Home > International Relations > ទ្រឹស្តី​អាច​ក្លាយ​ជា​ការពិត តែ​មិនមែន​ជា​ការ​ពិត​ទេ

ទ្រឹស្តី​អាច​ក្លាយ​ជា​ការពិត តែ​មិនមែន​ជា​ការ​ពិត​ទេ


ចាប់​ពី​សប្តាហ៍​នេះ​ទៅ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បើក​ទំព័រ​ថ្មី​នៃ​ភូមិសាស្រ្តនយោបាយ។ ហ្សង់-ហ្វ្រង់ស័រ នឹង​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​នៃ​ពិភពលោក​បច្ចុប្បន្ន ចង្អុល​បង្ហាញ​មហា​អំណាច​ដែល​កំពុង​ដាំ​ក្បាល និង​មហា​អំណាច​ថ្មីថ្មោង​ដែល​កំពុង​លេចត្រដែត​ឡើង លើក​ឡើង​អំពី​ចំណោទ​ធំៗ​របស់​មនុស្សជាតិ នា​ដើម​សតវត្សរ៍​ទី២១​នេះ និង​សាកល្បង​វិភាគ​មើល​គ្រោះថ្នាក់​ធំៗ ដែល​នឹង​អាច​កើត​ឡើង នា​ពេល​អនាគត។

សម័យ​ណា​ក៏​ដូច​សម័យ​ណា តែងតែ​មាន​ទ្រឹស្តី​ជាសកល​មួយ ដែល​ចង្អុល​បង្ហាញ​ថា​ស្ថានភាព​នៅ​លើ​លោក​បច្ចុប្បន្ន វា​មាន​លក្ខណៈ​យ៉ាង​នេះ ហើយ​វា​នឹង​វិវឌ្ឍ​ទៅ​យ៉ាង​នោះ នា​ពេល​ខាង​មុខ។ ក៏​ប៉ុន្តែ សម្រេចសម្រួច​ទៅ ការពិត​មិន​ដូច​ទ្រឹស្តី​សោះ ពីព្រោះ មាន​កត្តា​ច្រើន និង​ច្រើន​ប្រភេទ ដែល​នៅ​ទីបំផុត​បាន​មក​កែប្រែ ឬ​ធ្វើ​ឲ្យ​ស្មុគស្មាញ ឬក៏​ធ្វើ​ឲ្យ​ក្រឡាប់​​ចាក់​​តែ​ម្តង ស្ថានការណ៍​និង​ទិដ្ឋភាព​ដើម។

ប៉ុន្មាន​ឆ្នាំ​មុន​នេះ​សោះ គឺ​ក្រោយ​ពី​សហភាព​សូវៀត​បាន​រលាយ​ និង​សង្គ្រាម​ត្រជាក់​បាន​ចប់ សហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ជា​មហា​អំណាច​ផ្តាច់​មុខ ពីព្រោះ​គ្មាន​គូ​ប្រជែង យូរ​ឆ្នាំ​ត​ទៅ​មុខ នៅ​លើ​គ្រប់​វិស័យ នយោបាយ យោធា វប្បធម៌ វិទ្យាសាស្ត្រ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ សហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​មហា​ប្រទេស​ជើង​ឯក ខាង​លទ្ធិ​ប្រជាធិបតេយ្យ និង​ខាង​សេដ្ឋកិច្ច​សេរី។ ហើយ​គេ​បាន​និយាយ​ទៀត​ថា គំរូ​នយោបាយ​ និង​សេដ្ឋកិច្ច​តាម​បែប​អាមេរិក​នេះ ច្បាស់​ជា​នឹង​គ្រប​ដណ្តប់ មិន​យូរ​មិន​ឆាប់​ទៅ​លើ​ពិភពលោក​ទាំង​មូល។

នៅ​ទី​បំផុត ស្ថានភាព​មិន​បាន​វិវឌ្ឍ​ទៅ ដូច​ការ​គ្រោង​ទុក​ឡើយ។ នៅ​ថ្ងៃ​ទី​១១​កញ្ញា​ឆ្នាំ​២០០១ ភេរវជន​អត្តឃាត​មួយ​ក្រុម​បើក​យន្តហោះ​បុក​ទម្លាយ​អគារ​ភ្លោះ នៅ​New York សហរដ្ឋ​​អាមេរិក បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​៣ ០០០​នាក់ និង​កំទេច​ជា​ស្ថាពរ​ទ្រឹស្តី​ដែល​ថា​សហរដ្ឋអាមេរិក​ជា​មហា​អំណាច​ខ្លាំង​ ផ្តាច់​មុខ គ្មាន​គូ​ប្រជែង។

ក្រោយ​មក​ទៀត សង្គ្រាម​អាហ្វហ្កានីស្តង់​(Afghanistan) និង​សង្គ្រាម​អៀរ៉ាក់​(Irak) បំផុស​ឲ្យ​មាន​នូវ​ទ្រឹស្តី​សកល​មួយ​ថ្មី នោះ​គឺ​សតវត្សរ៍​ទី២១ ជា​សតវត្សរ៍​នៃ​សង្គ្រាម​រវាង​អ៊ីស្លាម​ជ្រុល​និយម និង​បស្ចិមលោក។ ពួក​អ្នក​ឯកទេស​ខាង​ភូមិសាស្រ្ត​នយោបាយ នាំ​គ្នា​បញ្ចេញ​ផែនទី លាត​ត្រដាង​ចំណុច​ក្តៅៗ​នៃ​អធិករណ៍ សមរភូមិ​ពិត​ និង​សមរភូមិ​ជា​យថាហេតុ ព្រម​ទាំង​ជំរំ​របស់​ពួក​ភេរវជន​និយម​សង្គ្រាម​សាសនា នៅ​អាស៊ី នៅ​ភូមិភាគ​ដើមបូព៌ា នៅ​អាហ្វ្រិក នៅ​តំបន់​ម៉ាហ្ក្រិប​(Magreb) និង​នៅ​អឺរ៉ុប។

ប៉ុន្តែ ទ្រឹស្តី​ថ្មី​នេះ មិន​បាន​នៅ​គង់វង្ស​យូរ​ឡើយ។ នៅ​ឆ្នាំ​២០០៨-២០០៩ វិបត្តិ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​សកល ផ្ទុះ​ឡើង ញ៉ាំង​ក្រុម​អ្នក​សង្កេត​ការណ៍​ឲ្យ​បំភ្លេច​គ្រោះថ្នាក់​អ៊ីស្លាម​ជ្រុល​ និយម និង​ឲ្យ​មើល​ឃើញ​កាន់​តែ​ច្បាស់​នូវ​បាតុភាព​មួយ​ដែល​បាន​កើត​ចេញ​ជា​រូបរាង ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ។ បាតុភាព​នោះ គឺ​ការ​លេច​ត្រដែត​ឡើង​កាន់​តែ​លឿន​និង​កាន់​តែ​ច្បាស់ នៃ​មហា​អំណាច​ថ្មីថ្មោង​មួយ​ចំនួន ដូច​ជា​ប្រទេស​ចិន ឥណ្ឌា ប្រេស៊ីល ។ល។​និង​។ល។ ​និយាយ​បែប​ផ្សេង សសរ​ទ្រូង​នៃ​ភូមិសាស្រ្ត​នយោបាយ​ពិភពលោក បាន​ចល័ត​ចេញ​ពី​មហា​សមុទ្រ​អាត្លង់តិក​(Atlantique) ទៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​(Pacifique)។ បាន​ន័យ​ថា​ពី​អំណើះ​ត​ទៅ តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក គឺ​ជា​ឆាក​អន្តរជាតិ​សំខាន់​ជាង​គេ គឺ​ជា​អនាគត​របស់​ពិភព​លោក។ បាន​ន័យ​ទៀត​ថា បស្ចិមលោក ទាំង​អឺរ៉ុប​ ទាំង​សហរដ្ឋ​អាមេរិក កំពុង​តែ​ដាំ​ក្បាល អស់​ឫទ្ធិ និង​ខ្សោយ​ទៅៗ។

នៅចំពោះមុខទ្រឹស្តីសកលថ្មីនេះដែលចង្អុលបង្ហាញឲ្យឃើញកាន់តែច្បាស់ស្រមោលរបស់ប្រទេសមហាយក្សថ្មីថ្មោងក្រុមអ្នកសង្កេតការណ៍ចាប់ផ្តើមអះអាងថាជើងឯកនៃសតវត្សរ៍ទី២១គឺមិនមែនសហរដ្ឋអាមេរិកទៀតឡើយតែគឺប្រទេសចិនទៅវិញទេ ​តើ។

ទ្រឹស្តីសកលថ្មីនេះ​អះអាង​ថា​ចិន​នឹង​ក្លាយ​ជា​មហា​អំណាច​ធំ​ជាង​គេ​នា​ពេល​ អនាគត​ដោយសារ​តែ​កត្តា​ច្រើន​យ៉ាង។ ទីមួយ​គឺ​ចំនួន​ច្រើន​សន្ធឹកសន្ធាប់​នៃ​ ប្រជាជន។ ទីពីរ​គឺ​ម៉ាស៊ីន​សេដ្ឋកិច្ច​ដែល​ខ្ជាក់​ចេញ​នូវ​កំណើន​ច្រើន​លើស​ លុប​ជា​ហេតុ​ធ្វើ​ឲ្យ​អាមេរិក​អឺរ៉ុប និង​ជប៉ុន​លួច​ច្រណែន។ ទីបី​គឺ​ បច្ចេកវិជ្ជា​បាន​ន័យ​ថា​ចិន​មិនមែន​គ្រាន់​តែ​ចេះ​ផលិត​របស់​របរ​កំប៉ិក​ កំប៉ុក​ប៉ុណ្ណោះ​ទេ​ ចិន​ក៏​ចេះ​ធ្វើ​ដែរ​រថយន្ត​រទេះ​ភ្លើង​ល្បឿន​ខ្លាំង​ និង​មិន​យូរ​ឡើយ​យន្ត​ហោះ​ព្រម​ទាំង​យាន​អវកាស។ ទីបួន​គឺ​យោធា​ជាមួយ​នឹង​ ការកើន​ឡើង​ជា​លំដាប់​នៃ​ប្រាក់​ចំណាយ​សម្រាប់​វិស័យ​ការពារ​ជាតិ។ និង​ទី​ ប្រាំ​គឺ​គំរូ​ដឹកនាំ​ប្រទេស​តាម​បែប​ចិន​បាន​ន័យ​ថា​អំណាច​ផ្តាច់ការ​ផ្គួប ​នឹង​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ដែល​ប្រទេស​ចិន​បាន​អនុវត្ត​តាំងពី​ឆ្នាំ​ ១៩៧៩​មក​ម៉្លេះ​កំពុង​ក្លាយ​ជា​គំរូ​សម្រាប់​អ្នក​ដឹកនាំ​ច្រើន​ឡើងៗ​នៅ​ ក្នុង​លោក។

ក៏ប៉ុន្តែទ្រឹស្តីសកលថ្មីនេះដែលចង្អុលបង្ហាញនូវការលេចត្រដែតឡើងនៃ​មហាអំណាច​ ថ្មីថ្មោង​ដូច​យ៉ាង​ចិន​ជាដើម​ក៏​មិន​បា្រកដ​ថា​នឹង​ក្លាយ​ជា​ការ​ពិត​ដែរ​ ដោយ​ហេតុ​តែ​មាន​ច្រើន​ណាស់​ភាព​ចៃដន្យ​នៃ​ប្រវត្តិសាស្រ្ត។ ថ្នាក់​ដឹកនាំ​ ចិន​ខ្លួន​ឯង​ច្បាស់​ជា​យល់​ដឹង​ថា​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​មិនមែន​ជា​ ផ្លូវ​មួយ​ត្រង់​​ភ្លឹង​​នោះ​ទេ​តែជា​ផ្លូវ​វៀច​កាត់​ស្ទឹង​ទន្លេ និង​ជ្រោះ ​ភ្នំ។

តើនៅក្នុងពិភពលោកសព្វថ្ងៃប្រទេសណាខ្លះទៅ​ដែល​ជា​មហា​អំណាច? តើ​អ្វី​ទៅ​អធិករណ៍ និង​ចំណោទ​សំខាន់ៗ​ដែល​បាន​និង​កំពុង​បន្ត​ចោទ​ឡើង​ សម្រាប់​មនុស្ស​ជាតិ? និង​​តើ​​អ្វី​​ទៅ គ្រោះ​ថ្នាក់​​ធំៗ នា​​ពេល​​អនាគត?

ចាប់ពីសប្តាហ៍ក្រោយនេះទៅខ្ញុំនឹងសាកល្បង​ឆ្លើយ​នឹង​សំណួរ​ទាំង​អស់​នេះ៕

Source: RFI France http://www.khmer.rfi.fr/general/

Categories: International Relations Tags:
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: