Home > Laws > អ្នកធ្វើ​ការងារ​តាមផ្ទះ​បង្ហាញ​ទុក្ខ​លំបាក​របស់​ខ្លួន

អ្នកធ្វើ​ការងារ​តាមផ្ទះ​បង្ហាញ​ទុក្ខ​លំបាក​របស់​ខ្លួន


ការងារ​បម្រើ​តាម​ផ្ទះ​ដែល​ធ្លាប់​តែ​ជា​រឿង​បិទ​ជិត​ឬ​ជា​ រឿង​ឯកជន​នោះ​ឥឡូវ​ត្រូវ​បាន​គេ​គាស់​កកាយ​ចេញ​ហើយ​។ តើ​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ បញ្ហ​អ្វី​ខ្លះ?

បញ្ហា​របស់​កម្មករ​កាត់ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​មតិ​ជាតិ និង​អន្តរជាតិ​ចាប់​អារម្មណ៍​គ្រប់គ្នា ប៉ុន្តែ​ទុក្ខ​លំបាក​របស់​អ្នកបម្រើ​ការងារ​តាម​ផ្ទះ​មិន​សូវ​មាន​មជ្ឈដ្ឋាន ​ណា​ចាប់​អារម្មណ៍ ឬ​លើក​យក​មក​និយាយ​ច្រើន​នោះ​ទេ។

ក្នុង​គោល​បំណង​បំបែក​ភាព​ស្ងៀមស្ងាត់​ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​ទុក្ខ​លំបាក​ នោះ អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ធ្វើ​ការសិក្សា​មួយ​ស្តី​អំពី​ជិវិត​ អ្នកបម្រើ​ការងារ​នៅ​តាម​ផ្ទះ។ ការសិក្សា​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​បី គឺ​ទីក្រុងភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​កំពង់សោម។ អ្នក​បម្រើ​ការងារ​តាម​ផ្ទះ​ចំនួន​ជាង ៥០០​នាក់​ត្រូវ​បាន​គេ​សាកសួរ​ដើម្បី​ទទួល​បាន​ព័ត៌មាន។

ការសិក្សា​នេះ​បាន​ចាប់​ផ្តើម តាំងពី​ឆ្នាំ​២០០៩​ហើយ​ត្រូវ​បាន​បិទ​បញ្ចប់ កាល​ពី​ខែ​មេសា​កន្លង​មក ប៉ុន្តែ​លទ្ធផល​ជា​ផ្លូវការ​គេ​នៅ​មិន​ទាន់​ផ្សព្វផ្សាយ​នៅ​ឡើយ​ទេ។

បើ​ទោះ​បី​ជា​លទ្ធផល​ផ្លូវការ​មិន​ទាន់​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ក៏​ដោយ ក៏លទ្ធផល​បណ្តោះ​អាសន្ន​បាន​បង្ហាញ​ថា ជីវិត​អ្នកបម្រើ​ការងារ​តាម​ផ្ទះ​មិន​សូវ​ជា​ភ្លឺ​ស្វាង​ណាស់​ណា​ប៉ុន្មាន​ ទេ។

អ្នកស្រី ទូស សោភ័ណ អ្នក​សម្របសម្រួល​គម្រោង​ការងារ​សមរម្យ​សមភាព ជែនឌើ និង​សុវត្ថិភាព​ចំណាក​ស្រុក​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​បាន​បញ្ជាក់​ថា អ្នក​បម្រើ​ការងារ​តាម​ផ្ទះ នា​ពេលបច្ចុប្បន្ន នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន និង​កំពុង​ប្រឈម​មុខ​ទៅ​នឹង​បញ្ហា​ជា​ច្រើន នៅ​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។

បញ្ហា​ទាំងនោះ​ជា​រួមមាន៖ ប្រាក់ឈ្នួល​មិន​សមរម្យ​ការងារ​ច្រើន​ម៉ោង​អំពើ​ហិង្សា​លើ​រាងកាយ និង​ការរំលោភ​ផ្លូវ​ភេទ​ជា​ដើម។

របាយការណ៍​បាន​បែងចែក​ការងារ​តាម​ផ្ទះ​ជា​៥​ប្រភេទ។ ប្រភេទ​ទីមួយ គឺ​ការងារ​ដាំស្ល និង​បោកគក់។ ទីពីរ​គឺ​ការងារ​ថែ​ទាំកុមារ។ ទីបី៖ ការងារ​ថែសួន។ ទីបួន៖ ការងារ​តៃកុង​ឡាន និង​ការងារ​យាម​ផ្ទះ​ជាដើម។

លទ្ធផល​បឋម​នៃ​សិក្សា​បាន​បង្ហាញ​ថា អ្នកបម្រើ​ការងារ​តាម​ផ្ទះ​ទទួល​បាន​ប្រាក់​ឈ្នួល​មធ្យម​២៥​ដុល្លារ​ក្នុង​ មួយ​ខែ។ ពួកគេ​ធ្វើ​ការងារ​ពី​១២ ទៅ​១៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ។

ម៉្យាងវិញ​ទៀត អ្នក​បម្រើ​ការងារ​តាម​ផ្ទះ​ប្រមាណ​ជា​៩០​ភាគរយ​ធ្វើការ​៧​ថ្ងៃ​ក្នុង​មួយ​ សប្តាហ៍ ពោល​គឺ​មិន​មាន​ថ្ងៃ​ឈប់​សម្រាក​នោះ​ទេ។ លទ្ធផល​បាន​បញ្ជាក់​ទៀត​ថា អ្នកបម្រើ​តាមផ្ទះ​៩០​ភាគរយ​ធ្វើការ​ហើយ​ស្នាក់នៅ​ជា​មួយ​ម្ចាស់ផ្ទះ​តែ​ ម្តង។

កម្មករ​បម្រើ​ការងារ​តាម​ផ្ទះ​ភាគ​ច្រើន​មាន​អាយុ​ពី​១៦ ទៅ​២៥​ឆ្នាំ ប៉ុន្តែ​ជា​រឿយៗ​គេ​ក៏​សង្កេត​ឃើញ​មាន​កុមារ​តូចៗ​ពី​អាយុ​៨​ឆ្នាំ​ឡើង​ទៅ​ ក៏​បាន​ប្រឡូក​ការងារ នៅ​ក្នុង​វិស័យ​មិន​ផ្លូវការ​នេះ​ដែរ។

ការងារ​បម្រើ​តាម​ផ្ទះ​គឺ​ជា​ការងារ​មិន​ផ្លូវ​ការ​ឬ​ជា​ការងារ​ក្រៅ​ ប្រព័ន្ធ​មាន​ន័យ​ថា​ច្បាប់​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​បាន​គ្រប​ ដណ្តប់​ពួកគេ​ដូច​កម្មករ​រោងចក្រ​កាត់ដេរ​នោះ​ទេ។

អ្នក​បម្រើ​ការងារ​តាម​ផ្ទះ​ធ្វើ​ការងារ​ដោយ​មិនមាន​កិច្ច​សន្យា​ត្រឹមត្រូវ ​មិនមាន​ការធានា​រ៉ាប់រង​សុខភាព និង​មិនមាន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​អ្វី​ឡើយ។

រហូត​មក​ដល់​ពេល​នេះ​គេ​មិនទាន់​មាន​តួលេខ​បញ្ជាក់​ពី​ចំនួន​អ្នក​បម្រើ​ ការងារ​នៅ​តាម​ផ្ទះ​នោះ​ទេ​​ប៉ុន្តែ​​សមាគម​ប្រជាធិប្ប​តេយ្យ​សេដ្ឋកិច្ច​ ក្រៅ​ប្រព័ន្ធ​បាន​ប៉ាន់​ស្មាន់​ថា​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ចំណោម​ផ្ទះ​៥​ ខ្នង​ផ្ទះមួយ​មាន​អ្នក​បម្រើ​តាម​ផ្ទះ។

ចំនួន​អ្នក​បម្រើ​ការងារ​នៅ​តាម​ផ្ទះ​អាច​មាន​ចំនួន​ពី​១​នាក់ រហូត​ដល់​៨​នាក់ ពោល​គឺ​វា​ប្រែប្រួល​ទៅ​តាម​ទំហំ​គ្រួសារ ឬ​កម្រិត​ជីវភាព​របស់​គ្រួសារ​នីមួយៗ។

លោក ហេង សំអ៊ន អគ្គលេខាធិកា​នៃ​សមាគម​ប្រជាធិប​តេយ្យ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​បាន​និយាយ​ ថា អ្នក​បម្រើ​ការងារ​នៅ​តាម​ផ្ទះ​បាន និង​កំពុង​ប្រឈម​ទៅ​នឹង​ការរើសអើង​ពី​សំណាក់​ម្ចាស់ផ្ទះ។

ដើម្បី​លុប​បំបាត់​ទម្រង់​នៃ​ការរើសអើង​នេះ លោក សំអ៊ន បាន​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​អោយ​ពង្រីក​វិសាលភាព​ច្បាប់​ការងារ​ដែល​ មាន​ជា​ធរមាន​បច្ចុប្បន្ន​នេះ​អោយ​គ្រប​ដណ្តប់​ដល់​អ្នកបម្រើ​ការងារ​តាម​ ផ្ទះ​ផង។ លោកសំអ៊ន បានបញ្ជាក់ទៀតថា ប្រភេទការងារបម្រើតាមផ្ទះ​បានផ្តល់ការងារជាច្រើនដល់ជនក្រីក្រ នៅក្នុងប្រទេសកម្ពុជា ហើយ​បើគិតជាក្របខ័ណ្ឌពិភពលោក​ការងារប្រភេទនេះ​បានផ្តល់ការងារ​ប្រមាណជា​១០០​ លាន​នាក់​ដល់​ជន​ក្រីក្រ និង​ផ្តល់ប្រាក់ចំណូលជាច្រើន។

ជា​ការពិត ការងារ​ប្រភេទ​នេះ​បាន​ជួយ​ស្រោចស្រង់​ជីវិត​គ្រួសារ​ក្រីក្រ​បាន​យ៉ាង​ ច្រើន ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​ពិភពលោក​ទាំងមូល ប៉ុន្តែ​អ្វី​ដែល​ត្រូវ​ពិចារណា​នៅ​ពេល​នេះ គឺ​ថា​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​ត្រូវ​ចាត់​វិធានការ​ធ្វើ​យ៉ាង​ដូចម្តេច ​ដើម្បី​អោយ​ការងារ​ប្រភេទ​នេះ​មាន​តម្លៃ​ដូច​ជា​ការងារ​ដទៃ​ទៀត៕

Source: RFI France http://www.khmer.rfi.fr/cambodia/20100510

Categories: Laws Tags: ,
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: