Home > International Relations > តំបន់ពាណិជ្ជសេរី​ជាឱកាសនិងជា​ការប្រឈម​របស់កម្ពុជា

តំបន់ពាណិជ្ជសេរី​ជាឱកាសនិងជា​ការប្រឈម​របស់កម្ពុជា


(last updated 15th May 2010)

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 15/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  15/03/2010 14:17 ម៉ោងសកល

បទ​វិភាគ​របស់ គី សុខលីម ពីទីក្រុង​ភ្នំពេញ

ខែ​មករា​ឆ្នាំ​២០១០​មកនេះ​ ប្រទេស​ចិន​និង​សមាជិក​អាស៊ាន​ចាស់​ ចំនួន​៦​បាន​ចាប់ផ្តើម​អនុវត្ត​កិច្ច​ព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​។​ តាមរយៈ​កិច្ចព្រមព្រៀង​នេះ​តួលេខ​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ បង្ហាញ​ថា​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​នៃ​តំបន់​ទាំង​ពីរ​បាន​កើន​ឡើង​គួរ​អោយ​ កត់​សម្គាល់​។​សម្រាប់​ប្រទេស​កម្ពុជា​និង​សមាជិក​អាស៊ាន​ថ្មី​៣​ទៀត​នឹង​ ចាប់​ផ្តើម​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំទៀត​។​​ សំនួរ​សួរថា​តើ​នៅ​ពេលនោះ​ប្រទេស​កម្ពុជា​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ដ៏​ទៃទៀត​បាន​ដែរ​ឬ​ទេ​?

តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ានចិន​ដោយ​មិន​យក​ពន្ធគយ​​បាន​ចូល​ ជាធរមាន​កាល​ពី​ថ្ងៃ​ទី១​មករា​ឆ្នាំ​២០១០​កន្លងមក​។

សម្រាប់​ជំហាន​ ដំបូង​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បានគេ​អនុវត្ត​តែ​ជាមួយ​ប្រទេស​អាស៊ាន​ចាស់ ​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ប៉ុណ្ណោះ​​ពោល​គឺ​ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី​ ប្រទេស​ថៃ​ប្រទេស​សិង្ហបុរី​ប្រទេស​ម៉ាឡេស៊ី​ ប្រទេស​ហ្វ៊ីលីពីន​និង​ប្រទេស​ប្រ៊ុយណេ

ចំណែកឯ​ប្រទេស​ អាស៊ាន​ថ្មី៤​ទៀត​ដែល​មាន​មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​នៅទន់​ខ្សោយ​នៅឡើយ​នោះ​ នឹង​ត្រូវ​អនុវត្ត​កិច្ចព្រមព្រៀង​តំបន់​ពាណិជកម្ម​សេរី​នៅឆ្នាំ​២០១៥​ ខាងមុខ​នេះ​។​រ យៈពេល​៥​ឆ្នាំ​ពោល​គឺ​ពីឆ្នាំ​២០១០​ដល់ឆ្នាំ​២០១៥​ខាងមុខ​នេះ​គឺ​ជា​ពេលវេលា ​សម្រាប់​ប្រទេស​កម្ពុជា​ប្រទេស​វៀតណាម​ប្រទេស​ឡាវ​និង​ប្រទេស​ភូមា​ដែល​ ត្រូវ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ដទៃ​ ទៀត​ក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី​ដោយ​មិន​បង់​ពន្ធគយ​។​ ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​គឺ​​ជា​ការ​បើក​ឧិកាស​អោយ​ទំនិញ​នៅ​ ក្នុង​ទីផ្សារ​នៃ​ប្រទេស​អាស៊ាន​និង​ទីផ្សារ​នៃ​ប្រទេស​ចិន​ប្រកួត​ប្រជែង​ ដោយ​សេរី​និង​ដោយ​ស្មើភាព​។

ស្ថានទូតចិន​ប្រចាំ​នៅ​ ក្នុង​ប្រទេស​កម្ពុជា​បាន​និយាយកាល​ពី​សប្តាហ៍​នេះ​មុន​ថា​កិច្ចព្រមព្រៀង​ តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​អាស៊ាន​ទទួល​បាន​ផ្លែផ្កា​គួរជា​ទីកត់​សម្គាល់​ ។​​តួលេខ​សរុប​របស់​ស្ថានទូត​នៃ​ប្រទេស​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ ថា​នៅ​ក្នុង​ខែ​មករា​ឆ្នាំ​២០១០​កន្លងមក​នេះ​​ការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាង​ ចិន​និង​អាស៊ាន​មាន​ទឹកប្រាក់​សរុប​​ជាង​២​ម៉ឺន​លាន​ដុល្លារ​អាមេរិក​ពោល​គឺ ​មាន​កំណើន​៨០​ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០០៩​ កន្លងមក​។​តួលេខ​បាន​បន្ត​បញ្ជាក់​ទៀត​ថា​​ប្រទេស​អាស៊ាន​នាំ​ចេញ​ទៅកាន់​ ទីផ្សារ​ចិន​មាន​ការ​កើនឡើង​ជាង​១០០​ភាគរយ​រីឯ​ប្រទេស​ចិន​នាំ​ចេញ​មក​ ទីផ្សារ​នៃ​ប្រទេស​អាស៊ាន​វិញ​មាន​កំណើន​តែ​ជាង​៥០​ភាគរយ​ប៉ុណ្ណោះ​។​ បើផ្អែក​លើ​តួលេខ​នេះ​គេពិត​ជាអាច​និយាយ​បាន​ថា​តំបន់​ពាណិជ្ជកម្ម​សេរី​ ទាំងពីរ​នេះ​បាន​និង​កំពុង​ផ្តល់​ផ្តល់​ប្រយោជន៍​ទៅវិញ​ទៅមក​។​ ប៉ុន្តែ​សំនួរ​ដែល​កំពុង​ចោទ​សួរឡើង​នៅពេល​នេះ​សម្រាប់​ប្រទេស​កម្ពុជា​ នៅត្រង់​ថា​តើ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៥​អាច​នឹង​ប្រកួត​ប្រជែង​ដោយ​ ស្មើភាព​គ្មាន​បង់ពន្ធគយ​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​និង​ជាមួយ​ប្រទេស ​ចិន​បាន​ដែរ​ឬ​ទេ​?

នេះ​ជាសំនួរ​ដែល​មតិ​ទូទៅ​ តែងតែ​ចោទ​សួរ​ឡើង​និង​សម្តែង​ការ​ព្រួយបារម្ភ​។​​អ្នក​សម្តែង​ក្តី​ ព្រួយបារម្ភ​បាន​លើក​ឡើង​ថា​នៅពេល​ដែល​​ប្រទេស​កម្ពុជា​ត្រូវ​ប្រកួត​ ស្មើភាព​ដោយ​មិន​បង់ពន្ធគយ​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​និង​ជាមួយ​ ប្រទេស​ចិន​នោះ​​ពេលនោះ​ប្រទេស​កម្ពុជា​ពិត​ជា​ក្លាយ​ទៅជា​អ្នករង​គ្រោះ​នៃ​ កិច្ចព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​នេះ​ហើយ​។​រងគ្រោះ​ពីព្រោះ​ថា​​ ប្រទេស​កម្ពុជា​មិន​មាន​ទំនិញ​ច្រើន​សម្រាប់​បម្រើ​ការ​នាំចេញ​និង​សម្រាប់​ ផ្គត់ផ្គង់​ក្នុង​ប្រទេសទេ​។​ផ្ទុយទៅវិញ​​ទីផ្សារ​កម្ពុជា​នៅ​ពេលនោះ​​អាច​ ក្លាយ​ទៅជា​ទីលាន​ប្រយុទ្ធ​នៃ​ទំនិញ​ប្រទេស​ដ៏ទៃ​ៗទៀត​។ ហើយ​ក្នុង​ករណី​ប្រទេស​កម្ពុជា​មាន​ទំនិញ​ខ្លះ​សម្រាប់​បម្រើ​ សេចក្តី​ត្រូវការ​ទីផ្សារ​ក្នុងស្រុក​និង​ទីផ្សារ​ក្រៅ​ប្រទេស​ក៏​ដោយ​ក្តី​ ក៏​​គេ​នៅតែ​មិនទាន់​មាន​ក្តី​សង្ឃឹម​ច្បាស់​ថា​ទំនិញ​ទាំងនោះ​អាច​នឹង​ ប្រកួត​ប្រជែង​ជាមួយ​ទំនិញ​បរទេស​បាន​ដែរ​។​មូលហេតុ​គឺ​ដោយសារ​គុណភាព​ទំនិញ ​ខ្មែរ​អាច​នៅ​មិនទាន់​ឆ្លើយតប​ទៅ​នឹង​ស្តង់ដារ​អន្តរជាតិ​នៅ​ឡើយ​ទេ​។

បើទោះបីជា ​មាន​មតិ​ព្រួយបារម្ភ​យ៉ាង​ក៏​ដោយ​ក៏​អ្នកជំនាញ​មួយ​ចំនួន​បាន​ពន្យល់​ថា​​ តំបន់​ពាណិជ្ជ​សេរី​អាច​ជា​ការ​ប្រឈម​មែន​​ប៉ុន្តែ​វា​ក៏​ជា​ឧិកាស​ផងដែរ​ សម្រាប់​ប្រទេស​កម្ពុជា​។​ លោក​កង​ចាន់តារារ័ត្ន​សេដ្ឋវិទូ​ឯករាជ​នៅ ​ក្នុង​ប្រទេស​កម្ពុជាធ្លាប់​បាន​បកស្រាយ​បញ្ជាក់​ថា​ប្រសិន​បើគេ​និយាយ​ ពីការ​ប្រកួត​ប្រជែង​រវាង​ផលិតផល​និង​ផលិតផល​នោះ​ប្រទេស​កម្ពុជា​ពិតជា​ មិនអាច​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ដទៃ​បាន​ទេ​។​​ប៉ុន្តែ​​ការ​បង្កើត​ តំបន់​ពាណិជ្ជកម្ម​សេរី​នេះ​អាច​ជា​ឧិកាស​សម្រាប់​កម្ពុជា​ក្នុង​ការ​ ទាក់ទាញ​អ្នកវិនិយោគបរទេស​អោយមក​បណ្តាក់​ទុន​នៅក្នុង​ប្រទេស​កម្ពុជា​។​ លោក ​កង​ចាន់​តារារ័ត្ន​បាន​បញ្ជាក់​ទៀត​ថា​កម្ពុជា​នៅមាន​សក្តានុពល​ធម្មជាតិ​ ច្រើន​ដូចជា​ដីកសិកម្ម​ធនធានរ៉ែ​ថាមពល​។​ល។

លោក​ចម​ប្រសិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​និយាយ​កាលពី​សប្តាហ៍មុន​នេះ​ថា​​ កម្ពុជា​នាពេលអនាគត​អាច​ក្លាយ​ទីផ្សារ​គួរ​ជាទី​ចាប់អារម្មណ៍​របស់​ អ្នកវិនិយោគ​បរទេស​ពីព្រោះ​​​តម្លៃកម្លាំង​ពលកម្ម​កម្ពុជា​នៅ​ថោក​ហើយ​ កម្ពុជា​មាន​ស្ថេរភាព​នយោបាយ​ល្អ​។

Source: RFI France http://www.rfi.fr/actukm/articles/123/article_4804.asp

កម្ពុជា​និង​​ប្រយោជន៍​ពី​ការ​ចូល​ជា​សមាជិក​ អាស៊ាន

ដោយ មុំ សុផុន
2010-05-10

មន្ត្រី​ជាន់ខ្ពស់​បាន​ថ្លែង​ថា ក្នុង​រយៈ​ពេល​១១​ឆ្នាំ​ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​នោះ កម្ពុជា​បាន​ទាញ​យក​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​សមាគម​មួយ​នេះ រួម​ទាំង​វិស័យ​ការទូត នយោបាយ សេដ្ឋកិច្ច និង​ទេសចរណ៍​ជាដើម។

ថ្ងៃ​ទី​៣០ ខែ​មេសា គឺ​ជា​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​សមាគម​សហ​ប្រជាជាតិ​អាស៊ី ​អាគ្នេយ៍ ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ASEAN (អាស៊ាន)។

ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​ទី​១០ នៃ​អាស៊ាន ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​១៩៩៩ នៅ​ឯ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ ក្នុង​រយៈ​ពេល ១១​ឆ្នាំ ដែល​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​សមាគម​សហ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ នេះ មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា កម្ពុជា​បាន​ទទួល​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​ការ​ចូល​ជា​សមាជិក​នេះ រួម​មាន​ កត្តា​នយោបាយ កត្តា​សន្តិសុខ ការ​បង្កើត​ធនធាន​មនុស្ស វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និង​ផល​ប្រយោជន៍​ជា​ច្រើន​ទៀត​ដែល​មិន​អាច​វាស់​ស្មាន​បាន​នោះ។

លោក​បណ្ឌិត កៅ គឹមហួន រដ្ឋលេខាធិការ​នៃ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល ១១​ឆ្នាំ ដែល​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​នេះ ប្រទេស​កម្ពុជា​បាន​ផ្សព្វផ្សាយ​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម និង​មាន​ការ​ទាក់ទាញ​លើ​វិស័យ​ទេសចរណ៍ ដែល​បាន​ធ្វើ​ឲ្យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​មាន​ការ​កើន​ឡើង បើ​ទោះ​បី​ជា​អន្តរជាតិ​កំពុង​តែ​មាន​វិបត្តិ​សេដ្ឋកិច្ច​ក៏​ដោយ។

លោក​បណ្ឌិត កៅ គឹមហួន បាន​ថ្លែង​ទៀត​ថា ប្រទេស​កម្ពុជា​ធ្លាប់​បាន​ធ្វើ​ជា​ប្រធាន​អាស៊ាន​ម្ដង​ហើយ​កាល​ពី​ឆ្នាំ​ ២០០៣ ហើយ​នឹង​ធ្វើ​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១២​ខាង​មុខ។ កម្ពុជា​បាន​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​ការ​រក​ជំនួយ​សម្រាប់​ប្រទេស និង​ផល​ប្រយោជន៍​នយោបាយ​ផ្សេង​ទៀត។

លោក​មាន​ប្រសាសន៍​ទៀត​ថា តាម​រយៈ​អាស៊ាន ប្រទេស​កម្ពុជា​បាន​ទាក់ទាញ​អ្នក​វិនិយោគ​យ៉ាង​ច្រើន​ឲ្យ​បែរ​មក​បណ្ដាក់​ ទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​អ្នក​វិនិយោគ​នៅ​ក្នុង​ប្រទេស​អាស៊ាន​ផង និង​ប្រទេស​ដែល​ជា​ដៃគូ​ចរចា​នោះ​ផង ព្រម​ទាំង​អ្នក​វិនិយោគ​អន្តរជាតិ​ផ្សេង​ៗ​ទៀត ក្នុង​នាម​ជា​តំបន់​អាស៊ាន ដោយ​សហគមន៍​អាស៊ាន​ទាំង​អស់​បាន​ជំរុញ​ឲ្យ​មាន​ទីផ្សារ​តែ​មួយ និង​កន្លែង​ផលិត​តែ​មួយ​នោះ។

រដ្ឋលេខាធិការ​នៃ​ក្រសួង​ការ​បរទេស លោក កៅ គឹមហួន មាន​ប្រសាសន៍​ទៀត​ថា កត្តា​នយោបាយ​វិញ​នោះ គឺ​ប្រទេស​កម្ពុជា​អាច​ទាក់ទង​ជាមួយ​ប្រទេស​មហា​អំណាច​មួយ​ចំនួន តាម​រយៈ​ក្របខ័ណ្ឌ​អាស៊ាន​នោះ ដូច​ជា​ជំនួប​កំពូល​ថ្នាក់​ដឹកនាំ​អាស៊ាន និង​សហរដ្ឋ​អាមេរិក ប្រទេស​ចិន សហគមន៍​អឺរ៉ុប ប្រទេស​រុស្ស៊ី ជា​ដើម​នោះ។

លោក​បាន​ថ្លែង​ទៀត​ថា ប្រទេស​កម្ពុជា​ក៏​បាន​ពង្រីក​ខ្លួន​លើ​វិស័យ​ការទូត​ផង​ដែរ តាមរយៈ​ប្រទេស​ជា​សមាជិក​អាស៊ាន តាមរយៈ​ដៃគូ​ចរចា បើ​ទោះ​បី​ជា​ប្រទេស​កម្ពុជា​មិន​មាន​ស្ថានទូត​របស់​ខ្លួន​នៅ​តាម​ប្រទេស​ មួយ​ចំនួន​ក៏​ដោយ។

លោក កៅ គឹមហួន បាន​បញ្ជាក់​ទៀត​ថា កម្ពុជា​បាន​ដើរ​តួនាទី​ស្នូល​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​នៅ​ ក្នុង​តំបន់ និង​អន្តរជាតិ និង​កាត់​បន្ថយ​គម្លាត​រវាង​សមាជិក​អាស៊ាន​ចាស់ និង​ថ្មី​ផង​ដែរ រួម​ទាំង​ចូល​រួម​ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន ដើម្បី​សម្រេច​ទិសដៅ​រួម​នៅ​ឆ្នាំ​២០១៥។ កម្ពុជា​ក៏​ជា​ប្រទេស​ដែល​មាន​តួនាទី​ស្នូល​ក្នុង​ការ​សម្របសម្រួល​រវាង​ អាស៊ាន និង​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដែរ និង​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ ដែល​មាន​កម្ពុជា ​ជា​ដើម។

កម្ពុជា​ក៏​ជំរុញ​ឲ្យ​មាន​ការ​នាំ​ផលិតផល​កសិកម្ម​របស់​ប្រជា​ពលរដ្ឋ ចេញ​ទៅ​លក់​នៅ​ទីផ្សារ​ក្នុង​តំបន់​នៃ​ប្រទេស​អាស៊ាន និង​ទៅ​បណ្ដា​ប្រទេស​នានា​ផ្សេង​ទៀត តាម​រយៈ​ទីផ្សារ​អាស៊ាន។

ប៉ុន្តែ​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​នេះ អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល ១១​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន​នេះ គឺ​បាន​រីកចម្រើន​តិច​តួច​ប៉ុណ្ណោះ ហើយ​មិន​ទាន់​ទាញ​យក​ផល​ចំណេញ​បាន​ច្រើន​នៅ​ឡើយ ហើយ​ចំណុច​ខ្លះ​ប្រទេស​កម្ពុជា​បាន​ដើរ​ថយក្រោយ​ទៅ​វិញ។ ការ​សហការ​គ្នា​ពី​សមាជិក​អាស៊ាន នៅ​មិន​ទាន់​ប្រកប​ដោយ​សុទ្ធចិត្ត​នៅ​ឡើយ ដោយ​ឃើញ​មាន​ប្រទេស​ជិតខាង​នៅ​មាន​មហិច្ឆតា​លើ​ប្រទេស​កម្ពុជា។

អ្នក​តំណាង​រាស្ត្រ យឹម សុវណ្ណ មាន​ប្រសាសន៍​ទៀត​ថា កម្ពុជា​បាន​ចាញ់​ប្រៀប​ប្រទេស​សមាជិក ជា​ពិសេស​ប្រទេស​ជិត​ខាង​ដូច​ជា ថៃ និង​វៀតណាម​ជា​ដើម លើ​ផ្នែក​ពាណិជ្ជកម្ម​នោះ ដោយសារ​តែ​ប្រទេស​កម្ពុជា​ត្រូវ​ចំណាយ​ថ្លៃ​ដើម​ច្រើន ដើម្បី​ដំណើរការ​សិប្បកម្ម ដូច​ជា​សាំង ភ្លើង​អគ្គិសនី មាន​តម្លៃ​ថ្លៃ និង​ការិយាធិបតេយ្យ រួម​ជាមួយ​ការ​នាំ​ចូល​ផ្ដាច់​មុខ​ដែល​ធ្វើ​ឲ្យ​មិន​មាន​ការ​ប្រកួត​ប្រជែង​ ឲ្យ​បាន​ស្មើភាព​គ្នា​នោះ។

បើ​ទោះ​បី​ជា​មន្ត្រី​បក្ស​ប្រឆាំង​បាន​លើក​ឡើង​ពី​អតុល្យភាព​លើ​ការ​ នាំចេញ​នាំចូល​ក៏​ដោយ​នោះ រដ្ឋលេខាធិការ​នៃ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ លោក កៅ គឹមហួន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​​ដែរ​ថា គោលដៅ​របស់​អាស៊ាន​គឺ​បង្កើន​ឲ្យ​មាន​ទំនាក់ទំនង​ខាង​ផ្នែក​គមនាគមន៍​រវាង​ ប្រទេស​ជា​សមាជិក​ទាំង​អស់ ទាំង​ផ្លូវ​អាកាស ផ្លូវ​គោក មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ និង​ផ្លូវ​ដែក​ជា​ដើម ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ចេញ​ចូល​នៅ​ ក្នុង​តំបន់​អាស៊ាន និង​ការ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរណ៍​នានា ព្រម​ទាំង​ជា​ការ​តភ្ជាប់​ផ្នែក​សេដ្ឋកិច្ច​នោះ​ផង​ដែរ ហើយ​ទិសដៅ​របស់​អាស៊ាន​នោះ គឺ​ពង្រឹង​ការ​ឯកភាព​ផ្ទៃក្នុង​ និង​កាត់បន្ថយ​គម្លាត​អ្នកមាន​និង​អ្នកក្រ​នៅ​ក្នុង​សមាជិក​អាស៊ាន រួម​ទាំង​បង្កើន​ការ​អភិវឌ្ឍ​ឲ្យ​បាន​ស្មើ​គ្នា។

អាស៊ាន​មាន​ប្រទេស​ចំនួន ១០ ជា​សមាជិក គឺ​មាន​ប្រទេស​ប្រ៊ុយណេ ប្រទេស​កម្ពុជា ប្រទេស​ឥណ្ឌូណេស៊ី ប្រទេស​លាវ ប្រទេស​ម៉ាឡេស៊ី ប្រទេស​ភូមា ប្រទេស​ហ្វីលីពីន ប្រទេស​សិង្ហបុរី ប្រទេស​ថៃ និង​ប្រទេស​វៀតណាម៕
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: