Home > Laws > នីតិវិធី​ក្នុង​ការសុំប័ណ្ណ​កាន់កាប់​ដីធ្លី

នីតិវិធី​ក្នុង​ការសុំប័ណ្ណ​កាន់កាប់​ដីធ្លី


ដោយ សេង  ឌីណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 11/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  11/03/2010 12:46 ម៉ោងសកល

ការកាន់កាប់​ដីធ្លី ដោយ​មិនមាន​ប័ណ្ណ​កាន់កាប់​ត្រឹមត្រូវ អាច​នឹង​បង្ក​ឲ្យ​មាន​វិវាទ បើទោះជា​ការកាន់កាប់​នោះ ជាការ​កាន់កាប់​ដោយ​ស្របច្បាប់​ក៏ដោយ។ ប័ណ្ណ​កាន់កាប់​ដីធ្លី គឺ​ជា​ឯកសារ​ច្បាប់​ដ៏សំខាន់ ដែល​ភស្តុតាង​ បញ្ជាក់អំពី​​កម្មសិទ្ធិ ឬ​ការ​កាន់កាប់​ ដោយ​ស្រប​ច្បាប់។ ក៏ប៉ុន្តែ សំណួរ​សួរថា ដើម្បី​ឲ្យ​មាន​តម្លៃ​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ តើ​ប័ណ្ណ​នេះ​ត្រូវ​ចេញ​ដោយ​អាជ្ញាធរ​ថ្នាក់ណា? ហើយ​ដើម្បី​បាន​ប័ណ្ណ​នេះ ​អ្នកសុំ​ត្រូវ​គោរព​តាមនីតិវិធី​អ្វី​ខ្លះ?

សូមចុចខាងក្រោម ដើម្បីស្តាប់៖

ដូច​ដែល​​លោក​-អ្នក​ស្តាប់ បាន​ជ្រាប​រួចមក​ហើយ នៅ​ក្នុង​កម្មវិធី​យល់ដឹង​អំពីច្បាប់ លើកមុន ថា ការ​កាន់កាប់​ដីធ្លី ឬ​ការកាន់កាប់​អចលនវត្ថុ​ជាទូទៅ អាច​មាន​ទ្រង់ទ្រាយ​ពីរ៖ ជា​ការកាន់កាប់​ក្នុង​ឋានៈ​ជា​ភោគី ឬការ​កាន់កាប់​ក្នុង​ឋានៈជា​ម្ចាស់ដី (ឬ​កម្មសិទ្ធិករ)។

អ្នកកាន់កាប់​​ដីធ្លី ទោះជា​ក្នុង​រូបភាពណាមួយ​ក៏ដោយ ជាម្ចាស់​កម្មសិទ្ធិក៏ដោយ គ្រាន់តែ​ជា​ភោគី​ក៏ដោយ សុទ្ធតែ​មាន​សិទ្ធិសុំ​ប័ណ្ណ​កាន់កាប់ ដើម្បី​ទុកជាភស្តុតាង​ផ្លូវច្បាប់ បញ្ជាក់​អំពី​សិទ្ធិរបស់ខ្លួន លើ​ដី​នេះ។

ដោយ ​ការកាន់កាប់ដីធ្លី អាចធ្វើ​ឡើង​ ក្នុង​រូបភាព​ពីរ ប័ណ្ណ​កាន់កាប់​ក៏​​មានពីរប្រភេទដែរ៖ គឺ​ប័ណ្ណ​ភោគៈ និង​ប័ណ្ណ​កម្មសិទ្ធិ។

ដើម្បី ​ទទួល​បាន​ប័ណ្ណ​​នេះ ម្ចាស់ដី​ត្រូវ​ដាក់​ពាក្យសុំ​ទៅ​ការិយាល័យភូមិបាល​ស្រុក/ខ័ណ្ឌ តាមរយៈ​មេឃុំ/ចៅសង្កាត់ ដែល​ដី​នោះ​តាំងនៅ។

នៅ​ក្នុង​ជំហាន​ដំបូង មេឃុំ/ចៅសង្កាត់ ត្រូវ​ធ្វើ​ការ​បញ្ជាក់​លើ​​​ចំណុចពីរ៖ ទី១ បញ្ជាក់​អំពី​អត្តសញ្ញាណ ស្ថានភាព និង​ប្រវត្តិ​ដី (កាលបរិច្ឆេទ​នៃ​ការ​ចូល​កាន់កាប់) និង​​ទី២ គឺ​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​ម្ចាស់ដី (ឈ្មោះ អត្រានុកូលដ្ឋាន ទីលំនៅ ជាដើម)។

នៅ​ក្នុង​ករណី ដែល​​ម្ចាស់ដី មាន​ទីលំនៅ នៅឃុំ/សង្កាត់​ផ្សេង ពី​ឃុំ​/សង្កាត់​ ដែល​ដី​តាំងនៅ ការ​បញ្ជាក់​ត្រូវ​ធ្វើ​ឡើង​ដោយ​ឃុំ​/សង្កាត់​​ពីរ៖ គឺ​ឃុំ/សង្កាត់​ ដែល​ដីតាំងនៅ ជាអ្នក​បញ្ជាក់​អំពី​អត្តសញ្ញាណ និង​ស្ថានភាពដី ចំណែក​ឃុំ/សង្កាត់​ ដែល​ជា​លំនៅ​របស់​ម្ចាស់ដី គឺ​ជា​អ្នក​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​ម្ចាស់ដី។

បន្ទាប់​ពី​បាន​ ទទួល​ការ​បញ្ជាក់​ពី​​ពី​មេឃុំ ឬ​ចៅសង្កាត់​រួចរាល់​ហើយ ដំណាក់​កាល​បន្ទាប់​មកទៀត គឺ​​សុំ​ទៅ​សាលា​​ស្រុក/ខ័ណ្ឌ ដែលដីតាំងនៅ ដើម្បី​​​​ចាត់ចែង​ឲ្យ​មន្រ្តី​សុរិយោដី​ស្រុក​ចុះ​​វាស់វែង​កំណត់​​ព្រំដី។ នៅ​ក្នុង​ការវាស់វែង​នេះ ម្ចាស់ដី គឺ​ជា​ចង្អុលបង្ហាញ​អំពី​ព្រំដី ចំណែក​មន្រ្តី​សុរិយោដី គ្រាន់តែ​ជា​អ្នក​វាស់​ប៉ុណ្ណោះ។ បន្ទាប់​ពី​បាន​វាស់​វែង​ហើយ​ មន្រ្តី​សុរិយោដី​ស្រុក​នឹង​រៀបចំ​គូស​ប្លង់​ក្បាលដី។

គួរ​បញ្ជាក់ថា នៅ​ក្នុង​ការ​កសាង​ប្លង់​សុរិយោដី​នេះ សាលា​ស្រុក​ត្រូវ​ធ្វើ​ការ​ផ្សព្វផ្សាយ​ជាសាធារណៈ ដើម្បី​ទុក​ឱកាស​ឲ្យ​បុគ្គល​ពាក់ព័ន្ធ​ធ្វើ​ការតវ៉ា។ នៅមុនពេលចុះវាស់វែង ក៏​មាន​ការ​ជូនដំណឹង​ជាសាធារណៈ (១៤ថ្ងៃ​មុន​ពេលចុះវាស់)។ នៅក្រោយ​​ពេល​គូសប្លង់​សុរិយោដី​រួចហើយ ក៏​មាន​ការ​ផ្សព្វផ្សាយ​ជាសាធារណៈ​ជាថ្មី​ម្តង់​ទៀត ​អំពី​ប្លង់​ដី និង​អត្តសញ្ញាណ​ម្ចាស់ដី។

៣០​ថ្ងៃ​ក្រោយ​ការ​ប្រកាស​ផ្សាយនេះ ប្រសិន​បើ​គ្មាន​ការ​តវ៉ា​ណាមួយ​ទេនោះ អាជ្ញាធរ​ស្រុក/ខ័ណ្ឌ នឹង​​បញ្ជូន​សំណុំរឿង​ទៅ​ឲ្យ​អាជ្ញាធរ​សុរិយោដី​ថ្នាក់ខេត្ត/ក្រុង ​ជា​អ្នកពិនិត្យ​សម្រេច​ជា​ចុងក្រោយ ក្នុង​ការ​ចេញ​ប័ណ្ណ​ជូន​ដល់​ម្ចាស់សាម៉ី ដែល​ជា​អ្នក​សុំ៕

Source: RFI France http://www.rfi.fr/actukm/articles/123/article_4767.asp

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: