Home > Money & Banking > អឺរ៉ូ​ធ្លាក់​ថ្លៃ៖ ល្អ​ឬ​អាក្រក់​សម្រាប់​សេដ្ឋកិច្ច​អឺរ៉ុប? Euro Depreciation: Whether It Good or Bad For European Economy

អឺរ៉ូ​ធ្លាក់​ថ្លៃ៖ ល្អ​ឬ​អាក្រក់​សម្រាប់​សេដ្ឋកិច្ច​អឺរ៉ុប? Euro Depreciation: Whether It Good or Bad For European Economy


www.khmer.rfi.fr

CHRONIQUE ECONOMIQUE 21-05-2010

កាល​ពី​ថ្ងៃ​ពុធ​កន្លងទៅនេះ អត្រាប្តូរប្រាក់​អឺរ៉ូ​ធៀប​នឹង​ដុល្លារ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​មួយ​ទាប ​បំផុត​មិន​ធ្លាប់​ឃើញ​មាន​ ក្នុង​រយៈពេល ៤​ឆ្នាំ​ចុងក្រោយ​នេះ។ ប្រមុខរដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ប្រើ​លុយ​អឺរ៉ូ​ បាន​នាំ​គ្នា​ ខ្នះខ្នែង​រក​មធ្យោបាយ ដើម្បី​​ជួយ​ស្រោចស្រង់​ស្ថានការណ៍​អឺរ៉ូ​ឡើងវិញ។ ខ្លះ​ថា លុយអឺរ៉ូ​កំពុង​ជួប​នឹង​វិបត្តិ​ដ៏ធ្ងន់ធ្ងរ! ខ្លះថា លុយអឺរ៉ូ​កំពុង​រងនូវការ​គំរាមកំហែង! ក៏ប៉ុន្តែ ក្នុងពេល​ជាមួយ​គ្នា​នេះ​ មាន​អ្នកខ្លះ​បែរជា​យល់ថា ការធ្លាក់​ថ្លៃ​នៃ​លុយ​អឺរ៉ូ​នេះ ផ្តល់​ផល​ល្អ​ដល់​សេដ្ឋកិច្ច​​អឺរ៉ុប​ទៅវិញ!

មែនទែនទៅ តើ​លុយអឺរ៉ូ​ធ្លាក់ចុះទាប​ខ្លាំង​​នេះ ជា​​ផល​ល្អ ឬ​អាក្រក់​ សម្រាប់​សេដ្ឋកិច្ច​អឺរ៉ុប?

១អឺរ៉ូ​ប្តូរ​បាន ១​ដុល្លារ ២១​សេន គឺ​ជា​​អត្រាប្តូរប្រាក់​អឺរ៉ូ កាល​ពី​ថ្ងៃ​ពុធ ហើយ​ជា​កម្រិត​មួយ​ទាបបំផុត​មិន​ធ្លាប់​ឃើញ​មាន ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក!

លោកស្រី​អង់ហ្កេឡា មែរកិល (Angela Merkel) ប្រមុខ​រដ្ឋាភិបាល​អាឡឺម៉ង់​បាន​លើក​ឡើង​ថា “អឺរ៉ូ​កំពុង​រង​នូវការ​គំរាម​កំហែង​ដ៏ធ្ងន់ធ្ងរ!”។ អគ្គនាយក​ធនាគារ​កណ្តាល​អឺរ៉ុប គឺ​លោក​ហ្សង់ខ្លូដ ទ្រីស្ហេ (Jean-Claude Trichet) ថា “អឺរ៉ុប​កំពុង​ជួប​នឹង​វិបត្តិ​ដ៏ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំង ​ពី​សង្រ្គាម​លោក​លើក​ទី២ ឬ​ក៏​សង្រ្គាម​លោក​លើក​ទី១​មក!”។

ផ្ទុយទៅវិញ លោក​ស៊ីលវីយ៉ូ ប៊ែលូស្កូនី (Silvio Berlusconi) នាយករដ្ឋមន្រ្តី​អ៊ីតាលី​បាន​អះអាង​ថា ការធ្លាក់ថ្លៃ​នៃ​លុយ​អឺរ៉ូ​ ពេលនេះ បាន​ជួយ​ជំរុញ​ដល់​ការនាំចេញ​របស់​អ៊ីតាលី។ បណ្តា​ប្រធាន​ក្រុមហ៊ុន និង​អ្នក​សេដ្ឋកិច្ច​ខ្លះ​ទៀត​យល់ថា លុយ​អឺរ៉ូ​ធ្លាក់​ថ្លៃ​ នៅពេលនេះ គឺ​ចំពេល​ល្អ ព្រោះ​​វា​អាច​ជា​កម្លាំង​ជំរុញ​កំណើន​សេដ្ឋកិច្ច​អឺរ៉ុប។

យើង​ឃើញ​ថា មួយក្រុម​ថា មិនល្អ មួយ​ក្រុមទៀត​ថា ល្អ! តើ​អ្នកណា​ត្រូវ ហើយ​អ្នក​ណា​ខុស?!

ជាការពិតណាស់​ថា នៅ​ក្នុង​កាលៈទេសៈ ដែល​សេដ្ឋកិច្ច​អឺរ៉ុប​កំពុង​តែ​​តស៊ូ​ងើប​ចេញ​ពីវិបត្តិ អត្រាប្តូរប្រាក់​អឺរ៉ូ​ធ្លាក់​ចុះ គឺ​ជា​ដំណឹង​ល្អ​មួយ ពីព្រោះ​ថា វា​ជួយ​ឲ្យ​ទំនិញ​​​ផលិត​នៅ​តាម​បណ្តាប្រទេស​ប្រើ​លុយ​អឺរ៉ូ​​អាច​ប្រកួត​ ប្រជែង​ជាមួយ​ទំនិញ​មក​ពី​ប្រទេស​ផ្សេងៗ​ទៀត។
គួរ​បញ្ជាក់​ថា ទំនិញ​ដែល​ផលិត នៅ​ប្រទេស​ប្រើ​លុយ​អឺរ៉ូ ថ្លៃ​ដើម គឺ​គិតជា​អឺរ៉ូ ហើយ​លក់​ទៅវិញ ក៏​គិតជា​អឺរ៉ូ​ដែរ។ ដូច្នេះ នៅ​ពេល​ដែល​តម្លៃ​លុយ​​អឺរ៉ូ​ធ្លាក់ចុះ​ធៀបនឹង​លុយ​ដុល្លារ ថ្លៃ​ទំនិញ​នៅ​អឺរ៉ុប​ បើ​​​គេ​​​​គិតជា​អឺរ៉ូ នៅ​ដដែលក៏ពិតមែន ក៏ប៉ុន្តែ បើ​គិត​ជា​ដុល្លារវិញ គឺ​មាន​តម្លៃ​ទាប​ជាងមុន។ ហេតុនេះ​ លុយអឺរ៉ូ​ធ្លាក់​ចុះ​ទាប គឺ​អាច​ជួយ​បង្កើន​ការនាំចេញ​នៃ​​ទំនិញ​របស់​ប្រទេស​ប្រើ​លុយ​អឺរ៉ូ។

បើ​គិត​​ជាទ្រឹស្តី​សេដ្ឋកិច្ច ប្រសិន​បើ​លុយអឺរ៉ូ​​ធ្លាក់ចុះ ១០% ក្នុង​រយៈពេល ២ឆ្នាំ ការនាំចេញ​​នៃ​បណ្តា​ប្រទេស​ប្រើ​លុយ​អឺរ៉ូ​នឹង​កើន​ឡើង ៥% ហើយ​កំណើន​សេដ្ឋកិច្ច​អាច​នឹង​កើន​ឡើង ១%។ ក្រឡេកមើល​ស្ថានភាព​ជាក់ស្តែង នៅពេលនេះ​វិញ តើ​ការធ្លាក់ចុះ​នៃ​លុយអឺរ៉ូ​ពិត​ជា​ធ្វើ​ឲ្យ​ការនាំចេញ​កើន​ឡើង​មែន​ដែរ​ ឬទេ?

កាល​ពី​ថ្ងៃពុធ កន្លងទៅនេះ លោក​ស៊ីលវីយ៉ូ ប៊ែលូស្កូនី នាយក​រដ្ឋមន្រ្តី​អ៊ីតាលី​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយថា ការ​ធ្លាក់ចុះ​នៃ​លុយអឺរ៉ូ ពេលនេះ បាន​ធ្វើ​ឲ្យ​ការនាំចេញ​របស់​អ៊ីតាលី​ នៅ​ត្រីមាស​ទី១ ឆ្នាំ​២០១០​នេះ កើន​ឡើង​ចំនួន ១៧% បើ​ធៀប​នឹង​​ត្រីមាស​ទី១ ឆ្នាំ​ឆ្នាំ​ទៅមិញ។ តួលេខផ្សេង​ទៀត​ក៏​បាន​បង្ហាញ​ដែរ​ថា ប្រទេស​​មហាអំណាច​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ប្រើ​លុយ​អឺរ៉ូ រួមមាន អាឡឺម៉ង់ បារាំង និង​អ៊ីតាលី កំពុង​ទាញ​យក​ប្រយោជន៍​ពី​លុយ​អឺរ៉ូ​ធ្លាក់ចុះ។ យោងតាម​តួលេខ​របស់​ Eurostat កាលពីខែមីនា កន្លងទៅនេះ ការនាំចេញ​របស់​ប្រទេស​ទាំង​១៦ ដែល​ប្រើ​លុយ​អឺរ៉ូ បាន​​កើនឡើង​​ជិត​ទ្វេដង បើ​ធៀប​នឹង​ខែ​កុម្ភៈ។

ដូច្នេះ បើ​មើល​ទៅ​លើ​តួលេខ​ទាំងនេះ ​ការ​ណ៍​ដែល​លុយ​អឺរ៉ូ​ធ្លាក់​ថ្លៃ​ពិត​ជា​ផ្តល់​ល្អ ដល់​ការនាំចេញ​របស់​ប្រទេស​ប្រើ​លុយ​អឺរ៉ូ​ពិតមែន។ ក៏ប៉ុន្តែ បើ​ពិតជាបែបនេះ​មែន ហេតុ​អ្វី​បាន​ជា​គេនាំ​គ្នា​បារម្ភ​នឹង​វិបត្តិ​តំបន់​អឺរ៉ូ នៅពេលនេះ ខ្លាំង​ម៉្លេះ? ហេតុ​អ្វី​បាន​ជា​ប្រទេស​ប្រើ​លុយ​អឺរ៉ូ​ខិតខំ​ស្រាក់​គ្នា បង្កើត​មូលនិធិពិសេស ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ​​ជាង​៩០ម៉ឺនលាន​អឺរ៉ូ ដើម្បី​ជួយស្រោចស្រង់​តំបន់​អឺរ៉ូ​បែបនេះ?

តាមការពិត អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ព្រួយបារម្ភ គឺ​មិនមែន​​អំពី​​រឿង​លុយ​អឺរ៉ូ​ធ្លាក់ថ្លៃ​នេះទេ។ ផ្ទុយទៅវិញ គឺ​មូលហេតុ ដែល​នៅ​ពីក្រោយ​ការ​ធ្លាក់ថ្លៃ​អឺរ៉ូ​នេះ​ទៅវិញ​ទេ ដែល​ធ្វើ​ឲ្យ​គេ​បារម្ភ។ អឺរ៉ូ​ធ្លាក់ថ្លៃ​នៅពេលនេះ មិនមែន​ជាលទ្ធផល​នៃ​វិធានការ​របស់​រដ្ឋាភិបាល ឬ​ក៏​របស់​ធនាគារ​កណ្តាល​សហភាព​អឺរ៉ុប​ ដូចជា ការ​បញ្ចុះ​ការប្រាក់ ឬ​វិធានការណាមួយ​ផ្សេង​ទៀត​នោះទេ ប៉ុន្តែ គឺ​ធ្លាក់ថ្លៃ​ដោយ​មក​ពី​ការ​ជ្រួលច្របល់​នៅ​ក្នុង​ទីផ្សារ​ ហិរញ្ញវត្ថុ។ វិបត្តិ​​នៅ​ប្រទេស​ក្រិក និង​ស្ថានភាព​សេដ្ឋកិច្ច​ផុយស្រួយ​នៅ​តាម​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត បាន​ធ្វើ​ឲ្យ​អ្នកវិនិយោគទុន​បាត់បង់​ទំនុកចិត្ត​​លើ​លុយ​អឺរ៉ូ។ អ្នកទិញដូរ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​​ ដែល​ចង់​​ឆ្លៀត​កេង​ចំណេញ​លើ​រឿងនេះ ក៏​បាន​ធ្វើ​ឲ្យ​លុយ​អឺរ៉ូ​កាន់តែ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ទៅទៀត។

នៅពេលនេះ បើ​ទោះជា​ទទួល​ជំនួយ​ពី​សហភាព​អឺរ៉ុប និង​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​យ៉ាង​​ច្រើន​សន្ធឹកសន្ធាប់​ហើយ​ក៏ដោយ ​ក៏​វិបត្តិ​នៅ​ប្រទេស​ក្រិក​នៅតែ​មិនទាន់​​ដោះស្រាយ​ចប់​នៅឡើយដែរ។ ប្រទេស​ផ្សេងៗ​ទៀត ក្នុង​តំបន់​អឺរ៉ូ​ក៏​មាន​បញ្ហា​​ឱនភាព​ថវិកា​ច្រើន​មិនចាញ់​ប្រទេស​ក្រិក​ ប៉ុន្មាន​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​មាន​ការបារម្ភ​ថា វិបត្តិ​ក្រិក​អាច​នឹង​រាលដាល​ទៅ​​ប្រទេស​ផ្សេងទៀត។

នេះ​ហើយ​ជា​ឫសគល់​នៃ​បញ្ហា ដែល​ធ្វើ​ឲ្យ​គេ​ព្រួយបារម្ភ។ ការធ្លាក់ថ្លៃ​លុយ​អឺរ៉ូ​​គ្រាន់តែ​ជា​ផលវិបាក​ ដែល​កើតចេញ​ពី​បញ្ហា​ទាំងនេះ​ប៉ុណ្ណោះ មិនមែន​ជា​ដើមហេតុ​នៃ​បញ្ហា​នោះទេ។
អ្វី​ដែល​មេដឹកនាំ​ប្រទេស​ក្នុង​តំបន់​អឺរ៉ូ​ព្យាយាម​ដោះស្រាយ​នៅពេលនេះ គឺ​មិនមែន​ស្រោចស្រង់​លុយ​អឺរ៉ូ​ឲ្យ​ឡើង​ថ្លៃ​មកវិញ​ទេ ប៉ុន្តែ គឺ​ដើម្បី​​​ធ្វើ​ឲ្យ​លុយ​អឺរ៉ូ​មាន​ស្ថិរភាព​ឡើងវិញ ស្តារទំនុកចិត្ត​លើ​អឺរ៉ូ​ឡើងវិញ តាមរយៈ​កាត់បន្ថយ​​​​​​​​​ឱនភាព​ថវិកា​រដ្ឋ​ជាសមាជិក។

ក៏ប៉ុន្តែ បើ​មើលទៅ​ រហូត​ដល់​ពេលនេះ បណ្តា​រដ្ឋ​ជាសមាជិក​សហភាព​អឺរ៉ុប​នៅតែ​​មិនទាន់​រកឃើញ​វិធានការ​រួម​ណាមួយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​នៅឡើយ​ទេ៕

Source: RFI France http://www.khmer.rfi.fr/europe/euro-depreciation-good-or-bad-for-european-economy

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: