Home > International Relations > ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​សហភាព​អឺរ៉ុប នៅ​លើ​ពិភពលោក Strength & Weakness of EU in the World

ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​សហភាព​អឺរ៉ុប នៅ​លើ​ពិភពលោក Strength & Weakness of EU in the World


ថ្ងៃ​នេះ​Jean-François TAIN សូម​បន្ត​និយាយ​ពី​ភូមិសាស្រ្ត​នយោបាយ​របស់​សហភាពអឺរ៉ុប ត​ទៅ​ទៀត ដោយ​សូម​លើក​ឡើង​អំពី​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​របស់​សហភាពអឺរ៉ុប នៅ​លើ​ឆាក​អន្តរជាតិ។

ឆ្នាំ​២០០៣ ជា​ឆ្នាំ​ដែល​សហភាពអឺរ៉ុប ចាប់ផ្តើម​ជួប​ប្រទះ​នឹង​វិបត្តិ​ធ្ងន់ធ្ងរ។ សង្គ្រាម​អាមេរិកាំង​នៅ​Irak ធ្វើ​ឲ្យ​អឺរ៉ុប​រួម​ប្រេះ​ឆា។ អង់គ្លេស អេស្ប៉ាញ និង​អ៊ីតាលី គាំទ្រ​អន្តរាគមន៍​យោធា​របស់​អាមេរិក។ រីឯ​បារាំង និង​អាល្លឺម៉ង់​វិញ​ប្រឆាំង។ ម្យ៉ាងវិញ​ទៀត គឺ​នៅ​ឆ្នាំ ២០០៣​នោះ​ហើយ ដែល​សហភាព​អឺរ៉ុប​ចាប់ផ្តើម​ទទួល​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត ជាហេតុ​ធ្វើ​ឲ្យ​ចំនួន​សមាជិក​កើន​ពី ១៥ ទៅ​២៥​ប្រទេស នៅ​ឆ្នាំ​២០០៤ និង​ក្រោយ​មក​ទៀត​ពី ២៥​ទៅ ២៧​ប្រទេស។

វត្តមាន​នៃ​សមាជិក​ថ្មី​ទាំង​ អស់​នេះ ធ្វើ​ឲ្យ​សហភាពអឺរ៉ុប​បែកបាក់​គ្នា កាន់​តែ​ខ្លាំង នៅ​ចំពោះ​មុខ​សង្គ្រាម​Irak ពីព្រោះ​បណ្តា​សមាជិក​ថ្មី​ចេញ​ពី​អឺរ៉ុប​ខាងកើត​ទាំងនេះ ដែល​បាន​ឋិត នៅ​ក្នុង​ក្រញាំ​របស់​សហភាពសូវៀត​ជា​ច្រើន​ទសវត្សរ៍ បែរ​ភ្លាម​ភ្លែត​ទៅ​ស្និទ្ធស្នាល​ជាមួយ​អាមេរិក ដោយហេតុតែ​ពួក​គេ​នៅ​ខ្លាច​រុស្ស៊ី និង​នៅ​មិន​ទុក​ចិត្ត​អាល្លឺម៉ង់។

អ៊ីចឹង ​ហើយ បាន​ជា​ចាប់​ពី​ឆ្នាំ​២០០៣​នោះ​មក សហភាព​អឺរ៉ុប​ចោទ​សួរ​ខ្លួនឯង​ខ្លាំង​ឡើងៗ ថា តើ​អ្វី​ទៅ​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​ពិភពលោក។

មែន​ទែន​ទៅ សហភាព​អឺរ៉ុប​ជា​មហា​អំណាច​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច។ មាន​ប្រជាជន​ប្រមាណ​តែ ៥០០​លាន​នាក់​ប៉ុណ្ណោះ ក៏​ប៉ុន្តែ សហភាព​អឺរ៉ុប​បង្កើត​បាន​២៥%​នៃ​ផលិតផល​ក្នុង​ដុល​របស់​ពិភពលោក​ទាំងមូល និង​តំណាង​២០%​នៃ​ពាណិជ្ជកម្ម​ពិភពលោក។ មិន​តែ​ប៉ុណ្ណោះ តាំង​ពី​ឆ្នាំ​២០០២​មក ប្រាក់​អឺរ៉ូ​របស់​សហភាព​អឺរ៉ុប​ថ្លៃ​ជាង​ប្រាក់​ដុល្លារ​របស់​អាមេរិក។ ម្ល៉ោះ​ហើយ ក៏​ដូច​សហរដ្ឋអាមរិក​ដែរ សហភាពអឺរ៉ុប​មាន​មធ្យោបាយ​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​មហិច្ឆតា​នយោបាយ​ ធំធេង​នៅ​ក្នុង​ពិភពលោក ឬ​យ៉ាង​ហោច​ណាស់ ក៏​នៅ​ក្នុង​តំបន់​Balkan និង​នៅ​ក្នុង​តំបន់​ជុំវិញ​សមុទ្រ​Méditerranée​ដែរ។

ប្រសើរ​ជាង​នេះ​ ទៅ​ទៀត មតិ​អន្តរជាតិ​ចង់​ឃើញ​សហភាព​អឺរ៉ុប​ដើរ​តួនាទី​កាន់​តែ​សំខាន់​ នៅ​ក្នុង​ពិភពលោក ពីព្រោះ​សហភាព​អឺរ៉ុប​មាន​រូបភាព​ល្អ ត្រូវ​គេ​ចាត់ទុក​ជា​មហា​អំណាច​ត្រជាក់ Soft power ដែល​ការពារ​ពហុភាគី​និយម នៅ​ក្នុង​ប្រព័ន្ធ​ទំនាក់​ទំនង​អន្តរជាតិ និង​ដែល​ឲ្យ​តម្លៃ​ទៅ​លើ​សន្តិភាព ស្ថិរភាព លទ្ធិ​ប្រជាធិបតេយ្យ យុត្តិធម៌ និង​សាមគ្គីធម៌ ព្រម​ទាំង​អភិក្រម​នៃ​ការចរចា ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ។

សហភាព​អឺរ៉ុប​មិន​ខ្វះ​ទេ សមត្ថភាព និង​មធ្យោបាយ តែ​ខ្វះ​ឆន្ទៈ​នយោបាយ។ បាន​ន័យ​ថា បណ្តា​សមាជិក នៅ​តែ​គិត​ពី​ប្រយោជន៍​របស់​ប្រទេស​គេ​រៀងៗ​ខ្លួន ខ្លាំង​ជាង​ប្រយោជន៍​របស់​អឺរ៉ុប​រួម។ ម្ល៉ោះ​ហើយ នៅ​ក្នុង​សហភាពអឺរ៉ុប មិនទាន់​អាច​មាន​ទៅ​កើត​ទេ ទី​បញ្ជាការ​រួម​តែ​មួយ។ ប្រទេស​សមាជិក​នីមួយៗ ជា​អ្នកសម្រេច​កិច្ចការ​នយោបាយ​រៀងៗ​ខ្លួន ហើយ​រដ្ឋធានី​បី មាន​ទឹក​មាត់​ប្រៃ​ជាង​គេ និង​ទម្ងន់​ខ្លាំង​ជាង​គេ គឺ​ទីក្រុង​Paris​នៃ​ប្រទេស​បារាំង ទីក្រុង​Londres​នៃ​ប្រទេស​អង់គ្លេស​និង​ទីក្រុង​Berlin​នៃ​ប្រទេស​ អាល្លឺម៉ង់។

កង្វះ​ឆន្ទៈ​នយោបាយ​រួម បណ្តាល​ឲ្យ​សហភាពអឺរ៉ុប​ខ្វះ​យុទ្ធសាស្ត្រ​រួម។ ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ ដែល​គេ​បាន និង​កំពុង​បន្ត​និយាយ​ពី​ការបង្កើត​កងទ័ព​អឺរ៉ុប​រួម​មួយ​ដែល​អាច​ខ្លាំង ស្មើ​នឹង​ទ័ព​អាមេរិកាំង។ ក៏​ប៉ុន្តែ ដរាបណា បណ្តា​ប្រទេស​សមាជិក​ទាំង​អស់ នៅ​តែ​មិន​ទាន់​ដាច់ចិត្ត​បោះបង់​ចោល​អធិបតេយ្យ​រៀងៗ​ខ្លួន​របស់​គេ​ទេ ដរាប​នោះ​នឹង​នៅ​តែ​មិន​អាច​មាន​ទៅ​កើត​ទេ​កងទ័ព​អឺរ៉ុប​រួម។ មិន​តែ​ប៉ុណ្ណោះ ប្រទេស​សមាជិក​អឺរ៉ុប​នីមួយៗ ចាយ​ប្រាក់​តិច​ជាង​សហរដ្ឋអាមេរិក នៅ​ក្នុង​វិស័យ​ការពារ​ជាតិ គឺ​ប្រមាណ​២,៥% នៃ​ផលិតផល​ដុល​ក្នុង​ស្រុក​សម្រាប់​ប្រទេស​បារាំង ក៏​ដូច​សម្រាប់​ប្រទេស​អង់គ្លេស និង​១,៥%​នៃ​ផលិតផល​ដុល​ក្នុង​ស្រុក​សម្រាប់​ប្រទេស​អាល្លឺម៉ង់ ទល់​នឹង​៤%​នៃ​ផលិតផល​ដុល​ក្នុង​ស្រុក​សម្រាប់​សហរដ្ឋ​អាមេរិក។

គ្មាន ​កងទ័ព​រួម សហភាព​អឺរ៉ុប​គ្មាន​អំណាច​នៅ​លើ​ឆាក​អន្តរជាតិ។ ម្ល៉ោះ​ហើយ ដើម្បី​មាន​ទឹកមាត់​ប្រៃ​នៅ​ក្នុង​ពិភពលោក សហភាព​អឺរ៉ុប​ក៏​សម្រេច​បង្កើត​មុខ​តំណែង​ពីរ​សែន​សំខាន់ តាម​រយៈ​សន្ធិសញ្ញា​ទីក្រុង​Lisbonne ឆ្នាំ​២០០៧ នោះ​គឺ​តំណែង​ប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​អឺរ៉ុប និង​តំណែង​ឧត្តម​តំណាង​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​សន្តិសុខ។

ក៏ ​ប៉ុន្តែ​សម្រេច​សម្រួច​ទៅ ស្រាប់​តែ​បណ្តា​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង​២៧ ត្រូវរ៉ូវ​គ្នា​តែងតាំង​ជា​ប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​អឺរ៉ុប ជនជាតិ​Belgique​ម្នាក់ គឺ​លោក​Van Rompuy។ គាត់​មិន​គ្រាន់​តែ​ជា​មនុស្ស​ម្នាក់​ដែល​គ្មាន​បុគ្គលិក​លក្ខណៈ​ប៉ុណ្ណោះ​ ទេ ដើម្បី​អាច​អង្គុយ​ចរចា​បាន​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិកាំង ឬ​លោក​ប្រមុខរដ្ឋ​ចិន ជាង​នេះ​ទៅ​ទៀត គាត់​ជា​មនុស្ស​ម្នាក់​ដែល​គ្មាន​អ្នកណា​ស្គាល់​ឈ្មោះ​ទៅ​ទៀត នៅ​លើ​ឆាក​អន្តរជាតិ។ បាន​ន័យ​ថា នៅ​ទី​បំផុត បណ្តា​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​អឺរ៉ុប​នៅ​តែ​មិន​ព្រម​ប្រគល់​អំណាច​ទៅ​ឲ្យ​អ្នកណា​ ម្នាក់​ដើម្បី​និយាយ​ជំនួស ឬ​ចរចា​ជំនួស​ពួកគេ​ទេ នៅ​លើ​ឆាក​អន្តរជាតិ។

ចំណុច ​ខ្សោយ​មួយ​ទៀត​របស់​សហភាពអឺរ៉ុប គឺ​សន្ទុះ​សេដ្ឋកិច្ច​មិន​ខ្លាំង​និង​មិន​លឿនរហ័ស​តាំង​ពី​ទសវត្សរ៍​ទី​៩០​ មក​ម៉្លេះ បើ​ប្រៀបធៀប​ទៅ​នឹង​សន្ទុះ​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក និង​របស់​ចិន។ សេដ្ឋកិច្ច​របស់​អឺរ៉ុប​រឹងរឹត​តែ​ខ្សោយ តាំង​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​សកល​ក្នុង​ឆ្នាំ​២០០៨​មក។

បើ​និយាយ​ ពី​ប្រជាសាស្រ្ត​វិញ ប្រជាជន​អឺរ៉ុប​ដែល​មាន​វ័យ​កាន់​តែ​ចាស់ ចោទ​ជា​បញ្ហា​ជុំវិញ​ការរក​ប្រាក់​មក​ចិញ្ចឹម​អ្នកចូល​និវត្តន៍ ចោទ​ជា​បញ្ហា​ជុំវិញ​តុល្យភាព​នៅ​ក្នុង​សង្គម និង​អាច​ធ្វើ​ឲ្យ​គ្រឹះ​នៃ​ភាពចំរុង​ចំរើន ព្រម​ទាំង​គ្រឹះ​នៃ​អារ្យធម៌​អឺរ៉ុប​រង្គោះ​រង្គើ។

និយាយ​សរុប​មក​វិញ ដើម្បី​ពង្រឹង​ពង្រីក​សមត្ថភាព និង​សកម្មភាព​រួម​របស់​ខ្លួន នៅ​លើ​ឆាក​អន្តរជាតិ​ទៅ​បាន អឺរ៉ុប​ត្រូវ​កំណត់​ឲ្យ​ច្បាស់លាស់​ជា​មុន​សិន​មហិច្ឆតា​រួម​របស់​ខ្លួន។ តើ​បណ្តា​ប្រទេស​អឺរ៉ុប​ចង់​ក្លាយ​ជា​សហព័ន្ធន៍ ក្នុង​គោលដៅ​ដើរ​តួនាទី​ជា​មហា​អំណាច​នយោបាយ និង​យោធា​ដូច​សហរដ្ឋអាមេរិក​ដែរ​ឬ​ទេ ឬ​មួយ​ក៏​គ្រាន់​តែ​ចង់​រួបរួម​គ្នា​ជា​សមាគម​ប្រជាជាតិ​មួយ​ដើម្បី​បង្កើន​ ប្រយោជន៍​សេដ្ឋកិច្ច​តែ​ប៉ុណ្ណោះ?

នៅ​សប្តាហ៍​ក្រោយ ខ្ញុំ​នឹង​ចាប់ផ្តើម​វិភាគ​មើល​ថា តើ​នៅក្នុង​ពិភពលោក​សព្វថ្ងៃ ផល​ប្រយោជន៍​របស់ សហភាព​អឺរ៉ុប​ឋិត​នៅ​ឯណា និង​ថា តើ​សហភាព​អឺរ៉ុប​ត្រូវ​ប្រកាន់​យក​ឥរិយាបថ​បែប​ណា នៅ​ចំពោះ​មុខ អាមេរិក អាស៊ី ឬ​អាហ្វ្រិក?

Source: RFI France http://www.khmer.rfi.fr/europe/strength-weakness-eu-world

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: