Home > International Relations > តើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន​ផ្តល់​ផលចំណេញ​អ្វីខ្លះ?

តើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន​ផ្តល់​ផលចំណេញ​អ្វីខ្លះ?


ដោយ សេង  ឌីណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 08/01/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  08/01/2010 12:56 ម៉ោងសកល

កាល ​ពី​ថ្ងៃ​ទី១ មករា ២០១០ កន្លងទៅនេះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន និង​ចិន បាន​ចូល​ជាធរមាន ធ្វើ​ឲ្យ​អាស៊ាន-ចិន ក្លាយ​ជា​តំបន់​ពាណិជ្ជកម្ម​សេរី​ធំជាង​គេ​បង្អស់ នៅលើ​ពិភពលោក បើ​គិត​ពី​ចំនួន​ប្រជាជន។ តើ​កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់​ផលចំណេញ​អ្វី​ខ្លះ​​ដល់​ប្រទេស​អាស៊ាន?

ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន បាន​ចាប់​កំណើត​ឡើង កាល​ពី​​ឆ្នាំ​២០០២ នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា ដោយ​ភាគី​ទាំង​ពីរ​បាន​ចុះកិច្ចព្រមព្រៀង​ថា​នឹង​រៀបចំ​​កាត់បន្ថយ​ អត្រាពន្ធគយ​ឲ្យ​បាន​នៅ​ឆ្នាំ​២០១០។

ក្រោយ​ពី​ឆ្លងកាត់​ការ​ចរចា​ លម្អិត អស់រយៈពេល​ ៨ឆ្នាំ​ កិច្ចព្រមព្រៀង​នេះ ក៏​បាន​ចូល​ជាធរមាន នៅ​ថ្ងៃ​ទី១ មករា កន្លង​ទៅនេះ។ ទំនិញ​ប្រមាណ​ជា ៩០% ​អាច​នឹង​ត្រូវ​នាំ​ចេញ​ចូល​រវាង​ចិន និង​​អាស៊ាន​​ និង​រវាង​ប្រទេស​សមាជិក​អាស៊ាន ដោយ​មិនយក​ពន្ធគយ។ ទំនិញ​ផ្សេង​ទៀត​នឹង​ត្រូវ​បន្ត​ជាប់ពន្ធ ក៏ប៉ុន្តែ ក្នុង​អត្រាមួយ​ទាបបំផុត។

អាស៊ាន-ចិន៖ តំបន់​ពាណិជ្ជកម្មធំជាងគេបង្អស់​នៅលើពិភពលោក

នៅ ​ក្នុង​ជំហាន​ដំបូង​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ មាន​សុពលភាព​តែ​ទៅលើ​ប្រទេស​ស្ថាបនិកអាស៊ាន​ចំនួន ៦ ​ប៉ុណ្ណោះ គឺ​ឥណ្ឌូនេស៊ី ថៃ សិង្ហបុរី ម៉ាឡេស៊ី ហ្វ៊ីលីពីន និង​ប្រ៊ុយណេ។ ចំណែក​ប្រទេស​ ៤ ទៀត ដែល​ចូលជា​សមាជិក​អាស៊ាន​ក្រោយ​គេ គឺ​វៀតណាម កម្ពុជា ឡាវ និង​ភូមា នឹង​ត្រូវ​ចូល​ក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី​នេះ នៅ​ឆ្នាំ​២០១៥។

បើ​គិត​ជា​បរិមាណ​នៃ​ការ​ផ្តោះប្តូរ​ទំនិញ តំបន់​ពាណិជ្ជកម្ម​​សេរី​អាស៊ាន-ចិន គឺ​ជា​តំបន់​ពាណិជ្ជកម្ម​សេរី​​កម្រិត​ទី៣ នៅលើ​ពិភពលោក បន្ទាប់​ពី​សហភាព​អឺរ៉ុប និង​តំបន់​ពាណិជ្ជកម្ម​សេរី​នៅ​អាមេរិក​ខាង​ជើង (អាមេរិក កាណាដា និង​ម៉ិចស៊ិក)។ ក៏ប៉ុន្តែ បើ​គិត​ជា​ចំនួន​ប្រជាជន​វិញ តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន មាន​ទំហំ​ធំជាង​គេ​បង្អស់ ដោយ​មាន​ប្រជាជន​​សរុប​ដល់​ទៅ​​ជិត ១ពាន់ ៩រយ​​លាន​នាក់។

ចិន ​ធ្លាប់​ជា​ដៃ​គូ​ពាណិជ្ជកម្ម​​ដ៏​សំខាន់​របស់​អាស៊ាន តាំងពី​មុន​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីនេះ​ម៉្លេះ។ ហើយ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​អាស៊ាន និង​ចិន ចេះតែបន្ត​កើន​ឡើង​ជាលំដាប់​ ពី​មួយ​ឆ្នាំ ទៅមួយ​ឆ្នាំ។ កាល​ពី​ឆ្នាំ​២០០៨ ចិន​បាន​ឡើង​មក​ជំនួស​សហរដ្ឋ​អាមេរិក ជា​ដៃ​គូ​ពាណិជ្ជកម្ម​​​ទី៣ របស់​អាស៊ាន បន្ទាប់​ពីជប៉ុន និងសហភាព​អឺរ៉ុប។

ចិនជាទីផ្សារ​​ដ៏ធំ សម្រាប់​វត្ថុធាតុដើម​អាស៊ាន

គេ ​បាន​ព្យាករ​ទុក​ថា បី​ ទៅ បួន​ឆ្នាំ ក្រោយ​ពេល​ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចូល​ជាធរមាន ចិន​អាច​នឹង​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំបំផុត​របស់​អាស៊ាន គឺ​ធំជាង​ជប៉ុន និង​សហភាព​អឺរ៉ុប​ទៅទៀត។

បើ​មើល​ទៅ​លើ​សន្ទុះ​នៃ​ កំណើន​សេដ្ឋកិច្ច​របស់​ចិន សកម្មភាព​ផលិតកម្ម​របស់​ចិន​នឹង​មាន​ការ​កើន​ឡើង​ខ្លាំង។ តម្រូវការ​វត្ថុធាតុ​ដើម និង​ផលិតផល​​មិនទាន់​សម្រេច​ផ្សេងទៀត ក៏​នឹង​កើន​ឡើង​ខ្លាំង​ដែរ។ ​ប្រទេស​សមាជិក​អាស៊ាន គឺជា​ប្រទេស​សម្បូរ​ទៅ​ដោយ​វត្ថុធាតុដើម​  ដូចជា ប្រេង ឧស្ម័ន ឈើ កៅស៊ូ ប្រេងធម្មជាតិ និង​ផលិតផល​មិនទាន់​សម្រេច​ ដូចជា គ្រឿង​ផ្សំ​សម្រាប់​ដំឡើង​កុំព្យូទ័រ និង​​សម្រាប់​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​ទៀត ដែល​ចិន​ត្រូវការ។ ដូច្នេះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន ធ្វើ​ឲ្យ​​​​អាស៊ាន​រក​បាន​ទីផ្សារ​ដ៏ធំមួយ​ សម្រាប់​ធ្វើ​ការ​នាំ​ចេញ។

ក្នុង​វិស័យ​ខ្លះ ក្រុមហ៊ុន​អាស៊ាន​​​នឹង​ពិបាក​ប្រកួតជាមួយ​ចិន

ក៏ប៉ុន្តែ ទន្ទឹម​នឹង​ផលចំណេញ​នេះ អាស៊ាន​ក៏​នឹង​ត្រូវ​ត្រៀម​ខ្លួន​​ទប់ទល់​នឹង​ទំនិញ​របស់​ចិន​ផងដែរ។ គួរ​បញ្ជាក់ថា អាស៊ាន និង​ចិន សុទ្ធតែ​មាន​សេដ្ឋកិច្ច ដែល​ផ្តោត​លើ​ការនាំ​ចេញ​ដូចគ្នា។ ការលុបបំបាត់​​ពន្ធគយ មាន​ន័យថា ទំនិញ​នាំ​ពី​អាស៊ាន​ ទៅចិន ក៏​មិន​យក​ពន្ធ ឯទំនិញ​នាំ​ពីចិន ចូល​មក​អាស៊ាន​ ក៏​មិន​យកពន្ធ។ សម្រាប់​ទំនិញ និង​សេវា មួយ​ចំនួន ដែល​ចិន​មាន ហើយ​អាស៊ាន មិនមាន ឬ​ក៏​អាស៊ាន​មាន តែ​ចិន​មិនមាន ភាគី​ទាំងពីរ នឹង​ទទួល​បាន​ផលចំណេញ​ដូចគ្នា ពី​ការ​លុបបំបាត់​ពន្ធគយ​នេះ។

ក៏ប៉ុន្តែ មាន​​ទំនិញ និង​សេវា ផ្សេងទៀត ដែល​ភាគី​ទាំងពីរ ទាំងចិន និង​អាស៊ាន ​សុទ្ធតែ​​ត្រូវការ​​ទីផ្សារ នាំ​ចេញ​ដូចគ្នា។ ក្នុង​វិស័យនេះ ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​​អាស៊ាន នឹង​ត្រូវ​ប្រកួតប្រជែងគ្នា​ដោយ​ផ្ទាល់ ហើយ​រដ្ឋាភិបាល​លែង​អាច​បង្កើត​រនាំង​ពន្ធគយ ដើម្បី​ការពារ​ផលិតផល​ក្នុង​ស្រុក​របស់​ខ្លួន​​បាន​ទៀត​ហើយ។

ផលិតផល ​មួយ​ចំនួន ដូចជា សម្លៀកបំពាក់ ស្បែកជើង គ្រឿង​ដែក គ្រឿង​បន្លាស់​រថយន្ត ចំណីអាហារ និង​ភេស្ជៈ ជាដើម អាស៊ាន​ប្រាកដជាពិបាក​​ប្រកួតប្រជែង​ជាមួ​យ​ចិន​ខ្លាំងណាស់ ពីព្រោះ​ថា ផលិតផល​ទាំងនេះ ចិន​ផលិត​បាន​ថោក​ជាង​អាស៊ាន ដល់​ទៅ​ជិត​ពាក់​កណ្តាល​ឯណោះ។

ដោយ ​ហេតុនេះ​ហើយ​បាន​ជា​ឥណ្ឌូនេស៊ី និង​ហ្វ៊ីលីពីន បាន​ព្យាយាម​ចរចា ដើម្បី​រក្សា​ទុក​ពន្ធគយ​លើ​ទំនិញ​​​ខ្លះ ដោយ​ដឹង​ថា មិន​អាច​ប្រកួត​ប្រជែង​នឹង​ទំនិញ​ចិន​បាន។ ក៏ប៉ុន្តែ ការព្យាយាម​នេះ​ត្រូវ​បរាជ័យ ធ្វើ​ឲ្យ​ក្រុមហ៊ុន និង​រោកចក្រ​មួយ​ចំនួន ជាពិសេស នៅ​ឥណ្ឌូនេស៊ី សម្តែងក្តី​បារម្ភ ​ខ្លាច​មិន​អាច​ទប់ទល់​នឹង​ទំនិញ​ចិន​បាន ហើយ​ត្រូវ​បង្ខំ​ចិត្ត​បិទទ្វារ​រោងចក្រ។ ពលរដ្ឋ​ នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន ក៏​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការ​បាត់បង់ការងារ​ផងដែរ។

អ្នក​ដែលចេះឆក់​ឱកាស ​នឹង​រស់ ហើយ​រុងរឿង

ទោះជាយ៉ាងណា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​បាន​ចូល​ជាធរមាន​រួច​ទៅហើយ។ ថ្វីដ្បិត​តែ​ការលុបបំបាត់​ពន្ធគយ​​អាច​ជាគ្រោះថ្នាក់មួយ ក៏ប៉ុន្តែ វា​ក៏​ជា​ឱកាស​​ល្អមួយ​ដែរ ក្នុង​ការ​ធ្វើ​ជំនួញ។ ក្រុមហ៊ុន ក្នុង​ប្រទេស​​អាស៊ាន ត្រូវ​តែ​ចេះ​សម្របសម្រួល​ទៅ​តាម​កាលៈទេសៈ។ ត្រូវតែ​ស្គាល់​ពី​ចំណុចខ្សោយ​ និង​ចំណុច​ខ្លាំង​របស់​ខ្លួន ដើម្បី​ត្រៀម​ខ្លួន គេចចេញ​ពី​គ្រោះថ្នាក់ ហើយ​ចាប់​យក​ឱកាស​។

សម្រាប់ ​ប្រទេស​មួយ​ចំនួន រួម​មាន​កម្ពុជា​ផង ដែល​ត្រៀម​ចូល​ក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី នៅ​ក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ រដ្ឋាភិបាល​​គួរ​ចាប់​ផ្តើម អភិវឌ្ឍ​ធនធានមនុស្ស និង​កែលម្អ​បរិយាកាស​សម្រាប់​វិនិយោគ ដើម្បី​ត្រៀម​ខ្លួន​ទាក់ទាញ​វិនិយោគ​បរទេស ជាពិសេស ពីចិន ដែល​គេ​រំពឹង​ថា នឹង​​កើន​ឡើង​កាន់តែ​ខ្លាំង ក្រោយ​ពី​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចូល​ជាធរមាន។

ជាចុងក្រោយ ការ​លុបបំបាត់​ពន្ធគយ គឺ​ជា​ដំណឹង​ល្អមួយ សម្រាប់​អ្នក​ទិញ​ទំនិញ​​ប្រើប្រាស់ ពីព្រោះ​ថា ទំនិញ​នឹង​ចុះថ្លៃ ហើយ​ការប្រកួតប្រជែងគ្នា​រវាង​ក្រុមហ៊ុន​ក្នុង និង​ក្រៅស្រុក ក៏​អាច​នឹង​ធ្វើ​ឲ្យ​គុណភាព​ទំនិញ​មាន​ការប្រសើរ​ឡើង​ផងដែរ។ ប៉ុន្តែ នេះ​ក៏​អាស្រ័យ​ផងដែរ​ ​ទៅ​លើ​​សមត្ថភាព​របស់​អាជ្ញាធរ​ ក្នុង​ការ​​​ពិនិត្យ​​គុណភាព​ទំនិញ និង​​ធានា​​ឲ្យ​ការ​ប្រកួតប្រជែង ​អាចធ្វើ​ឡើង​ដោយ​សេរី និង​យុត្តិធម៌៕

Source: RFI France http://www.rfi.fr/actukm/articles/121/article_4182.asp

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: