Home > Laws > សម្បទានដី​សង្គមកិច្ច Land Concession For Social Uses

សម្បទានដី​សង្គមកិច្ច Land Concession For Social Uses


ដោយ សេង ឌីណា

ដូចដែល​​លោក​-អ្នក​បាន​ជ្រាប​រួចមក​ហើយ កាលពី​លើកមុន​ថា ភោគី (មានន័យថា អ្នក​កាន់កាប់​អចលនវត្ថុ ដោយ​ស្រប​ច្បាប់ ប៉ុន្តែ មិនទាន់​មាន​ប័ណ្ណកម្មសិទ្ធិ) ​ក៏​មាន​សិទ្ធិ​ប្រហាក់​ប្រហែល​នឹង​កម្មសិទ្ធិករ​ដែរ គឺ​មាន​សិទ្ធិ​ប្រើប្រាស់ (ដូចជា សាងសង់​លំនៅដ្ឋាន ដាំដុះ បង្កបង្កើនផល) សិទ្ធិ​អាស្រ័យផល (ដូចជា ជួល ប្រវាស់) និងមាន​សិទ្ធិ​​ផ្ទេរ​កម្មសិទ្ធិ​បន្ត (ដូចជា លក់ ឬ​ចែក​ជា​កេរមរតក​ទៅ​​ឲ្យ​កូនចៅ​)។

ភោគី​ ដែល​កាន់កាប់​អចលនវត្ថុ​ត្រឹមត្រូវ​តាម​ល័ក្ខខ័ណ្ឌ ដែល​កំណត់​ដោយ​ច្បាប់ ក្នុង​រយៈពេល ៥ឆ្នាំ​ជាប់ៗ​គ្នា អាច​ក្លាយ​​ទៅ​ជា​ម្ចាស់​កម្មសិទ្ធិបាន។

ក៏ប៉ុន្តែ ច្បាប់​ភូមិបាល ដែល​ចូលជាធរមាន កាល​ពីឆ្នាំ​២០០១ បាន​បិទបញ្ចប់​រាល់​ការ​ចូល​កាន់កាប់​​ដីធ្លី ក្នុង​ឋានៈជា​ភោគី មានន័យថា ច្បាប់​ទទួល​ស្គាល់​តែ​អ្នក​ចូល​កាន់កាប់​ មុន​ឆ្នាំ​២០០១​ប៉ុណ្ណោះ។ អ្នក​ដែល​ចូល​កាន់កាប់ ​ក្រោយ​​​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​ចូលជាធរមាន ត្រូវ​ចាត់​ទុក​ថា​ជា​ការកាន់កាប់​ ដោយ​ខុសច្បាប់។

ក៏ប៉ុន្តែ ច្បាប់​ភូមិបាល​ថ្មី​​នេះ ក៏​បាន​​បង្កើត​យន្តកម្ម​មួយ​ដែរ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​​កម្ពុជា​ក្រីក្រ ដែល​គ្មាន​ដី នោះ​គឺ​ “ការ​ធ្វើ​សម្បទានដី​សង្គមកិច្ច”។

នៅ​ថ្ងៃ​នេះ បណ្ឌិត ហ៊ែល ចំរើន នឹង​ត្រឡប់​មក​​បកស្រាយ​បំភ្លឺ អំពី​​សម្បទាន​ដី​សង្គមកិច្ចនេះ។

១-តើ​ប្រជាពលរដ្ឋ​​ ដែល​​អាច​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ ត្រូវ​​មាន​លក្ខណៈសម្បត្តិ​អ្វី​ខ្លះ?

ក-មាន​សញ្ជាតិ​ខ្មែរ និង​មាន​សមត្ថភាព​តាមផ្លូវច្បាប់ ដើម្បី​ធ្វើ​ជា​ម្ចាស់ដី

ខ-ជាមេគ្រួសារ ​នៃ​គ្រួសារ ដែល​មាន​សមាជិក​ពីរនាក់ ឬ​ច្រើន​នាក់ ដែល​ជាប់​សាច់សាលោហិត​ជាមួយ​គ្នា ឬ​មាន​ចំណង​អាពាហ៍ពិពាហ៍ និង​រស់​នៅ​ជាមួយ​គ្នា ក្នុង​លំនៅដ្ឋាន​តែមួយ។

គ-មាន​ប្រាក់​ចំណូល​ទាប (កម្រិត​ប្រាក់​ចំណូលនេះ​​ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​ក្រសួង​សង្គមកិច្ច និង​ការងារ)

ឃ-មិនមែន​ជា​​កម្មសិទ្ធិករ ឬ​​ជា​ភោគី លើ​ដី​ផ្សេងទៀត

ង-មានឆន្ទៈ និង​មាន​លទ្ធភាព​អនុវត្ត​តាម​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច ដែល​នឹង​ត្រូវ​ប្រគល់​ឲ្យ

ក្រៅ ​ពី​ប្រជាពលរដ្ឋ​ ដែល​មាន​លក្ខណៈ​សម្បត្តិ​ខាង​លើ​នេះ មាន​ប្រភេទ​ពលរដ្ឋ​មួយ​ចំនួន ដែល​មានសិទ្ធិ​ជា​ស្វ័យ​ប្រវត្តិ ក្នុង​ការ​ទទួល​បាន​សម្បទានដី​សង្គមកិច្ច មានន័យថា អាជ្ញាធរ​មិន​អាច​បដិសេធ​សំណើ​របស់​ជន​ទាំងនេះ​បានទេ៖ មេគ្រួសារ​ជា​ស្រ្តី មេគ្រួសារ​ជា​ជន​បាត់បង់​សមត្ថភាព (ពិការ) មេគ្រួសារ​ជា​អតីតយុទ្ធ​​ដែល​បាត់បង់​សមត្ថភាព និង​មេគ្រួសារ​ជា​យោធិន​រំសាយ។

២-តើ​​​​សម្បទានដី​សង្គមកិច្ច ត្រូវ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ឬ​ក៏​មាន​​បង់​ថ្លៃ​ឈ្នួល​?

ដីសម្បទានសង្គមកិច្ច ត្រូវ​ផ្តល់​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ។

៣-តើ​​​សម្បទានិក (មានន័យថា អ្នក​ដែល​ទទួល​បាន​ដីសម្បទាន​សង្គមកិច្ច) អាច​កាន់កាប់​ដី​នេះ​បាន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ?

គ្រប់​សម្បទានដី​ទាំងអស់ មិន​អាច​ផ្តល់​ឲ្យ​លើស​ពី​រយៈពេល ៩៩​ឆ្នាំ​ឡើយ។

ក៏ប៉ុន្តែ សម្បទានដី​សង្គមកិច្ច មាន​លក្ខណៈពិសេស​មួយ គឺ សម្បទានិក​អាច​ស្នើសុំ​​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិបាន ក្រោយ​ពី​បាន​កាន់កាប់​ដី​សម្បទាន​រយៈពេល​៥ឆ្នាំ​ជាប់ៗ​គ្នា។

៤-​បើ​ដូច្នេះ ​តើ​សម្បទាន​ដី​សង្គមកិច្ច និង​ភោគៈ មាន​ចំណុច​ខុស​គ្នា​ត្រង់ណា​ខ្លះ?

ទាំងភោគី និង​សម្បទានិក​ដី​សង្គមកិច្ច សុទ្ធតែ​អាច​សុំ​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​ដែល​ខ្លួន​កាន់កាប់​បាន ក្រោយ​ពី​បាន​កាន់កាប់​ដី ក្នុង​រយៈពេល ៥ឆ្នាំ ជាប់ៗ​គ្នា។

ចំណុច ដែល​ខុសគ្នា គឺ​ត្រង់ថា នៅ​ក្នុងរយៈពេល​កំពុង​កាន់កាប់ ៥ឆ្នាំនេះ ភោគី អាច​ផ្ទេរ​​សិទ្ធិ​របស់ខ្លួន​​ទៅ​ឲ្យ​អ្នក​ដ៏ទៃបាន (ដូចជា ​លក់​ ឬ​ធ្វើ​ជា​អំណោយ​នូវដី​របស់​ខ្លួន​បាន)។

ចំណែក​សម្បទានិក​ដី​ សង្គមកិច្ច​វិញ ក្នុងពេល​រង់ចាំ​បាន​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ (៥ឆ្នាំ) មិន​អាច​ធ្វើ​ការ​ផ្ទេរ​សិទ្ធិ​របស់​ខ្លួន​បានទេ គឺ​អាច​មាន​សិទ្ធិ​ត្រឹម​តែ​ប្រើប្រាស់ (សាងសង់​លំនៅដ្ឋាន ដាំដុះ បង្កបង្កើនផល) និង​អាស្រ័យផល (ជួល ប្រវាស់) ​តែប៉ុណ្ណោះ។

៥-ប្រសិន ​បើ​​នៅ​ក្នុងរយៈពេល​កាន់កាប់​ដី មិនទាន់​គ្រប់ ៥ឆ្នាំ សម្បទានិក​ទទួល​មរណភាព​ តើ​សម្បទានដី​សង្គមកិច្ច​ត្រូវ​រលាយ​ជាស្វ័យប្រវត្តិ ហើយ​ដី​សម្បទាន​ត្រូវ​ប្រគល់​ទៅ​ឲ្យ​រដ្ឋ​វិញ ឬ​ក៏​កូនចៅ​ ដែល​ជា​ទាយាទ​របស់​អ្នក​ស្លាប់​នេះ​អាច​កាន់កាប់​បន្តបាន?

សម្បទានដី ​សង្គមកិច្ច មិន​អាច​រលាយ​ជាស្វ័យប្រវត្តិ ដោយ​​មកពី​ហេតុ​តែ​សម្បទានិក​ទទួល​មរណភាព​នោះទេ។ កូនចៅ​ (ទាយាទ) របស់​សព អាច​បន្ត​កាន់កាប់​ដី​សម្បទាននេះ​តទៅទៀត​បាន។

៦-នៅ​ក្នុងករណី ​ដែល​សម្បទាន​ដីសង្គមកិច្ច​​ត្រូវ​​ផ្ទេរ​​ជា​មរតក​ទៅ​ឲ្យ​កូនចៅ​ តើ​រយៈពេល ៥ឆ្នាំ ដែល​​ច្បាប់​តម្រូវ​ឲ្យ​​កាន់កាប់ ដើម្បី​បាន​ក្លាយ​ជា​ម្ចាស់កម្មសិទ្ធិ​លើ​ដី​ហ្នឹង ត្រូវ​ចាប់​ផ្តើម​រាប់​ឡើង​វិញ ឬ​ក៏​អាច​រាប់​បន្ត​ពី​​មុន?

ចំណុច ​នេះ មិនមាន​ចែង​លម្អិត​នៅក្នុង​ច្បាប់​ភូមិបាល ឬ​អនុក្រឹត​ស្តីពី​សម្បទានដី​សង្គមកិច្ច​នោះទេ។ ក៏ប៉ុន្តែ តាម​គោលការណ៍​ទូទៅ​នៃ​ច្បាប់ រយៈពេល ៥ឆ្នាំ ត្រូវ​ចាប់​រាប់​បន្ត មិនមែន​រាប់​ឡើង​វិញ​នោះទេ។ មានន័យថា ប្រសិន​បើ​សម្បទានិក​កាន់កាប់​បាន​ ៣ឆ្នាំ ហើយ​ទទួល​មរណភាព ទាយាទ​របស់​សព​ទទួល​កាន់កាប់​ដីសម្បទាននេះ រយៈពេល ២​ឆ្នាំ​ទៀត គ្រប់​ ៥ឆ្នាំ ហើយ​អាច​សុំ​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិបាន៕

Source:  RFI http://www.khmer.rfi.fr/law/land-concession-for-social-uses

Categories: Laws Tags: , ,
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: