Home > Economics > គម្លាត​រវាង​អ្នកទីក្រុង និង​អ្នកជនបទ​

គម្លាត​រវាង​អ្នកទីក្រុង និង​អ្នកជនបទ​


មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា​បាន​ថ្លែង​ថា គម្លាត​រវាង​អ្នកទីក្រុង និង​អ្នកជនបទ​មាន​កម្រិត​ធ្ងន់ធ្ងរ។ តួលេខ​មួយ​ចំនួន​បាន​បង្ហាញ​ថា ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ក្រីក្រ​ចំនួន​ជិត​៤​លាន​នាក់ នៅ​ទូទាំង​ប្រទេស ប្រជាជន​ក្រីក្រ​ប្រមាណ​ជា ៧៦​ភាគរយ​រស់នៅ​តាម​តំបន់​ជនបទ។ តើ​គេ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​កាត់បន្ថយ​គម្លាត​នេះ?

នៅ​ក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​គួរ​ជាទី​កត់​សម្គាល់​ប៉ុន្តែ​ ក្នុង​នាម​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច ប្រទេស​កម្ពុជា​នៅតែ​បន្ត​ប្រឈម​នឹង​ការ​លំបាក​ជា​ច្រើន។ នេះ​គឺជា​ការ​កត់​សម្គាល់​របស់​លោក ដូក្លាស ប្រូដេរិក អ្នក​សម្រប​សម្រួល​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា កាល​ពី​សប្ដាហ៍​មុន នៅក្នុង​វេទិកា​អភិវឌ្ឍន៍​មូលដ្ឋាន​នៅ​កម្ពុជា។
មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​រូប​នេះ​បាន​កត់​សម្គាល់​ថា កម្រិត​នៃ​ភាពក្រីក្រ​ជា​រួម​បាន​ធ្លាក់ចុះ​ច្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ ឆ្នាំ​ហើយ​នៅ​ឆ្នាំ​២០០៨​កន្លងមក​នេះ តួលេខ​បាន​បង្ហាញ​ថា នៅ​មាន​ប្រជាជន​កម្ពុជា​ចំនួន ៣០​ភាគរយ ឬ​ស្មើនឹង ៣,៩​លាន​នាក់​ទៀត​កំពុង​រស់នៅ​ក្នុង​ភាពក្រីក្រ​នៅ​ឡើយ។

អ្វី​ដែល​ជា​ការ​កត់​សម្គាល់​ខ្លាំង នៅ​ក្នុង​តួលេខ​ក្រីក្រ​នេះ គឺ​នៅ​ត្រង់​ថា ប្រជាជន​៧៦​ភាគរយ​ក្នុង​ចំណោម​ប្រជាជន​ក្រីក្រ​ចំនួន ៣,៩​លាន​នាក់​រស់នៅ​ក្នុង​តំបន់​ទំនាប​នានា និង​នៅ​ក្នុង​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប។

លោក ប្រូដេរិក អ្នកសម្រប​សម្រួល អង្គការ​សហ​ប្រជាជាតិ​បាន​បញ្ជាក់​ថា ភាពខុសគ្នា​នៃ​អត្រា​ភាពក្រីក្រ​នេះ​មិនមែន​ទាក់ទង​តែ​ជាមួយ​ការរក​ប្រាក់​ ចំណូល និង​ការប្រើប្រាស់​នោះ​ទេ ប៉ុន្តែ វា​ទាក់ទង​ផង​ដែរ​ជាមួយ​លទ្ធភាព​នៃ​ការទទួល​បាន​សេវា​ថែទាំ​សុខភាព ការអប់រំ ហេដ្ឋារចនាសម្ពន្ធ និង​សេវាកម្ម​នៅ​ក្នុង​គ្រួសារ។ លោក ដូក្លាស ប្រូដេរិក បាន​បន្ថែម​ទៀត​ថា ជា​រួម ប្រទេស​កម្ពុជា​សម្រេច​បាន​គួរ​អោយ​កត់​សម្គាល់​នូវ​ការផ្តល់​សេវា​នានា​ដល់ ​ប្រជាជន ប៉ុន្តែ​ការទទួល​បាន​សេវា​មក​វិញ​របស់​ប្រជាជន​នៅ​មាន​គម្លាត​ខ្លាំង ជាពិសេស​នៅ​តំបន់​ជនបទ​តែ​ម្តង។

ដោយ​មើល​ឃើញ​ពី​គម្លាត​រវាង​អ្នក​ទីក្រុង​និង​អ្នក​ជនបទ​មាន​ទំហំ​ធំ​យ៉ាង​ ដូច្នេះ អ្នក​ជំនាញ​នានា​បាន​ធ្វើ​របាយការណ៍​មួយ​ស្តី​ពី​ទស្សនវិស័យ​នៃ​ ការអភិវឌ្ឍន៍​នៅ​មូលដ្ឋាន។ លោក ប្រូដេរិក អ្នកសម្របសម្រួល​អង្គការ​សហប្រជាជាតិ បាន​បញ្ជាក់​ថា របាយការណ៍​នេះ​គឺ​ជា​ឧបករណ៍​ដ៏​សំខាន់​ក្នុង​ការបង្កើន​ជំនួយ​ស្មារតី​អោយ​ ដឹង​ថា តើ​ហេតុអ្វី​បាន​ជា​ការអភិវឌ្ឍន៍​កើត​មាន​តែ​នៅ​កន្លែង​ខ្លះ តែ​មិន​មាន​នៅ​កន្លែង​ដទៃ​ទៀត​ហើយ​ថា តើ​គេ​អាច​ដោះស្រាយ​អ្វី​បាន​ខ្លះ​ក្នុង​ស្ថានភាព​បែបនេះ។

របាយការណ៍​នេះ​បាន​រួម​បញ្ចូល​ផង​ដែរ​នូវ​ផែនទី​អំពី​តំបន់​នានា​ដែល​មាន​ សក្ដានុពល ប៉ុន្តែ​ពុំ​ទាន់​មាន​ការ​ប្រើប្រាស់​នៅឡើយ។ ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ទាំងនេះ​អោយ​មាន​តម្លាភាព និង​និរន្តរភាព គឺជា​ការជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ នៅក្នុង​តំបន់​នោះ​យ៉ាង​មាន​ប្រសិទ្ធភាព។

អ្នក​ជំនាញ​មួយចំនួន​បាន​កត់​សម្គាល់​ថា នា​ពេល​កន្លងមក ការអភិវឌ្ឍន៍​ភាគ​ច្រើន​ផ្តុំ​គ្នា​តែ​នៅ​ទី​ប្រជុំជន និង​ទីក្រុង​ធំៗ​នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។ ជាក់ស្តែង រោងចក្រ​ធំ​ៗ​ភាគច្រើន​មាន​ទីតាំង​តែ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​នៅ​តាម​ជាយ​ក្រុង​ភ្នំពេញ​ប៉ុណ្ណោះ។ ងាក​ទៅ​មើល​ទី​ជនបទ​ឯណោះ​វិញ​ គេ​កម្រ​នឹង​ឃើញ​មាន​ក្រុមហ៊ុន ឬ​រោងចក្រ​ទៅ​បោះ​ទីតាំង​នៅ​ទី​នោះ​ណាស់។ អវត្តមាន​ការវិនិយោគ​នៅ​តាម​ជនបទ គឺ​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ដទៃ​ទៀត​ដែល​ជំរុញ​អោយ​មាន​គម្លាត​នៃ​ ភាពក្រីក្រ​រវាង​អ្នកជនបទ និង​អ្នកទីក្រុង​កាន់តែ​រីក​ធំ​ឡើងៗ។

ហេតុផល​ម៉្យាងទៀត​ដែល​អ្នកជនបទ​ពិបាក​នឹង​រំដោះ​ខ្លួន​អោយ​ចេញ​ពី​រណ្ដៅ​នៃ​ ភាពក្រីក្រ​ដែរ​នោះ គឺ​ការទទួល​បាន​សេវាកម្ម។ ផ្អែក​លើ​ការពិនិត្យ​ជាក់ស្តែង អ្នកក្រីក្រ​នៅ​ជនបទ​ទទួល​បាន​សេវា​ប្រើប្រាស់​មាន​តម្លៃ​ថ្លៃ​ជាង​អ្នក​នៅ​ ទីក្រុង​ភ្នំពេញ។ ឧទាហរណ៍ ដូចជា​តម្លៃ​​អគ្គិសនី​ប្រើប្រាស់ និង​តម្លៃ​ទំនិញ​នានា​ដែល​ត្រូវការ​ដឹក​ក្នុង​ចំងាយ​ផ្លូវ​ឆ្ងាយ និង​ផ្លូវ​លំបាក។

ដូច្នេះ​ដើម្បី​កាត់​បន្ថយ​គម្លាត​ចំណូល​ចំណាយ និង​ការ​ទទួល​សេវាកម្ម​នានា​រវាង​អ្នកទីក្រុង និង​អ្នកជនបទ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ ៖ទី​មួយ បង្វែរ​ការវិនិយោគ​សាធារណៈ​អោយ​ស៊ី​ជម្រៅ នៅ​តាម​ជនបទ។ ទី​ពីរ៖ ទាញ​យក​ប្រយោជន៍​អោយ​អស់​លទ្ធភាព​ពី​ធនធាន​ធម្មជាតិ ឬ​សក្ដានុពល​ផ្សេងៗ​ពី​តំបន់​នីមួយៗ និង​ទីបី ៖ ត្រូវ​ជំរុញ និង​លើក​ទឹកចិត្ត​អោយ​ទៅ​ក្រុមហ៊ុន​ណា​ដែល​សម្រេច​ចិត្ត​ទៅ​បោះ​ទីតាំង​នៅ​ តាម​តំបន់​ជនបទ។

ការអភិវឌ្ឍន៍​តំបន់​ជនបទ​មិន​ត្រឹមតែ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ ប្រជាជន​នៅ​ទី​នោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ចលនា​ចំណាក​ស្រុក​របស់​ប្រជាជន​ ក្រីក្រ​ពី​ជនបទ​មក​ទីក្រុង និង​ពី​ជនបទ​ទៅកាន់​ប្រទេស​ដទៃ​ៗ​ទៀត៕

Source: RFI France http://www.khmer.rfi.fr/cambodia/20100705

Categories: Economics Tags: , ,
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: