Home > Business > កម្មករ​គួរ​ទទួល​បាន​ប្រាក់​ខែ​ដែល​អាច​រស់​បាន​សមរម្យ

កម្មករ​គួរ​ទទួល​បាន​ប្រាក់​ខែ​ដែល​អាច​រស់​បាន​សមរម្យ


វិស័យ​កាត់ដេរ​បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ ជួយ​ រុញច្រាន​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ប៉ុន្តែ​កម្មករ​ក្នុង​វិស័យ​នេះ​បាន​ស្រែក​ប្រាប់​គេ​ឯង​ថា ប្រាក់ខែ​បច្ចុប្បន្ន​មិន​អាច​អនុញ្ញាត​អោយ​ពួកគេ​អាច​រស់​បាន​ទេ។

វិស័យ​កាត់ដេរ​បាន​ចាប់​ផ្ដើម​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​​ ទសវត្សរ៍​ឆ្នាំ​៩០។ បន្តិច​ម្តងៗ​វិស័យ​នេះ​បាន​រីក​ចម្រើន​គួរ​ជាទី​កត់​សម្គាល់ ហើយ​នៅ​ទី​បំផុត វា​បាន​ក្លាយ​ទៅ​ជា​វិស័យ​មួយ​ក្នុង​ចំណោម​វិស័យ​សេដ្ឋកិច្ច​ធំៗ​ចំនួន​៤​ របស់​ប្រទេស​កម្ពុជា។

តួលេខ​មួយ​ចំនួន​បាន​បង្ហាញ​ថា វិស័យ​កាត់ដេរ​តំណាង​អោយ​ជាង​៨០​ភាគរយ​នៃ​ការ​នាំចេញ​របស់​កម្ពុជា​ទាំងមូល។ ការ​នាំចេញ​ក្នុង​មួយ​ឆ្នាំៗ​មាន​ទំហំ​ទឹកប្រាក់​ជាង​២​ពាន់​លាន​ដុល្លារ​ អាមេរិក។ វិស័យ​កាត់ដេរ​​បាន​ប្រើប្រាស់​កម្មករ​ជាង​៣​សែន​នាក់​និង​មាន​រោងចក្រ​ កាត់ដេរ​ជាង​៣០០​កំពុង​ប្រតិបត្តិការ។ រោងចក្រ​ភាគ​ច្រើន​មាន​ទីតាំង​នៅក្នុង​ទីក្រុង​ភ្នំពេញ នៅ​ជាយ​ក្រុង​ភ្នំពេញ​និង​នៅ​តាម​បណ្ដា​ខេត្ត​ធំៗ​នៃ​ប្រទេស​កម្ពុជា។

ជា​ការ​ពិត វិស័យ​កាត់ដេរ​បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​កំណើន​ សេដ្ឋកិច្ច​របស់​ជាតិ​និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​កាត់​បន្ថយ​ភាព​ ក្រីក្រ​របស់​ប្រជាជន​នៅ​តាម​ជនបទ។ ប៉ុន្តែ​វិស័យ​នេះ​ក៏​បង្ក​អោយ​មាន​បញ្ហា​សង្គម​គួរ​អោយ​កត់​សម្គាល់​ផង​ ដែរ។ ជា​​រឿយៗ​ទំនាស់​បាន​កើត​ឡើង​​រវាង​កម្មករ​និយោជិត​និង​ថៅកែ​រោងចក្រ ហើយ​ពេលខ្លះ ជម្លោះ​នេះ បាន​បង្ក​ទៅជា​ការ​ធ្វើ​បាតុកម្ម​ឬ​កូដកម្ម​ជាដើម។

ជាក់ស្តែង ទំនាស់​ដែល​បាន​និង​កំពុង​កើត​មាន​ឡើង​នា​ពេលនេះ​គឺ​ទាក់ទង​ទៅ​នឹង​ការ​ ទាមទារ​ដំឡើង​ប្រាក់ខែ។ សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ដែល​អះអាង​ថា​មាន​សមាជិក​ ប្រមាណ​ជា​ជាង​៨​ម៉ឺន​នាក់​បាន​គំរាម​ម្តង​ជា​ពីរ​ដង​​ថា ​ខ្លួន​នឹង​រៀបចំ​កូដកម្ម​មិន​ចូល​ធ្វើការ​រយៈ​ពេលបី​​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ ទី​១៣​កក្កដា​ដល់​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ខាងមុខ​នេះ។ ការ​គំរាម​ធ្វើ​កូដកម្ម​មិនព្រម​ចូល​ធ្វើការ​នេះ​គឺ​ជា​ការ​ដាក់​សម្ពាធ​អោយ ​ក្រុមហ៊ុន​វិស័យ​កាត់ដេរ​សម្រេច​ដំឡើង​ប្រាក់ខែ​អប្បបរមា​ពី​៥០​ដុល្លារ​ អាមេរិក​ទៅ​ដល់​៧០​ដុល្លារ​អាមេរិក។

តើ​ការ​ទាមទារ​ដំឡើង​ប្រាក់ខែ​របស់​សហជីព​សេរី​កម្មករ​នៃ​ព្រះ​ រាជាណាចក្រ​​កម្ពុជា​នៅ​ពេល​នេះ​គឺ​ជា​ការ​សមរម្យ​ដែរ​ឬ​ទេ?

ទាក់ទង​ទៅ​នឹង​សំណួរ​នេះ មតិ​ពីរ​បាន​លើក​ឡើង​ផ្ទុយគ្នា។ មតិ​ទី​មួយ បាន​អះអាង​ថា ការ​ទាមទារ​ដំឡើង​ប្រាក់ខែ​នៅ​ពេល​នេះ​មិនសមហេតុផល​ (​ឡូស៊ីក)​ទាល់​តែ​សោះ​ ​ ពីព្រោះ​វិស័យ​កាត់ដេរ​បាន​រងគ្រោះ​ពី​វិបត្តិ​សេដ្ឋកិច្ច​អស់​រយៈពេល​ជិត ​២​ឆ្នាំ​មក​ហើយ ហើយ​ទើបតែ​នៅ​ឆ្នាំ​២០១០​នេះ​ទេ​ដែល​វិស័យ​មួយ​នេះ​បាន​ចាប់ផ្តើម​ងើប​ក្បាល ​ឡើង​វិញ​បន្តិច​នោះ។

ម៉្យាងវិញទៀត វិស័យ​កាត់ដេរ​កម្ពុជា​បច្ចុប្បន្ន​កំពុង​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​ យ៉ាង​ខ្លាំង​ពី​សំណាក់​ទីផ្សារ​នៃ​ប្រទេស​វៀតណាម ​និង​ទីផ្សារ​របស់​ប្រទេស​ ចិន​បន្ថែម​ទៀត។ ដូច្នេះ រាល់​ការ​ទាមទារ​ដំឡើង​ប្រាក់ខែ​មិន​គួរ​ធ្វើ​ឡើង​នៅ​ពេលនេះ​ទេ។ មតិ​ដដែល​បាន​ចោទ​ជា​សំណួរ​ថា ប្រសិន​បើ​ការ​ទាមទារ​ហួស​កំណត់​ហើយ​អាច​ជំរុញ​អោយ​វិស័យ​នេះ​ដួល​រលំ​ តើ​នរណា​ជា​អ្នក​រងគ្រោះ​ខ្លាំង​ជាង​គេ?​តើ​កម្មករ​ខ្លួន​ឯង​ឬ​ថៅកែ​ រោងចក្រ?

បើ​ទោះ​បី​ជា​មតិ​ទីមួយ​បាន​ព្យាយាម​ពន្យល់​ដោយ​លើក​ទឡ្ហីករណ៍​យ៉ាង​នេះ​ ក្តី ក៏​សហជីព​មួយ​ចំនួន​និង​កម្មករ​មួយ​ចំនួន​នៅ​តែ​យល់ថា ថៅកែ​រោងចក្រ​អាច​មាន​លទ្ធភាព​ដំឡើង​ប្រាក់ខែ​អប្បបរមា​ចំនួន​២០​ដុល្លារ​ បន្ថែម​ទៀត​ជូន​កម្មករ​ពីព្រោះ ថៅកែ​រោងចក្រ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ក្នុង​វិស័យ​នេះ។

បច្ចុប្បន្ន ប្រាក់​បៀវត្សរ៍​អប្បបរមា​របស់​កម្មករ​មាន​ចំនួន​៥០​ដុល្លារ​អាមេរិក​ក្នុង​ មួយ​ខែ។ ជាមួយ​នឹង​ប្រាក់​ខែ​នេះ កម្មករ​ត្រូវ​បែងចែក​ចំណាយ​ជា​ចម្រៀកៗ។ ចំណាយ​មួយ​ផ្នែក​សម្រាប់​ម្ហូបអាហារ​ មួយ​ផ្នែក​ទៀត​សម្រាប់​ឈ្នួល​ផ្ទះ ថ្លៃ​ទឹក ថ្លៃ​ភ្លើង ថ្លៃ​ថ្នាំ​សង្កូវ ថ្លៃ​ធ្វើ​ដំណើរ ថ្លៃ​ថែទាំ​សម្ផស្ស។ល។​

ការសិក្សា​របស់​អ្នក​សេដ្ឋកិច្ច​មួយ​ចំនួន​បាន​អះអាង​ថា កម្មករ​កាត់ដេរ​ត្រូវការ​ប្រាក់​បៀវត្សរ៍​ជាង​១០០​ដុល្លារ​ទើប​ពួកគេ​អាច​ រស់​បាន​នៅ​ទីក្រុង​ភ្នំពេញ។ ជាមួយ​នឹង​ប្រាក់ខែ​ជាង​១០០​ដុល្លារ​នេះ កម្មករ​គ្រាន់តែ​អាច​រស់​បាន​ប៉ុណ្ណោះ​ ប៉ុន្តែ​មិនអាច​រស់​បាន​ដោយ​សមរម្យ​ និង​ហ៊ឺហា​នោះ​ទេ។ មន្ត្រី​សហជីព​និង​កម្មករ​មួយ​ចំនួន​បាន​និយាយ​ថា ប្រសិន​បើ​កម្មករ​អាច​ទទួល​បាន​ប្រាក់ខែ​ច្រើន​ជាង​មុន ពេលនោះ កម្មករ​អាច​បង្កើន​ផលិតភាព​បាន​ច្រើន​ជាង​មុន​សម្រាប់​ថៅកែ​ទៅ​វិញ​ទេ។

សូម​បញ្ជាក់​ថា ក្នុង​ខណៈ​ពេល​ដែល​សហជីព​គំរាម​ធ្វើ​កូដកម្ម​នៅ​ខែក្រោយ​នេះ រដ្ឋាភិបាល​បាន​ប្រកាស​គាំទ្រ​អោយ​មាន​ការ​ដំឡើង​ប្រាក់ខែ​អប្បបរមា​សម្រាប់ ​កម្មករ​អណ្ដែត​ពី​៤៥​ដុល្លារ​ទៅ​៥០​ដុល្លារ​និង​ប្រាក់​ឧបត្ថម្ភ​ជីវភាព​៦​ ដុល្លារ​បន្ថែម​ទៀត។ ប៉ុន្តែ​ការ​ប្រកាស​ដំឡើង​នេះ​ ត្រូវ​បាន​សហជីព​មួយ​ចំនួន​ឆ្លើយតប​វិញ​ថា ការ​ទាមទារ​របស់​ខ្លួន​គឺ​ការ​ដំឡើង​ប្រាក់ខែ​អប្បបរមា​ចំនួន​២០​ដុល្លារ​ បន្ថែម​ទៀត​សម្រាប់​កម្មករ​ទាំងអស់​គ្នា​ពោល​គឺ​មិនមែន​សម្រាប់​តែ​កម្មករ​ អណ្ដែត​នោះ​ទេ៕

Source: RFI France http://www.khmer.rfi.fr/cambodia/20100628

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: