Home > Laws > ក្រម​ព្រហ្មទណ្ឌ​ខ្មែរ៖ ប្រភេទ​នៃ​ទោស​ព្រហ្មទណ្ឌ និង​ការ​អនុវត្ត

ក្រម​ព្រហ្មទណ្ឌ​ខ្មែរ៖ ប្រភេទ​នៃ​ទោស​ព្រហ្មទណ្ឌ និង​ការ​អនុវត្ត


តាម​គោលការណ៍​នីត្យានុកូលភាព នៃ​បទល្មើស​ព្រហ្មទណ្ឌ អំពើ​ណាមួយ​ ដែល​អាច​​ជា​បទល្មើស លុះត្រា​តែ​អំពើ​នោះ​មាន​ចែងក្នុងច្បាប់​ជាធរមាន។ ទោស​ ដែល​អា​ចប្រកាស​បាន ក៏​ទាល់តែ​មាន​ចែងក្នុង​ច្បាប់​ដែរ។ ហេតុដូច្នេះ​ហើយ​បានជា នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​ខ្មែរ (២០០៩) សម្រាប់​រាល់បទល្មើស​ទាំងអស់ គឺ​តែងតែ​​មាន​ចែង​អំពី​និយមន័យ និង​ធាតុផ្សំ​នៃ​បទល្មើស និង​អំពី​ទោស ដែល​ត្រូវ​​អនុវត្ត​ចំពោះ​អំពើ​ល្មើស​នោះ។ ខាងក្រោមនេះ គឺ​ជាសំណួរ-ចម្លើយ ស្តីអំពី​ប្រភេទនៃ​ទោស និង​ការអនុវត្ត​ទោស​ នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​ខ្មែរ។

សំណួរ-​ តើ​ប្រភេទ​ទោស​​អ្វីខ្លះ ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​ខ្មែរ?

ចម្លើយ-បើ​យើង​និយាយ​ដោយ​សង្ខេប ទោស​ព្រហ្មទណ្ឌ ត្រូវ​បាន​បែងចែក​ជា​ពីរប្រភេទ​ធំៗ៖ មូលទោស និង​ទោស​បន្ថែម។

មូលទោស (មាត្រា ៤៣) គឺ​រួមមាន​ ទោស​ដាក់ពន្ធនាគារ និង​ទោស​ពិន័យ​ជាប្រាក់។
នៅ​ក្នុង​បទល្មើស​ខ្លះ ជាពិសេស បទឧក្រិដ្ឋ​ភាគច្រើន គឺ​មាន​តែ​ទោស​ដាក់ពន្ធនាគារ​ប៉ុណ្ណោះ ដោយ​មិនមាន​ទោស​ពិន័យ​ជាប្រាក់ទេ។ បទល្មើស​ខ្លះ​ទៀត ជាពិសេស បទលហុ​ភាគច្រើន គឺ​មានតែ​ទោស​ពិន័យ​ជាប្រាក់ ហើយ​មិនមាន​ទោស​ដាក់ពន្ធនាគារ​ទេ។ ចំណែក​បទល្មើស​ខ្លះទៀត ជាពិសេស គឺ​បទមជ្ឈិម គឺ​​មាន​​ទាំង​ទោស​ដាក់ពន្ធនាគារ និង​ទោស​ពិន័យ​ជាប្រាក់។

សំណួរ-​តើទោស​ពិន័យ​ជាប្រាក់ និង​សំណង​ជំងឺ​ចិត្ត​ខុសគ្នា​យ៉ាងដូចម្តេច?

ទោសពិន័យ​ជាប្រាក់ គឺ​ជា​ទោស​ព្រហ្មទណ្ឌ។ ដូច្នេះ ទាល់តែ​មានច្បាប់​ចែង​ថា បទល្មើស​ណា ដែល​ត្រូវ​ពិន័យ​ជាប្រាក់​ ទើប​ចៅក្រម​​អាច​ប្រកាស​ទោស​ពិន័យ​ជាប្រាក់​បាន។ ​ប្រាក់​ ដែល​ពិន័យ​ គឺ​ត្រូវ​​បង់​ទៅ​ឲ្យ​រដ្ឋ។

ចំណែក​សំណង​ជំងឺ​ចិត្តវិញ គឺ​ជា​ទោស​រដ្ឋប្បវេណី ហើយ​មិនចាំបាច់​​ត្រូវតែមាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​​ទេ។ ចៅក្រម​អាច​ប្រកាស​ទោស​សំណង​ជំងឺចិត្ត​បាន គឺ​ទាល់តែ​មាន​ការទាមទារ​ពី​ដើម​បណ្តឹងរដ្ឋប្បវេណី ហើយ​ទាល់តែ​​ដើមបណ្តឹង​រដ្ឋប្បវេណី​នេះ​​ពិត​ជា​បាន​ទទួល​រង​ព្យសនកម្ម (ការ​ខូតខាត) ​បង្ក​ឡើង​ដោយ​ទង្វើ​របស់​ជនល្មើស​មែន។ សំណង​ជំងឺ​ចិត្ត គឺ​ត្រូវ​បង់​ទៅ​ឲ្យ​​​ជនរងគ្រោះ ដែល​ជា​ដើមបណ្តឹង​រដ្ឋប្បវេណី ហើយ​ចំនួន​ទឹកប្រាក់ គឺ​ត្រូវ​សមាមាត្រ​ទៅនឹង​ព្យសនកម្ម។

ឧទាហរណ៍៖ក្នុងករណី បង្ករបួសស្នាម​ដោយ​ចេតនា (ក្នុង​ក្រមព្រហ្មទណ្ឌ​ថ្មី ត្រង់មាត្រា ២១៧ គេ​ឲ្យ​ឈ្មោះ​ថា “បទហិង្សា​ដោយចេតនា”) បើ​សិន​ជា​ចៅក្រម​រកឃើញ​ថា​មាន​ទោស​មែន ជនល្មើស​អាច​ត្រូវ​ទទួលទោស​ដាក់ពន្ធនាគារ ពី​១ឆ្នាំ ទៅ​៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី​២លាន​ ទៅ​៦លាន​រៀល។ ២លាន ទៅ​៦លាន​រៀលនេះ គឺ​ជា​ទោស​ព្រហ្មទណ្ឌ ដែល​ត្រូវ​បង់​ទៅ​ឲ្យ​រដ្ឋ។ ទោះបី​មាន ឬ​ក៏​គ្មាន​ដើមបណ្តឹង​រដ្ឋប្បវេណី ក៏​ជនល្មើស​ត្រូវតែ​បង់​ដែរ។

ក៏ប៉ុន្តែ ការបង្ករបួសស្នាម គឺ​​​បង្ក​​ទៅ​លើ​អ្នក​ដទៃ។ ដូច្នេះ តែងតែ​មាន​ជន​រងគ្រោះ។ បើ​សិន​ជា​ជនរងគ្រោះ​ទាមទារ​សំណង​ជំងឺ​ចិត្ត ចៅក្រម​អាច​សម្រេច​ឲ្យ​ជនល្មើស​បង់​សំណង​ជំងឺ​ចិត្ត​ទៅ​ជនរងគ្រោះ បន្ថែម​ពី​លើ​លុយ​ពិន័យ​ ដែល​ត្រូវ​បង់​ទៅ​ឲ្យ​រដ្ឋ។

សំណួរ-​នៅ​ក្នុង​បទល្មើស​ខ្លះ យើងឃើញ​មាន​ចែង​កំណត់​ទោស​ថា ត្រូវ​ដាក់​ពន្ធនាគារ​ពី​ប៉ុណ្ណេះឆ្នាំ ដល់​ប៉ុណ្ណោះ​ឆ្នាំ ឬ​ត្រូវ​ពិន័យ​ជាប្រាក់​ពី​ប៉ុណ្ណេះរៀល ទៅ​ប៉ុណ្ណោះ​រៀល។ តើ​នេះ​មាន​ន័យដូចម្តេច?

មានន័យថា ច្បាប់​កំណត់​តែ​​កម្រិត​​អប្បរមា និង​អតិបរមា​នៃ​ទោស​ប៉ុណ្ណោះ។ ចំណែក​ឯ​ការ​ប្រកាស​ទោស​ជាក់ស្តែង គឺ​ត្រូវ​ទុក​ឲ្យ​ចៅក្រម​ជា​អ្នក​សម្រេច ដោយ​យោង​ទៅ​លើ​ករណី​ជាក់ស្តែងនីមួយៗ ដែល​អាច​ខុសគ្នា អាស្រ័យ​ទៅតាម​បុគ្គលិកលក្ខណៈ​របស់​​ជនល្មើស​ និង​កាលៈទេសៈ​នៃ​ការប្រព្រឹត្ត​អំពើ​ល្មើស។ ក៏ប៉ុន្តែ ទោស ដែល​ប្រកាស​ដោយ​ចៅក្រម មិនអាច​ទាបជាង​កម្រិត​អប្បបរមា ឬ​ខ្ពស់ជាង​កម្រិត​អតិបរមា ដែល​កំណត់​ដោយ​ក្រម​ព្រហ្មទណ្ឌ​នោះទេ លើក​លែងតែ​ក្នុងករណី​ពិសេស ដែល​មាន​ស្ថានសម្រាលទោស ឬស្ថាន​ទម្ងន់ទោស ដែល​មាន​ចែង​ច្បាស់លាស់​ក្នុង​ក្រមព្រហ្មទណ្ឌ​នេះ​ស្រាប់។ ឧទាហរណ៍ ដូចជា ក្នុងករណី​ជនល្មើស​ជា​អនីតិជន ជាដើម ដែល​ច្បាប់​តម្រូវ​ឲ្យ​បន្ថយ​ទោស​ពាក់កណ្តាល។

សំណួរ-​ តើ​ទោស​បន្ថែម​​មាន​អ្វីខ្លះ? តើ​ក្នុងករណី​ណាខ្លះ ដែល​ចៅក្រម​អាច​ប្រកាស​ទោស​បន្ថែម​បាន?

ទោស​បន្ថែម​អាច​មាន​ច្រើន​ប្រភេទ ដែល​មាន​ចែង​ក្នុងមាត្រា ៥៣ នៃ​ក្រមព្រហ្មទណ្ឌ។ ​បទប្បញ្ញត្តិ​ដោយឡែក​​ផ្សេងទៀត ក៏​អាច​បង្កើត​ទោស​បន្ថែម​ផ្សេងៗ​ទៀត​បានដែរ។
និយាយ​ដោយ​ត្រួសៗ ទោស​បន្ថែម គឺ​អាច​ជា៖

  • ការដកសិទ្ធិពលរដ្ឋ​ខ្លះ ដូចជា ការ​ដកសិទ្ធិ​​បោះឆ្នោត, សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត, សិទ្ធិ​បំពេញ​ការងារ​ជា​មន្រ្តីរាជការ ជាដើម។
  • ការរឹបអូស​ឧបករណ៍ ដែល​ប្រើប្រាស់​ក្នុង​ការ​ប្រព្រឹត្តបទល្មើស ឬ​ការ​រឹបអូស​ទ្រព្យសម្បត្តិ ដែល​បាន​មក​ពី​ការប្រព្រឹត្ត​បទល្មើស។
  • ការហាមឃាត់​មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស​កម្ពុជា ឬ​​ការហាមឃាត់​មិន​ឲ្យ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា (បើ​ជនល្មើស​ជា​ជនបរទេស)។
  • ការ​ផ្សាយ​សេចក្តី​សម្រេច​ទោស នៅ​តាម​បណ្តាញ​សារព័ត៌មាន ។ល។

ទោស​បន្ថែម គឺ​ជាទោស ដែល​ចៅក្រម​អាច​ប្រកាស​ដាក់បន្ថែម​ពី​លើ​មូលទោស (ទោស​ដាក់ពន្ធនាគារ និង​ទោស​ពិន័យ​ជាប្រាក់)។ ចៅក្រម​អាច​ប្រកាស​ទោស​បន្ថែម​បាន លុះត្រា​តែ​ទោស​នោះ​ត្រូវ​បាន​ចែងច្បាស់លាស់​​ក្នុងច្បាប់ ចំពោះ​បទល្មើស ដែល​ត្រូវ​ចោទប្រកាន់។

ទោស​បន្ថែម ចៅក្រម​អាច​ប្រកាស​ក៏បាន មិនប្រកាស​ក៏បានដែរ លើក​លែង​តែ​ក្នុង​ករណី​ខ្លះ ដែល​ច្បាប់​ចែងច្បាស់លាស់​ថា ត្រូវ​តែ​ប្រកាស​ទោស​បន្ថែម ទើប​ចៅក្រម​មានកាតព្វកិច្ច​ត្រូវ​តែ​ប្រកាស​ទោស​បន្ថែម។

សំណួរ-​ក្នុងករណីខ្លះ តុលាការ​សម្រេច​​​ព្យួរទោស។ តើ​​ការព្យួរទោស​​មាន​ន័យ​ដូចម្តេច?

ការព្យួរទោស (​មាត្រា ១០៤ ដល់ ១៣៥) មានន័យថា ជនល្មើស គឺ​ពិត​ជា​មាន​ពិរុទ្ធភាព ហើយ​ចៅក្រម​បាន​ប្រកាស​ផ្តន្ទាទោស ក៏ប៉ុន្តែ ទោស​នេះ​​មិនត្រូវ​យក​ទៅ​អនុវត្ត​ទេ។

ឧទាហរណ៍៖ ក្នុងករណី​បទហិង្សា​ដោយចេតនា​ ចៅក្រម​​ប្រកាស​ថា ជនល្មើស​ពិត​ជា​មានទោស ហើយ​ត្រូវ​​ផ្តន្ទាទោស​ដាក់ពន្ធនាគារ រយៈពេល ១ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២លាន​រៀល។ ប្រសិន​បើ​ចៅក្រម​សម្រេច​ព្យួរទោស​នេះ មានន័យថា ពិរុទ្ធជន​មិន​ត្រូវ​ជាប់ពន្ធនាគារ​ទេ គឺ​អាច​មាន​សេរីភាព​ធម្មតា។ លុយពិន័យ​ក៏​​អាច​ត្រូវ​ព្យួរ​ដោយ​មិន​បាច់​បង់ដែរ។ ក៏ប៉ុន្តែ ការព្យួរទោស គឺ​មាន​សុពលភាព​តែទៅលើ​ទោស​ព្រហ្មទណ្ឌ​ប៉ុណ្ណោះ។ បើសិន​ជា​ត្រូវ​មាន​សំណងជំងឺចិត្ត ដែល​ត្រូវ​បង់​ទៅ​ឲ្យ​ជនរងគ្រោះ ជនល្មើស​ត្រូវ​តែ​បង់​ ទោះបី​ជា​ត្រូវ​ព្យួរទោស​ក៏ដោយ។

ក្នុងពេល​ព្យួរទោស បើ​សិន​ជា​ទណ្ឌិត​មាន​ប្រព្រឹត្ត​បទល្មើស​អ្វីណាមួយផ្សេងទៀត ការព្យួរទោស​នឹង​ត្រូវ​បញ្ចប់ ហើយ​ទោស​នឹង​ត្រូវ​ចាប់អនុវត្ត​ទាំងស្រុង។ ម្យ៉ាងទៀត ទោស​ដែល​ត្រូវ​ព្យួរ ក្នុង​បទល្មើស​មុន មិនត្រូវ​យក​មកលាយឡំ​គ្នា​ ជាមួយ​ទោស​បទល្មើស​ក្រោយនេះទេ ព្រោះ​​​ជា​បទល្មើស​ពីរដាច់ពីគ្នា ដូច្នេះ ជា​ទោស​ពីរ​ដាច់ពីគ្នា។ ទោស​បទល្មើស​មុន ចៅក្រម​សម្រេច​រួចហើយ គ្រាន់តែ​មិនទាន់​អនុវត្ត ដូច្នេះ ត្រូវ​យក​មកអនុវត្ត។ ចំណែក​បទល្មើស​ក្រោយ គឺ​អាច​មាន​ទោស​ផ្សេង ទៅតាម​ការ​សម្រេច​របស់ចៅក្រម។

ការព្យួរទោស​អាច​ជា​​ការព្យួរទោស​ទាំងអស់ ឬ​ក៏​ព្យួរ​មួយផ្នែក។ ឧទាហរណ៍ ត្រូវ​ជាប់ពន្ធនាគារ ១​ឆ្នាំ ប៉ុន្តែ ព្យួរ ៩ខែ ហើយ​ ៣ខែ​ទៀត​ត្រូវ​អនុវត្ត​ធម្មតា។

អាច​ជា​ការព្យួរទោស​ធម្មតា ឬ​ក៏​ជាការ​ព្យួរទោស​សាកល្បង។ បើជាការព្យួរទោស​ធម្មតា ពិរុទ្ធជន គឺ​អាច​រស់នៅ​ក្រៅឃុំ ដោយ​មាន​សេរីភាព​ធម្មតា។ បើ​សិន​ជា​ការ​ព្យួទោស​សាកល្បង ជនល្មើស​អាច​ស្ថិត​នៅ​ក្រៅ​ពន្ធនាគារ​ដែរ ប៉ុន្តែ ត្រូវ​ស្ថិត​ក្រោម​វិធានការ​ត្រួតពិនិត្យ និង​ត្រូវ​គោរព​នូវ​កាតព្វកិច្ច​ដោយឡែក​ណាមួយ ទៅ​តាម​ការកំណត់​របស់​ចៅក្រម នៅ​ក្នុង​រយៈពេល​សាកល្បង ដូចជា៖

  • ត្រូវ​មកបង្ហាញ​ខ្លួន នៅពេល​ដែល​មាន​ដីកាកោះ​របស់​ព្រះរាជអាជ្ញា
  • ត្រូវ​ជូនដំណឹង​អំពី​ការ​ផ្លាស់ប្តូរ​អាសយដ្ឋាន ឬ​ផ្លាស់ប្តូរ​មុខរបរ
  • ត្រូវ​សុំ​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញាជាមុន មុននឹង​ធ្វើ​ដំណើរ​ចេញ​ទៅ​បរទេស ។ល។ (មាត្រា ១១៩ និង​មាត្រា ១២០ នៃក្រមព្រហ្មទណ្ឌ)

ម្យ៉ាងទៀត កាតព្វកិច្ច គឺ​អាច​ជាកិច្ច​ ដែល​ជនល្មើស​ត្រូវ​តែ​ធ្វើ ឬ​អាច​ជា​បម្រាម ដែល​ជនល្មើស​មិនត្រូវ​បំពាន។

សំណួរ-​តើ​ក្នុងករណីណាខ្លះ ដែល​ចៅក្រម​អាច​ប្រកាស​ព្យួរទោស​បាន?

ការព្យួរទោស​ធម្មតា​ អាច​ប្រកាស​ទៅបាន គឺ​ត្រូវ​គោរព​ទៅតាម​លក្ខខណ្ឌពីរ៖

លក្ខខណ្ឌ​​ទាក់ទង​នឹង​ជនល្មើស (មាត្រា ១០៦)
ចៅក្រម​អាច​ប្រកាស​ព្យួរទោស​បាន លុះត្រា​តែ ក្នុងរយៈពេល ៥ឆ្នាំ​មុន​អំពើ​ល្មើសនេះ ជនល្មើស​មិន​ធ្លាប់​មាន​ការផ្តន្ទាទោស​ពីបទល្មើស​ណាមួយ​ផ្សេងទៀត។
ឧបមាថា កាល​ពី ៤ឆ្នាំមុន ជនល្មើស​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​អ្វី​មួយ ហើយ​ត្រូវ​បាន​តុលាការ​កាត់ទោស​ជាស្ថាពរ​រួចហើយ ស្រាប់តែ ៤ឆ្នាំក្រោយ ប្រព្រឹត្ត​បទល្មើស​ណាមួយ​ទៀត។ សម្រាប់​បទល្មើស​លើកក្រោយ​នេះ ចៅក្រម​មិន​អាច​ប្រកាស​ព្យួរទោស​បានទេ។

លក្ខខណ្ឌ​ទាក់ទង​នឹង​ប្រភេទ​ទោស (មាត្រា ១០៧)
​ចៅក្រម​អាច​ប្រកាស​ព្យួរទោស​បាន លុះត្រា​តែ​ទោស​ជាប់ពន្ធនាគារ​​​មាន​រយៈពេល​មិនលើស​ពី ៥ឆ្នាំ៕

Source: RFI Khmer http://www.khmer.rfi.fr/about-punishment-in-cambodia-criminal-law

About these ads
Categories: Laws Tags: ,
  1. សោ​ប៊ុនរ៉ាត់
    15/02/2011 at 9:45 pm

    ខ្ញុំបាទ​ឈ្មោះ​សោ ប៊ុនរ៉ាត់​ជានិស្សិតផ្នកច្បាប់ ។​ដូច្នេះក្រោយពីខញុំបាទបានអាននូវច្បាប់ខាងលើមក​ខ្ញុំមានចម្ងល់ត្រង់ចំនុចទោស បើតាមខ្ញុំបានក្រមព្រហ្មទណ្ឌ២០១០​មកទោសចែកជាបី ប៉ុន្តែក្រមរបស់លោក មានពីរ ចូរពន្យល់?

  2. Ly Linden
    01/12/2011 at 7:22 pm

    ១)តិព្រហ្មមានប្រភពមកពីណា?២)ចដែលហៅថានីតិព្រទណ្ឌចំរុះ?តើនីតិព្រហ្មទណ្ឌសិ្ថតនៅក្នុងនីតិណាមួយ?ព្រោះអី្វ?

  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

%d bloggers like this: