asia/20100929

Categories: International Relations Tags: ,
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: